ក្រុង Cologne​៖ ការ​កាន់​តំណែង​រយៈពេល ១៤ ​ឆ្នាំ របស់​លោក Joachim Loew ក្នុង​ឋានៈ​ជា​​​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ កំពុង​តែ​មាន​សម្ពាធ​ហើយ ក្រោយ​ក្រុម​នៅ​តែ​បន្ត​បាន​នូវ​លទ្ធផល​មិន​ល្អ​ទៀត ដោយ​ត្រូវ​តាម​ការ​នាំ​មុខ​ ២-០ រហូត​បាន​ស្មើ ៣-៣ អំឡុង​ការ​ប្រកួត​ក្នុង​កម្មវិធី Nations League ជាមួយ​ស្វ៊ីស កាល​ពី​ថ្ងៃ​អង្គារ​។

ក្រុម​អាល្លឺម៉ង់ លេង​មិន​ឈ្នះ​ដល់​ទៅ​ ៤ ​ដង ក្នុង ៥ ​ប្រកួត​ចុង​ក្រោយ​ ដោយ​ក្នុង​នោះ ស្មើ ៣ ​ប្រកួត ទាំង​ដែល​ខ្លួន​ធ្វើ​ការ​នាំ​មុខ​រហូត​ ហើយ​លទ្ធផល​នេះ ធ្វើ​ឱ្យ​ក្រុម​កំពូល​នៅ​អឺរ៉ុប ​១ នេះ ឈរ​នៅ​លេខ ​២ ក្នុង​ពូល ពី​ក្រោម​ក្រុម​អេស្ប៉ាញ​។​

ការ​ឈ្នះ​ក្រុម​អ៊ុយក្រែន​យ៉ាង​លំបាក ២-១ កាល​ពី​ថ្ងៃ​សៅរ៍ នា​ក្រុង​កៀវ ទាំង​ក្រុម​ខ្លួន​មាន​កម្លាំង​ពេញ​ ហើយ​ក្រោយ​មក​ស្មើ​ជាមួយ​​តួក​គី ៣-៣ ក្នុង​ប្រកួត​មិត្ត​ភាព នៅ​ផ្ទះ​ខ្លួន​ឯង​នាថ្ងៃ​ពុធ​សប្ដាហ៍​មុន ជា​ថ្មី​ម្ដង​ទៀត ក្រុម​របស់​លោក Loew បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​កម្សោយ​របស់​តំបន់​ការពារ​។

«​ប្រាកដ​ណាស់ ពេល​របូត​ដល់​ទៅ ៣ គ្រាប់ បាន​ន័យ​ថា ការ​ការពារ​ គឺ​ខ្សោយ​»​។ នេះ​ជា​សម្ដី​របស់​ខ្សែ​បម្រើ​ Toni Kroos ដែល​មាន​កំហុស នាំ​ឱ្យ​​ស្វ៊ីស​ស៊ុត​គ្រាប់​ទី២ បាន​សម្រេច ក្រោយ​មាន​ឱកាស​ចូល​លេង​លើក​ទី ១០០ ឱ្យ​ក្រុម​អាល្លឺម៉ង់​។

បុរស​វ័យ ៦០ ​ឆ្នាំ Loew មាន​កុងត្រា​ជាមួយ​សហព័ន្ធ​បាល់​ទាត់​អាល្លឺម៉ង់​រហូត​ដល់​ព្រឹត្តិការណ៍ World Cup 2022 តែ​ពេល​នេះ ប្រជាប្រិយភាព​របស់​គាត់​ក្នុង​ដួង​ចិត្ត​របស់​​អ្នក​គាំទ្រ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ពោល​គឺ​ពី​កម្រិត​ខ្ពស់​​ពេល​ឈ្នះ​ World Cup 2014 ខណៈ​ការ​ធ្លាក់​នេះ ចាប់​ផ្ដើម​មាន​បណ្ដើរ​ៗ ចាប់​តាំង​ពី​ក្រុម​អាល្លឺម៉ង់​ទទួល​បាន​​​លទ្ធផល​យ៉ាង​អាក្រក់​ នៅ​ឯ World Cup 2018 នា​ប្រទេស​​រុស្ស៊ី​ ដោយ​ពួក​គេ​មិន​អាច​សូម្បី​ឆ្លង​ផុត​ពី​វគ្គ​ចែក​ពូល​។

លទ្ធផល​ស្មើ​ជាមួយ​ស្វ៊ីស​នេះ នឹង​នាំ​ឱ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើងៗ​ចំពោះ​លោក Loew ពី​បណ្ដា​បុគ្គល​ល្បី​ៗ​មួយ​ចំនួន ក្នុង​រង្វង់​វិស័យ​បាល់​ទាត់​អាល្លឺម៉ង់ មាន​ដូច​ជា​លោក Lothar Matthaeus និង Bastian Schweinsteiger ជា​ដើម​។

តែ​យ៉ាង​ណា​ ខ្សែ​បម្រើ Kai Havertz ដែល​ស៊ុត​បាន ១ គ្រាប់​ដែរ បាន​និយាយ​បែប​វិជ្ជមាន​ថា​៖ «យើង​តែង​តែ​វាយ​បក​បាន​ជានិច្ច បើ​ទោះ​ជា​ត្រូវ​នាំ​មុខ​ជា​ច្រើន​ដង ដូច្នេះ ​យើង​បាន​បង្ហាញ​ពី​ការ​មាន​ទំនុក​ចិត្ត​ខ្ពស់​របស់​ពួក​យើង​»​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ទី ៤​ នេះ ក្រុម​អាល្លឺម៉ង់​នៅ​លេខ ២ ​ក្នុង​គ្រុប​ទី ៤ នៅ​ League A ដោយ​មាន ៦ ពិន្ទុ ស្មើ​ក្រុម​លេខ ៣ អ៊ុយ​ក្រែន ខណៈ​ក្រុម​លេខ ១ អេស្ប៉ាញ មាន ៧ ពិន្ទុ រី​ឯ​ក្រុម​ស្វ៊ីស​ មាន ២ ពិន្ទុ នៅ​បាត​តារាង​៕ AFP/VN