ភ្នំពេញ៖ ​សមាគម​រាជសីហ៍​​ដែល​បាន​បង្កើត​ឡើង​តាំង​ឆ្នាំ ​២០១៨​ ហើយ​ប្រមូល​ផ្តុំ​ដោយ​យុវជន សម្រាប់​​ហ្វឹកហាត់​ និង​លេង​កីឡា​ ព្រម​ទាំង​ជួយ​បញ្ហា​សង្គម​ផង​នោះ ​បាន​ធ្វើ​ពិធី​ជួប​ជុំ​គ្នា​ជា​ថ្មី​ឡើង​វិញ ​នៅ​ទីស្នាក់ការ​ថ្មី​ផ្លូវ​លេខ ​២ ​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ ​ដើម្បី​ត្រៀម​ការ​ហ្វឹកហាត់ ​និង​​ការ​ប្រកួត​ក្នុង​ករណី​ក្រសួង​សុខភិបាល​ និង​ក្រសួង​អប់រំ យុវជន ​និង​កីឡា​ អនុញ្ញាត​។

ជាមួយ​នឹង​ការ​ជួប​ជុំ​សំណេះសំណាល​សួរ​សុខ​ទុក្ខ ​និង​អាហារ​សាមគ្គី​ក្នុង​ពិធី​បើក​ស្នាក់ការ​ថ្មី​នោះ សមាគម​រាជសីហ៍ ​ដែល​មាន​ក្រុម​កីឡា​បាល់​ទាត់​ ​អាយុ​ក្រោម ១៤ ឆ្នាំ (U14) ក្រោម ​១៨ ឆ្នាំ និង​ក្រុម​វ័យ​ចាស់​ ព្រម​ទាំង​មាន​ប្រភេទ​កីឡា​វ៉ូវីណាម​ផង​នោះ​ បាន​ត្រៀម​ផែនការ​ជា​បណ្តើរៗ ​ក្រោយ​ខកខាន​ជួប​គ្នា​ច្រើន​ខែ ​ដោយសារ​កូវីដ ​១៩ ​។​

លោក​ ស៊ូម​ សារឿន​ ប្រធាន​សមាគម​រាជសីហ៍​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា ​បាន​ផ្តល់​សម្ភាស​ថា​៖ ​«សមាគម​រាជសីហ៍​របស់​យើង ​បាន​បង្កើត​តាំង​ពី​ថ្ងៃ​ទី ​៩ ​ខែ ​កញ្ញា​ ឆ្នាំ ​២០១៨​ ហើយ​ក្រៅ​ពី​​មាន​ក្រុម​បាល់​ទាត់ ​គឺ​ខ្ញុំ​បាន​ដាក់​​បញ្ចូល​កីឡា​វ៉ូវីណាម ​១ ​ទៀត ហើយ​ពេល​វេលា​ទៅ​មុខ ​​បើសិន​​មាន​ប្រភេទ​កីឡា​ណា​ ដែល​មាន​សក្តានុពល ​ឬ​សកម្មភាព​ល្អ យើង​នឹង​​ដាក់​ចូល​ក្នុង​សមាគម​ គឺ​យើង​បន្ត​ការ​គាំទ្រ ​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ និង​យុវជន»​។​

លោក​​បាន​បន្ត​​ថា​៖ «​ថ្ងៃ​នេះ​ បើ​និយាយ​ពី​គោល​បំណង ​នៃ​សមាគម​រាជសីហ៍​នេះ ​គឺ​ផ្តោត​ទៅ​លើ​សកម្មភាព​ជួយ​ផ្នែក​កីឡា ​និង​ការ​ជួយ​សង្គម​តាមរយៈ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ស្រឡាញ់​សុខភាព ​និង​កីឡា ​ពី​ការ​ហ្វឹកហាត់​ លេង​ធម្មតា​ រហូត​ដល់​កម្រិត​បច្ចេកទេស​ខ្ពស់​ផង​ដែរ​។ ​បន្ថែម​លើស​ពី​នេះ​ សមាគម​ជួយ​យុវជន​ដែល​មាន​ជីវភាព​លំបាក​ក្រី​ក្រ ដោយ​​ផ្តល់​ឱកាស​ឲ្យ​បាន​​លេង​កីឡា​ និង​ជំរុញ​​សកម្មភាព​ជា​មនុស្សធម៌​ ដែល​យើង​ស្វែង​រក​ថវិកា​ទ្រទ្រង់​តាមរយៈ​វិស័យ​ឯកជន​ពី​សប្បុរស​ជន ​ឬ​មិត្ត​ភក្តិ ​ដែល​ស្រឡាញ់​រាប់​អាន»​។​

