The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សម្តី​គ្រូ​បង្វឹក​អ៊ីរ៉ង់ ហាក់​គំរាម​​ក្រុម​កម្ពុជា មុន​ជួប​គ្នា​ថ្ងៃ​នេះ

សម្តី​គ្រូ​បង្វឹក​អ៊ីរ៉ង់ ហាក់​គំរាម​​ក្រុម​កម្ពុជា មុន​ជួប​គ្នា​ថ្ងៃ​នេះ

Content image - Phnom Penh Post
លោក Felix បាន​ឈរមើល​ការ​ហ្វឹក​ហាត់​របស់កូនក្រុម នៅ​ក្រុង Tehran ដើម្បី​ត្រៀម​ជួប អីុរ៉ង់ ថ្ងៃ​នេះ។ FFC

សម្តី​គ្រូ​បង្វឹក​អ៊ីរ៉ង់ ហាក់​គំរាម​​ក្រុម​កម្ពុជា មុន​ជួប​គ្នា​ថ្ងៃ​នេះ

ភ្នំពេញ៖ ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក លោក ​Marc Wilmots ដែល​ទើប​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ នោះ បាន​អះអាង​ថា លោក «ស្អប់​​ការ​បរាជ័យ» ហើយ​ពាក្យ​សម្តី​នេះ ​វា​ប្រៀប​ដូច​ជា​ការ​គំរាម​កំហែង​បែប​ចិត្ត​សាស្រ្ត​មួយ មក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ព្រោះ​ក្រុម​ទាំង ​២ ​នេះ នឹង​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី ​២ ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក (FIFA World Cup Qatar 2022) នៅ​កីឡដ្ឋាន Azadi Stadium ​ក្រុង Tehran ប្រទេស ​អ៊ីរ៉ង់ នា​យប់​ម៉ោង ​៨:៣០ (ម៉ោង​នៅ​ប្រទេស កម្ពុជា) ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក Marc Wilmots ដែល​បាន​ដឹកនាំ​ក្រុម​អ៊ីរ៉ង់ ឲ្យ​​ឈ្នះ​ក្រុម​​ស៊ីរី ​៥-០ ​ស្មើ​ក្រុម​កូរ៉េ​ខាង​ត្បូង ១-១ ​និង​ឈ្នះ​ក្រុម​ហុងកុង ២-០ នោះ បាន​​​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា លោក​ត្រូវ​ដឹកនាំ​​ក្រុម​​អ៊ីរ៉ង់​ឲ្យ​បាន​​ល្អ​បំផុត ហើយ​​អ្វី​ដែល​លោក​ស្អប់ ​និង​មិន​ដែល​មាន​ក្នុង​ចិត្ត ​គឺ​ការ​បរាជ័យ​។ លោក Macr ដែល​បាន​ចុះ​​កុងត្រា​ដឹកនាំ​ក្រុម​អ៊ីរ៉ង់​ រហូត​ដល់​ World Cup 2022 ​ជាមួយ​ប្រាក់​​​តម្លៃ​ខ្លួន ​១,៥ ​លាន​ដុល្លារ ​ក្នុង ​១ ​ឆ្នាំ​នោះ បាន​បញ្ជាក់​ថា៖​«គ្រប់​ការ​​ប្រកួត​ខ្ញុំ​​តែងតែ​ចង់​​ឈ្នះ​ជា​និច្ច ​និង​ត្រូវ​លេង​ប្រយុទ្ធ​ដល់​ចប់​ការ​ប្រកួត»។

ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​លោក Marc វា​បាន​បន្ថែម​នូវ​បន្ទុក​មួយ​ទៀត ទៅ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ការ​ទប់ទល់​ជាមួយ​ក្រុម​អ៊ីរ៉ង់ ព្រោះ​អ៊ីរ៉ង់​មិន​ត្រឹម​តែ​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​​លេខ ​១ ​ប្រចាំ​នៅ​ទ្វីប​អាស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក្រុម​នេះ​សម្បូរ​ដោយ​កីឡាករ​មាន​គុណភាព​ក្នុង​ការ​លេង ហើយ​ឆន្ទៈ និង​​ទម្រង់​លេង​របស់​អ៊ីរ៉ង់ គឺ​លេង​ប្រយុទ្ធ​ខ្លាំង ​ដើម្បី​រក​គ្រាប់​បាល់។

