ភ្នំពេញ៖ ​បើ​និយាយ​ពី​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ ដែល​ប្រកួត​ផ្សាយ​ផ្ទាល់​វិញ​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ ​ជា​ស្ថាបនិក​មុន​ដំបូង​ដែល​មាន​ការ​ប្រកួត​ផ្សាយផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​មុន​គេ​បង្អស់​នៅ​​កម្ពុជា ​គឺ​តាំង​ពី​ឆ្នាំ ​១៩៩៦​ ប៉ុន្តែ​​​មក​ដល់​បច្ចុប្បន្ន​មាន​ទូរទស្សន៍​ជា​ច្រើន​យក​កម្មវិធី​ប្រកួត​នេះ ​ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​ហើយ​យ៉ាង​ហោច​មាន​ប្រកួត​ជា​អចិន្រៃ្តយ៍​ និង​ទៀងទាត់​ចំនួន ​៦ ​ស្ថានីយ​ដែរ ដោយ​​ស្រូប​ទាញ​អ្នក​ប្រដាល់​​ក្នុង​ស្រុក​មក​ប្រកួត​បាន​ប្រហែល ​១៥០ ​នាក់ ​ក្នុង ​១ ​សប្តាហ៍ៗ។​

សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ ​៥ ​ទោះ​បី​មាន​កម្ម​វិធី​ប្រ​កួត​តែ ​១ ​ពេល​ ក្នុង ​១ ​សប្តាហ៍​ ប៉ុន្តែ​ប្រជាប្រិយភាព ​និង​កេរ្តិ៍​ឈ្មោះ​នៅ​តែ​រក្សា​បាន​លំ​នឹង​ល្អ​ ដោយ​មិន​ទាន់​បិទ​ទាំង​ស្រុង​ដូច​សង្វៀន​ប៉ុស្តិ៍​លេខ ​៣ ​និង​ប៉ុស្តិ៍​អប្សរា ​និង​សង្វៀន​​អាស៊ី​អាគ្នេយ៍​នោះ​ឡើយ​។ ​កាល​ពី​សប្តាហ៍​មុន​ និង​សប្តាហ៍​នេះ​ សង្វៀន​ប៉ុស្តិ៍​លេខ ​៥​ បាន​សម្រាក​ ដោយ​គ្មាន​ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​អ្នក​ចាំ​ទស្សនា​ឆ្ងល់​ថា​ តើ​សង្វៀន​នេះ​ បិទ​លែង​បន្ត​ការ​ប្រកួត​ទៀត ​ឬ​យ៉ាង​ណា​?​

លោក​ អ៊ូ ឡាឡា​ អ្នក​សម្របសម្រួល ​និង​ជា​អ្នក​អត្ថាធិប្បាយ​ប្រដាល់​បាន​ប្រាប់​ថា​ សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​ពិត​ជា​បាន​សម្រាក​ជា​បណ្តោះ​អាសន្ន​ក្នុង​រយៈពេល​ខ្លី ​ដើម្បី​រៀបចំ​ទីតាំង​បរិវេណ​សង្វៀន​​ប្រកួត​ឲ្យ​បាន​ល្អ​ ​ព្រោះ​យើង​បាន​ចប់​រដូវកាល​ចាស់​នឹង​​ចូល​ដល់​រដូវកាល​មួយ​ទៀត​ មាន​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម ​​និង​​ទុក​ពេល​រៀបចំ​សមាសភាព​កីឡាករ ​រដូវកាល​ថ្មី​ មិន​ទាន់​បាន​គ្រប់​ចំនួន ​អ៊ីចឹង​​សម្រាក​ក្នុង​ប្រហែល ​២ ​ឬ ​៣ ​សប្តាហ៍​ប៉ុណ្ណោះ​។

