ភ្នំពេញៈ អតីតកីឡាករជម្រើសជាតិវាយកូនបាល់ អន សម្បត្តិ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការហ្វឹកហាត់កីឡាសូហ្វតិន្នីស ព្រោះរូបគេចង់សម្រេចគោលបំណងធំគឺការប្រជែងរកមេដាយឲ្យបានក្នុងការប្រកួតស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ ២០១៩ នេះ ដើម្បីបង្ហាញទៅកាន់មហាជន ពិសេសក្រសួងអប់រំ យុវជន និងកីឡាបានដឹងនិងទទួលស្គាល់ថាក្រុមសូហ្វតិន្នីស ពិតជាមានសមត្ថភាពក្នុងការដណ្តើមយកកិត្តិយសជូនជាតិ។
វាមិនមែនជារឿងថ្មីនោះទេដែល អន សម្បត្តិ បានចូលរួមការប្រកួតស៊ីហ្គេម ប៉ុន្តែការចូលរួមកន្លងមកគឺគេប្រកួតក្នុងនាមជាកីឡាករជម្រើសជាតិវាយកូនបាល់ ហើយរូបគេក៏ធ្លាប់បានឈ្នះមេដាយសំរឹទ្ធ លើការប្រកួតវិញ្ញាសាជាក្រុម នាស៊ីហ្គេមឆ្នាំ ២០១១ នៅឥណ្ឌូនេស៊ីរួមទាំងការឈ្នះមេដាយសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិផ្សេងៗទៀត។
យ៉ាងណាក៏ដោយសម្រាប់ការបោះបង់ចោលកីឡាវាយកូនបាល់មកចាប់អាជីពជាកីឡាករជម្រើសជាតិសូហ្វតិន្នីសនេះកំលោះវ័យ ២៩ ឆ្នាំ អន សម្បត្តិ មិនធ្លាប់បានចូលរួមប្រកួតស៊ីហ្គេមនោះទេ ព្រោះសូហ្វតិន្នីសទើបតែត្រូវបានសម្រេចដាក់ឲ្យចូលស៊ីហ្គេមនៅឆ្នាំ ២០១៩ នេះទេ។
«កាលនៅកីឡាវាយកូនបាល់ ខ្ញុំក៏ជាកីឡាករល្អម្នាក់ផងដែរ ដោយខ្ញុំធ្លាប់បានឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេមរួមទាំងការឈ្នះមេដាយផ្សេងៗទៀតសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ តាំងពីខ្ញុំនៅជាក្រុមយុវជន ព្រោះខ្ញុំបានចូលរួមលេងកីឡាវាយកូនបាល់តាំងពីខ្ញុំអាយុ ១៦ ឆ្នាំ»។
កីឡាករ អន សម្បត្តិ បានបន្ថែមថា៖ «ចំណែកការមកចូលរួមលេងកីឡា សូហ្វតិន្នីសតាំងពីឆ្នាំ ២០១៦ មកដល់ពេលនេះខ្ញុំធ្លាប់បានឈ្នះមេដាយប្រាក់២ ក្នុងការប្រកួតជើងឯកអាស៊ីនៅជប៉ុន និងឈ្នះបានមេដាយមាស ២ ក្នុងការប្រកួតជើងឯកអាស៊ាននៅថៃរួមជាមួយការឈ្នះបានមេដាយសម្រាប់ការចេញទៅប្រកួតនៅព្រឹត្តិការណ៍មួយចំនួនទៀត ប៉ុន្តែដោយសារកីឡាសូហ្វតិន្នីសទើបដាក់ឲ្យមានប្រកួតនៅស៊ីហ្គេមអ៊ីចឹងគោលបំណងធំរបស់ខ្ញុំគឺការប្រជែងរកមេដាយនៅស៊ីហ្គេមលើកនេះ»។
