ភ្នំពេញ៖ ​ក្រោយ​​ពី​ការ​ផ្អាក​សកម្មភាព​ប្រកួត​ដោយ​បញ្ហា​ជំងឺ​កូវីដ ​១៩​ មួយ​រយៈ​ធំ​រួច​មក​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នៅ​ថ្ងៃ​សៅរ៍​នេះ​ នឹង​បើក​ការ​ប្រកួត​ប្រដាល់​ឡើង​វិញ ជាមួយ​នឹង​អ្នក​ឧបត្ថម្ភ​ថ្មី Cellcard ​ហើយ​ព្រឹត្តិការណ៍​ប្រកួត​បាន​ប្តូរ​ឈ្មោះ​មក​ជា​ការ​ប្រកួត​​កំពូល​ជើងឯក ​TV5​ Boxing ​Knock Out ​Serie ​Cellcard ​Champion​ ដែល​​ប្រជុំ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូ​ក្រាម​។

អ្នក​ប្រដាល់​ទាំង ​១៦ ​នាក់ ដែល​សម្រេច​បញ្ជូន​មក​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ថ្មី​នេះ​ គឺ​សុទ្ធ​តែ​បាន​សម្រិត​សម្រាំង​ចេញ​ពី​ក្លិប​ចំនួន ​១៦ ​ផ្សេង​គ្នា ​ហើយ​រូបមន្ត ​គឺ​ការ​​ប្រកួត​ចាញ់​ធ្លាក់ៗ ដោយ​មាន ​៣ ដំណាក់​កាល​ពី​​វគ្គ​ជម្រុះ ​១៦ នាក់ ទៅ​វគ្គ​ជម្រុះ ​៨ នាក់ រួច​ចូល​​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឈាន​ដល់​​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ម្តង។

លោក​ សេង​ កដិកា​ អ្នក​គ្រប់គ្រង​កម្មវិធី​បាន​​​ប្រាប់​​ថា​ ៖​«ការ​ប្រកួត​នេះ ​យើង​សម្រេច​ជ្រើស​យក​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម​ ដែល​កីឡាករ​ភាគ​ច្រើន​ វ័យ​ក្មេង​មាន​ភាព​រហ័ស​រហួន​ ព្រោះ​ប្រភេទ​ទម្ងន់​នេះ​ វ៉ៃ​គ្នា​អស់​ពី​លទ្ធភាព​ ហើយ​ជា​ប្រភេទ​ទម្ងន់​ ដែល​មហាជន​ចង់​ទស្សនា​ខ្លាំង​បំផុត​។ ចំណែក​ពេល​វេលា​ប្រកួត ​នឹង​ចាប់​ផ្តើម​នៅ​រាល់​ថ្ងៃ​សៅរ៍ ​ម៉ោង ​៦ ​ល្ងាច​តទៅ​ ពី​ថ្ងៃ ​២៩ ​ខែ​សីហា​ នឹង​គ្រោង​បញ្ចប់​វគ្គ​ផ្តាច់​ព្រ័ត្រ​ នៅ​​ថ្ងៃ​សៅរ៍​ទី ​១៩ ​ខែ​ ធ្នូ ​ឆ្នាំ ​២០២០​​ ហើយ​​ជាមួយ​នឹង​កីឡាករ​មាន​សមត្ថភាព​នេះ​ ប៉ុស្តិ៍​លេខ ​៥​ បាន​រចនា​សង្វៀន​ថ្មី ​ទំនើប​ស្តង់ដា​អន្តរជាតិ សម្រាប់​ការ​ប្រកួត​នេះ»​។