លោក​ ឡាឡា បាន​បន្ត​ថា៖ ​«ការ​វិល​មក​ប្រកួត​ឡើង​វិញ​ យើង​នឹង​រៀប​ចំការ​​ប្រកួត​ក្នុង​លក្ខណៈ​ថ្មី​រូបមន្ត​ប្រកួត​ថ្មី​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ពាន​ ដោយ​ក្នុង ​១ ​សប្តាហ៍ ​យើង​អាច​ប្រកួត​ជម្រុះ​ត្រឹម ​១ ​គូ ​ហើយ​ក្រៅ​ពី​នេះ​ យើង​ដាក់​គូ​ប្រកួត​ដែល​ខ្លាំង​ ល្អ ​ល្បី ​និង​ ជក់​ចិត្ត​»។​

ចំណែក​លោក ​សេង​ កដិកា​ អ្នក​គ្រប់គ្រង​បច្ចេកទេស​ប្រដាល់​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​បាន​ប្រាប់​ថា​៖ ​«សង្វៀន​យើង​មិន​បិទ​ការ​ប្រកួត​ប្រដាល់​ទេ​ ​គឺ​សម្រាក​មួយ​រយៈ​ខ្លី ​ដើម្បី​ជួសជុល​ទីលាន​សង្វៀន​ប្រកួត​ឲ្យ​មាន​លក្ខណៈ​ទំនើប​ តាម​ការ​ចង់​បាន​របស់​ភាគី​ស្ពនស័រ និង​កំពុង​រៀបចំ​ផ្គូផ្គង​កីឡាករ ​ដែល​ល្អ​ៗ ​ខ្លាំង ​ដើម្បី​រៀប​ឲ្យ​មាន​ភាព​ទាក់ទាញ​ក្នុង​រដូវកាល​ថ្មី​នេះ»​។​​

លោក​បាន​បញ្ជាក់​​ថា៖​ ​«​យើង​បាន​ត្រៀម​ការ​ប្រកួត​រដូវ​កាល​ថ្មី​ តាម​រូបមន្ត​ប្រកួត ​knock​out ​ដូច​មុន​ ប៉ុន្តែ​យើង​មាន​ការ​ផ្លាស់​ប្តូរ​បច្ចេកទេស​នៃ​ការ​ប្រកួត ​ដោយ​ជ្រើសរើស​យក​សុទ្ធ​តែ​អ្នក​ខ្លាំងៗ​ ឬ​ជា​ជើងឯក​កន្លង​មក ​ចំនួន​តែ​ ១៦ ​នាក់​ទេ ក្នុង​​ប្រភេទ​ទម្ងន់ ​៥៤​ ឬ​ ៥៧ ​គ.ក្រ​ ឲ្យ​ប្រកួត​យក​ពាន​ជើងឯក​។ ​ចំណែក​​ពេល​វេលា​នែ​ការ​ចាប់​ផ្តើម​ គឺ​រង់ចាំ​ការ​រៀបចំ​ស្ទូឌីយោ​ភ្លើង​រេញ​ប្រដាល់ ​តាម​តម្រូវ​ការ​ឡើង​វិញ ​និង​តាម​ស្ពនស័រ​​ផង​ដែរ​ ហើយ​រួច​រាល់​ពេល​ណា​ ខ្ញុំ​នឹង​ជម្រាប​ជូន​»​។​

ទោះ​ជា​យ៉ាង​ណា​ លោក​ សេង​ កដិកា​ មិន​បាន​​បញ្ជាក់​ថា​ នឹង​សម្រាក​ការ​ប្រកួត​ប៉ុន្មាន​សប្តាហ៍​នោះ​ទេ។ ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​សហព័ន្ធ​បាន​​ប្រាប់​ដោយ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ ​«សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​អាច​នឹង​សម្រាក​យូរ​គួរសម​ ​ព្រោះ​សមាសភាព​អ្នក​ប្រដាល់​នៅ​មិន​ទាន់​រៀប​រយ ​ត្រៀម​បាន​រួច​នៅ​ឡើយ ​ហេតុ​នេះ​មិន​អាច​លឿន​ពេក​ទេ ​គឺ​យូរ​ជាង​អ្វី​ដែល​គាត់​បាន​ប្រាប់»​៕​​​