មូលហេតុ​សំខាន់​មួយ​ទៀត ដែល​លោក Marc ត្រូវ​ដឹកនាំ​ក្រុម​អ៊ីរ៉ង់ យក​ឈ្នះ​ក្រុម​កម្ពុជា​ឲ្យ​បាន ព្រោះ​ជំនួប​នៅ​យប់​នេះ វា​ជា​ពេល​ដែល​វិស័យ​បាល់​ទាត់​នៅ​អ៊ីរ៉ង់ ត្រូវ​បាន FIFA អនុញ្ញាត​ឲ្យ​ស្រ្តី​ចូល​រួម​ទស្សនាការ​ប្រកួត​បាល់​ទាត់​ដោយ​ផ្ទាល់​វិញ បន្ទាប់​ពី​ប្រទេស​មួយ​នេះ ​បាន​ជាប់​ទណ្ឌកម្ម​ និង​មាន​អ្នក​ទស្សនា​សុទ្ធ​តែ​ជា​បុរស​អស់រយៈ​ពេល​ប្រមាណ​ ​​៤០ ​ឆ្នាំ​កន្លង​មក​នេះ។

ការ​ទទួល​បាន​សេរីភាព​ឡើង​វិញ ក្នុង​ការ​ឲ្យ​ស្រ្តី​បាន​​ចូលរួម​មើល​បាល់​ទាត់​ដោយ​ផ្ទាល់​នេះ បាន​ធ្វើ​ឲ្យ​ការ​លក់​សំបុត្រ​​ប្រភេទ​ទី ​១ នា​ជំនួប​រវាង​​ក្រុម​អ៊ីរ៉ង់ និង​ក្រុម​កម្ពុជា លើក​​នេះ គឺ​ប្រើ​ពេល​លក់​ត្រឹម ​១ ម៉ោង​ប៉ុណ្ណោះ ហើយ​ការ​សម្រុក​ទៅ​ទិញ​សំបុត្រ​យ៉ាង​ប្រញាប់​ប្រញាល់​នេះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ពហុកីឡដ្ឋាន Azadi Stadium ដែល​ផ្ទុក​មនុស្ស​បាន ​១០ ម៉ឺន​នាក់ នឹង​ណែន​តាន់តាប់​ទៅ​ដោយ​ហ្វូង​មនុស្ស​ជា​មិន​ខាន។

ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី ៣ ៥០០ ​នាក់ ដែល​បាន​ទិញ​សំបុត្រ​ទស្សនា​ការ​ប្រកួត​រួច​ហើយ​នោះ បាន​ប្រាប់ AFP ​ថា៖ ​«ខ្ញុំ​ស្ទើរ​តែ​មិន​ចង់​ជឿ ចំពោះ​ការ​ផ្តល់​ឱកាស​ដ៏​រីករាយ​នេះ​ឡើង​វិញ ព្រោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ពួក​យើង​ជា​ស្រ្តី​​បាន​ត្រឹម​មើល​ការ​ប្រកួត​បាល់​ទាត់​តាម​ទូរទស្សន៍ ប៉ុន្តែ​លើក​នេះ ខ្ញុំ​បាន​មើល​ការ​ប្រកួត​បាល់​ទាត់​ដោយ​ផ្ទាល់​ហើយ»។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក Felix Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា មិន​បាន​បង្ហាញ​ភាព​តក់​ស្លុត​ចំពោះ​ស្ថានការ ដែល​ក្រុម​កម្ពុជា នឹង​ជួប​ប្រទះ សម្រាប់​ការ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​អ៊ីរ៉ង់​នោះ​ទេ។ លោក​​បាន​និយាយ មុន​ដឹកនាំ​ក្រុម​ទៅ​អ៊ីរ៉ង់​ថា៖​ «អ៊ីរ៉ង់ ​មិនមែន​ត្រឹម​តែ​មាន​កីឡាករ​ល្អ​លេង​នៅ Champion League នោះ​ទេ គឺ​គេ​មាន​កីឡាករ​ល្អៗ​ជាច្រើន​ ប៉ុន្តែ​ពួក​យើង​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដែល​បាន​លេង និង​ប្រកួត​ជាមួយ​ក្រុម​ដ៏​អស្ចារ្យ​មួយ​នេះ»​។

លោក Felix បាន​បន្ថែម​ថា៖ ​«ខ្ញុំ​គិត​ថា ក្រុម​យើង​ នឹង​អាច​ធ្វើ​ឲ្យ​ការ​ប្រកួត​មួយ​នេះ ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​ពួក​យើង គឺ​ដោយ​ផ្អែក​លើ​ការ​រៀបចំ​ទស្សនទាន​បាល់​ទាត់​​របស់​ពួក​យើង និង​សមត្ថភាព​របស់​កីឡាករ​យើង​»​៕

អត្ថបទគួរចាប់អារម្មណ៍