លោក​បាន​រៀបរាប់​ទៀត​ថា គិត​ក្នុង​រយៈពេល ​២ ​ឆ្នាំ​របស់​សមាគម ​យើង​បង្កើត​បាន​សាខា​នៅ​ខេត្ត​ចំនួន ​៤ ​ទៀត​ គឺ​ខេត្ត​កែប​ ​សៀមរាប ​​រតនគិរី​ និង​ខេត្ត​ព្រះ​សីហនុ​ ហើយ​ការ​ប្រកួត​ និង​ធ្វើ​សកម្មភាព​កន្លង​មក យើង​មាន​ទំនាក់​ទំនង​ជាមួយ​សាខា​តាម​ខេត្ត ​តំណាង​យុវជន​របស់​ខេត្ត​ហើយ​យើង​ជួយ​គ្នា​បាន​ល្អ ​គឺ​លើក​លែង​តែ​អំឡុង​ពេល​ជំងឺ​​កូវីដ ​១៩ ​​ប៉ុណ្ណោះ​ ដែល​យើង​បាន​​ផ្អាក​សកម្មភាព​។

ទោះ​យ៉ាង​ណា លោក​​ថា៖ ​«នៅ​ថ្ងៃ​នេះ ​ខ្ញុំ​ជម្រាប​ជូន​ថា ​យើង​​នឹង​​ត្រៀម​ខ្លួន​ធ្វើ​សកម្មភាព​ នៅ​ពេល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ឬ​ក្រសួង​សុខាភិបាល​ ហើយ​ក្រៅ​ពី​សកម្មភាព​កីឡា ​យើង​មាន​កម្មវិធី​មនុស្ស​ធម៌​មួយ​ចំនួន​ដែរ ​សម្រាប់​ជន​​ក្រីក្រ ​ដើម្បី​ឲ្យ​យុវជន​ទទួល​បាន​ភាព​ប្រសើរ​ជាង​មុន»​។​

នៅ​ពេលសួរ​ថា​ តើ​ការ​ធ្វើ​សកម្មភាព​របស់​សមាគម​រាជសីហ៍ ​ទទួល​បាន​មូលនិធិពី​ណា​ខ្លះ​?​ លោក​ ស៊ូម​ សារឿន​ បញ្ជាក់​ថា ​​ផ្នែក​សកម្មភាព​បាល់​ទាត់ ​គឺ​ជា​ថវិកា​បាន​មក​ពី​សប្បុរសជន​ មិត្តភក្តិ ​ជា​វិស័យ​ឯកជន ​ប៉ុន្តែ​សម្រាប់​កីឡា​វ៉ូវីណាម​វិញ ​គឺ​គាំទ្រ​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ទៅ​តាម​គោលការណ៍​ ប៉ុន្តែ​យើង​ស្វែង​រក​ជួយ​បន្ថែម​បាន​មួយ​ចំនួន ​ដើម្បី​លើក​ទឹក​ចិត្ត​អត្តពលិក​ និង​មន្ត្រី​របស់​សហព័ន្ធ​យើង​ផង​ដែរ​។​

តាម​ទស្សនៈ​ និង​ផែន​ការ​យុទ្ធសាស្ត្រ​របស់​កីឡា​វ៉ូវីណាម​ លោក​ ស៊ូម​ សារឿន​ បញ្ជាក់​ថា​៖ «ចំពោះ​កីឡាវ៉ូ​វីណាម​ គឺ​​ការ​ប្រ​កួត​ស៊ីហ្គេម​ នៅ​វៀតណាម ​ឆ្នាំ ​២០២១ ​ខាង​មុខ ​យើង​កំពុង​ប្រឹង​ដណ្តើម​យក​មេដាយ​មាស​យ៉ាង​ហោច​ណាស់​ក៏​បាន​​ត្រឹម ​៩​ ​ឬ​ប្រហាក់​ប្រហែល​ ទើប​យើង​អាច​ឈរ​ក្នុង​លំដាប់​លេខ ​២ ​ឬ​លេខ ​៣ ​បាន​ ​ព្រោះ​វៀតណាម​ដែល​ជា​ម្ចាស់​ដើម​នៃ​ក្បាច់​គុន ​គឺ​យើង​ទទួល​ស្គាល់​ថា​ ល្អ​ជាង​យើង​ ហើយ​មីយ៉ាន់ម៉ា​អាច​នឹង​ប្រទាញប្រទង់​ជាមួយ​យើង»៕