ជាមួយនឹងការត្រៀមខ្លួនបង្ហាញសមត្ថភាពនៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ ២០១៩ នៅហ្វីលីពីនជាលើកដំបូងនេះសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា គ្រោងនឹងបញ្ចូនអត្តពលិកមួយក្រុមឲ្យចេញទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសជប៉ុនជាថ្មីម្តងទៀតហើយក្នុងនោះក៏មាន អន សម្បត្តិ ផងដែរ។
ការចេញទៅហ្វឹកហាត់នេះគឺលោក ជា ប៊ុនហេង ដែលជាអនុប្រធានទី ១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាចង់បង្កើនសមត្ថភាពកីឡាកររបស់ខ្លួន ដើម្បីប្រជែងយកមេដាយនៅស៊ីហ្គេមឆ្នាំនេះឲ្យបាន ដើម្បីឲ្យខាងក្រសួងអប់រំ យុវជន និងកីឡាបានភ្លឺភ្នែក ព្រោះលោកបានបង្ហាញការមិនពេញចិត្ត នៅពេលក្រសួងអប់រំបានវាយតម្លៃ និងដាក់សូហ្វតិន្នីសក្នុងប្រភេទកីឡាកំពុងអភិវឌ្ឍន៍ និងជំរុញទៅរកមេដាយ ខណៈក្រុមសូហ្វតិន្នីសរបស់លោក ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅលើឆាកអន្តរជាតិឡើងចង់រាប់ភ្លេចទៅហើយនោះ។
កីឡាករមានដើមកំណើតនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ អន សម្បត្តិ បានបញ្ជាក់ថា៖ «គោលដៅចម្បងរបស់ខ្ញុំនៅក្នុងស៊ីហ្គេមខាងមុខនេះគឺការលេងវិញ្ញាសាក្រុម និងវាយគូដោយខ្ញុំចង់ចាប់ដៃគូជាមួយកីឡាករ កាន់ សោភ័ណ្ឌ ដែលគាត់ល្អខាងវាយគូ អ៊ីចឹងការចេញទៅហ្វឹកហាត់នៅជប៉ុន លើកនេះយើងនឹងប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង»។
នៅពេលសួរបញ្ជាក់ពីទំនុកចិត្តក្នុងការប្រជែងរកមេដាយនៅស៊ីហ្គេមលើកនេះ អន សម្បត្តិ បានឆ្លើយតបថា៖ «យើងសង្ឃឹមថាការប្រកួតជាក្រុម យើងអាចនឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ តែដោយសារតែប្រទេសគេជាអ្នកធ្វើជាម្ចាស់ផ្ទះ អ៊ីចឹងយើងសង្ឃឹមបានត្រឹមមេដាយសំរឹទ្ធសិនបានហើយ ប៉ុន្តែពួកខ្ញុំទាំងអស់គ្នាទាំងថ្នាក់ដឹកនាំ និងកីឡាករ កីឡាការិនី គឺបានប្តេជ្ញាចិត្តរកឲ្យបានមេដាយ សម្រាប់ការប្រកួតស៊ីហ្គេមលើកនេះតែម្តង ដើម្បីឲ្យខាងក្រសួងអប់រំ ទទួលស្គាល់យើងថាជាក្រុមកីឡាដែលមានសក្តានុពល»។