ចំណែក​លោក​ អូ​ ឡាឡា​ អ្នក​សម្របសម្រួល​កម្មវិធី​ប្រដាល់​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​បាន​ឲ្យ​ដឹង​ថា​ ​សមាសភាព​អ្នក​ប្រដាល់​ដែល​ត្រៀម​រួច​រាល់​មាន​ ១៦ ​នាក់ ​មក​ពី ​១៦ ​ក្លិប ​គឺ​មាន​កីឡាករ ​ធន់ ​អៀងឡៃ ​មក​ពី​សមាគម​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ, ​សេក​ សារ៉ាន់​ ​ក្លិប​អង្គរ​ជ័យ​សៀមរាប​, យិប​ ឌុក​ ក្លិប​រស្មី​ភូមិ​គាប​ ខេត្ត​បន្ទាយមានជ័យ​, នូវ​ សុខទី ​​ក្លិប​រាជសីហ៍​ ខេត្ត​រតនគីរី​​, រិន​ ដាវីដ ​ក្លិប​នាគ​រាជ​ចតុមុខ​, រឿន​ សុខលី​ ​ក្លិប​ព្រែក​ឯង​កីឡា​, ពេជ្រ​ ប៊ុនសិដ្ឋ ​​ក្លិប​ចលនា​យុវជន ​១៥៧​,​ ភួន ​ឡាំកូស៊ីន​ ​ក្លិប​សៅយ៉ាន់​នាគា​បន្ទាយមានជ័យ​​, ឬទ្ធិ ​សាស្រ្តាវុធ​ ក្លិប​​គុហារ​ព្រហ្ម​ជ័យ ​ខេត្ត​សៀមរាប​​, បាង​ កានុន​ ​ក្លិប​អាណា​ចក្រ​គុន​ខ្មែរ​, លីន​ សេង​ហុង​ ​ក្លិប​បុរី​រាជសី​មាន​រិទ្ធី​, ឡុង​ ខេត្ត​ ក្លិប​ខ្លារខិន​មានរិទ្ធ, សាន់​ សំអូន​ ​ក្លិប​អរុណ​រះ​កីឡា​, ផាន​ ផាន់ណាត់ ​​ក្លិប​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​​, សូដា​ សុវណ្ណម៉ាយ ក្លិប​​គោព្រៃ​ និង ​រ៉ា ​រយ៉ា​ ​ក្លិប​អេភូ​ថង​កីឡា​​។

យោង​តាម​សមត្ថភាព​របស់​កីឡាករ​ទាំង ​១៦ ​រូប​នេះ គឺ​កីឡាករ​ឆ្នើមៗ ដែល​កំពុង​មាន​ការ​​លេច​ធ្លោ​ ដោយ​ប្រកួត​មាន​ការ​​ទាក់ទាញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​ មាន​ដូច​ជា​ ធន់ ​អៀង​ឡៃ​កីឡាករ​ជម្រើស​ជាតិ​ យិប​ ឌុក​, ពេជ្រ​ ប៊ុនសិដ្ឋ​, ​ភួន ​ឡាំកូស៊ីន​ និង​ជម្រើស​ជាតិ​ រិន ​ដេវីដ ​ដែល​គេ​អាច​ទស្សន៍ទាយ​មុន​ថា ​អាច​ឆ្លង​ផុត​វគ្គ​​ជម្រុះ​ជុំ​ទី​១ ​បាន​។​

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​បើក​​សង្វៀន​​ថ្មី ​នា​រសៀល​ថ្ងៃ​សៅរ៍​នេះ ​គឺ ​​ធន់ ​អៀងឡៃ​ ត្រូវ​ប៉ះ​ សេក​ សារ៉ាន់​ ​ហើយ ​យិប ​ឌុក​ ប្រកួត​ជាមួយ​ នូវ​ សុខ​ទី ​ដើម្បី​ប្រជែង​យក ​៣ ​ពិន្ទុ​ដូច​គ្នា​។​ លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក ​ធន់ ​អៀង​ឡៃ​ មាន​ទំនុក​ចិត្ត​ខ្ពស់​ថា ​អៀងឡៃ​ នឹង​ឈ្នះ​ សេក​ សារ៉ាន់​ មិន​ខាន​។ ​លោក​បញ្ជាក់​ថា៖ ​«​តាមរយៈ​ហ្វឹកហាត់ ​និង​សមត្ថភាព​របស់ ធន់ អៀងឡៃ ខ្ញុំ​​មិន​បារម្ភ​ពី​រឿង​ចាញ់​នោះ​ទេ​»។

ស្រដៀង​គ្នា​នេះ ​លោក ​ហេង ​ប៊ុន​ឃីម ​គ្រូ​បង្វឹក​ ​យិប ​ឌុក ប្រាប់​ថា​៖ «ខ្ញុំ​​សង្ឃឹម​លើ​ យិប ​ឌុក​ និង​ឈ្នះ​ នូវ​ សុខទី ​ក្នុង​ភាគរយ​ខ្ពស់ ព្រោះ ​យិប ​ឌុក​ ជា​កីឡាករ​ល្អ ​ជាប់​ជម្រើស​ជាតិ ​២ ឆ្នាំ ​ហើយ​ឥឡូវ​កំពុង​ហាត់​នៅ​ភ្នំពេញ​ជា​ក្រុម​ជម្រើស​ជាតិ​ស្រាប់ ​គឺ​ខ្ញុំ​មិន​បាន​បង្វឹក​ផ្ទាល់​ដៃ​ទេ​មួយ​រយៈនេះ​»៕​​