សម្បត្តិ ថា ខាងកីឡាវាយកូនបាល់មិនសូវយល់អារម្មណ៍យើងជាអ្នកអត់ដោយឡែកនៅពេលរំឭកទៅដល់ការសម្រេចចាកចេញពីក្រុមជម្រើសជាតិវាយកូនបាល់ដែលរូបគេបានចំណាយពេលហ្វឹកហាត់តាំងពីអាយុ ១៦ ឆ្នាំ រហូតដល់អាយុ ២៧ ឆ្នាំនោះ អន សម្បត្តិ បានបង្ហើបថាដោយសារតែថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់មិនយល់ពីទុក្ខលំបាករបស់កីឡាករ។
កីឡាករដែលមានលទ្ធភាពរៀនត្រឹមថ្នាក់ទី ៧ នៅវិទ្យាល័យពោធិ៍ចិនតុង អន សម្បត្តិ បាននិយាយថា៖ «ការសម្រេចចិត្តចេញនេះ ព្រោះខ្ញុំមានបញ្ហាខ្លះៗជាមួយថ្នាក់ដឹកនាំមួយចំនួនដែលពេលខ្លះគាត់មិនសូវយល់អារម្មណ៍យើងជាអ្នកអត់ គឺគាត់តម្រូវឲ្យតែយើងហាត់រហូត ទោះការប្រមូលផ្តុំបានរំសាយក៏ដោយ តែខ្ញុំចង់មានពេលខ្លះបង្ហាត់ដល់ភ្ញៀវដើម្បីបានប្រាក់កម្រៃខ្លះ យកមកផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ ដែលពេលខ្លះរកតែអី្វញ៉ាំ មិនចង់បានផង»។
គួរបញ្ជាក់ថា អន សម្បត្តិ ជាកូនច្បងនៅក្នុងគ្រួសារសាមញ្ញមួយដែលមានបងប្អូន ៥ នាក់ (ប្រុស ៤ នាក់)។ សម្បត្តិ បានប្រាប់ថាគ្រួសាររបស់គេមានជីវភាពលំបាកដោយមានតែម៉ូតូមួយជិះគ្នា ១ គ្រួសារតែម្តង ប៉ុន្តែពេលនេះដោយមានការជួយជ្រោមជ្រែងពីលោក ជា ប៊ុនហេង និងការទទួលបានប្រាក់រង្វាន់ពីការឈ្នះមេដាយបានធ្វើឲ្យជីវភាពគ្រួសាររបស់គេប្រសើរជាងមុន និងមានម៉ូតូថ្មីជិះសមរម្យនឹងគេហើយ។
យ៉ាងណាក៏ដោយកាលពីដើមខែកុម្ភៈកន្លងមកគ្រួសារតូចមួយនេះបានជួបនៅរឿងសង្វេគយ៉ាងខ្លាំង ខណៈប្អូនប្រុសម្នាក់នោះ អន ចាន់សុខា បានស្លាប់ ដោយសារខ្យល់គរនោះ ហើយការស្លាប់របស់ អន ចាន់សុខា ដែលធ្លាប់ហ្វឹកហាត់នៅក្លិបអាស៊ីអឺរ៉ុបដែរនោះបានក្លាយជាការចងចាំ និងជំរុញឲ្យ អន សម្បត្តិ មានការតាំងចិត្តកាន់តែខ្លាំងក្នុងការសាងភាពល្បីនៅក្នុងកីឡាសូហ្វតិន្នីស។
អន សម្បត្តិ បានបញ្ជាក់ថា៖ «ប្អូនរបស់ខ្ញុំតែងតែសួរខ្ញុំថា បងថ្ងៃនេះឈ្នះ ឬចាញ់ ព្រោះពេលដែលខ្ញុំឈ្នះ ខ្ញុំតែងតែទិញអីទៅហូបជុំគ្នាហេតុនេះការខ្វល់ខ្វាយរបស់ប្អូនមកលើខ្ញុំជាបង នៅពេលប្រកួតម្តងៗធ្វើឲ្យខ្ញុំចងចាំមិនភ្លេចនោះទេ ហើយខ្ញុំនឹងខំប្រឹងប្រែងបន្តទៀត ដើម្បីដណ្តើមឲ្យបានមេដាយនៅស៊ីហ្គេមដើម្បីជាកិត្តិយសសម្រាប់ប្រទេសជាតិ ខ្លួនខ្ញុំ សហព័ន្ធ និងក៏ដើម្បីប្អូនរបស់ខ្ញុំផងដែរ៕