ភ្នំពេញ: កីឡាករប្រដាល់ សរ រាជសីហ៍ ជើងខ្លាំងមកពីក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបងត្រូវដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង់ Masoud Moghimian ក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាមនៃកម្មវិធីប្រដាល់ Boostrong Fighter On Fire លើសង្វៀនអាស៊ីអាគ្នេយ៍ (SEATV) នាព្រឹកថ្ងៃអាទិត្យទី ១៣ ខែមករា ឆ្នាំ ២០១៩។
សរ រាជសីហ៍ តាំងពីឡើងទម្ងន់ធ្ងន់ហាក់បីដូចមិនសូវបានប្រកួតញឹកញាប់ ពីព្រោះខ្វះដៃគូហើយការឃ្លាតពីសង្វៀនយូរធ្វើឲ្យប្រជាប្រិយភាពរបស់គេធ្លាក់ចុះទៅតាមហ្នឹងដែរ។ សរ រាជសីហ៍ ធ្លាប់ឆ្លងកាត់ការប្រកួតលក្ខណៈអន្តរជាតិ ឬវគ្គដណ្តើមខ្សែក្រវាត់ច្រើនញឹកញាប់គួរសម ប៉ុន្តែលទ្ធផលមិនសូវបានល្អនោះឡើយ។ គ្រប់ការប្រកួត រាជសីហ៍ ទទួលបានការគាំទ្រខ្លាំងពីមហាជនដោយរូបគេប្រកួតអស់ពីសមត្ថភាព។
តាមប្រវត្តិប្រកួត សរ រាជសីហ៍ ធ្លាប់ប្រកួតបានចំនួន ៦៨ លើកឈ្នះ ៥៦ លើក ចាញ់ ១២ លើក និងមានកម្ពស់ ១,៧៣ ម៉ែត្រ។ ចំណែកកីឡាករអ៊ីរ៉ង់ Masoud Moghimian ខ្លាំងគួរសមធ្លាប់ផ្តួលកីឡាករយុគ យក្សគីល មកពីក្លិបកងចក្ររាជសីហ៍មានរិទ្ធឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី ៤ កន្លងមក។
ទោះជាយ៉ាងនេះក្តីប្រវត្តិប្រកួតរបស់កីឡាករអ៊ីរ៉ង់ Masoud Moghimian ត្រូវបានរាយការណ៍មកថា ប្រកួតបានតែ ១៦ លើកឈ្នះ ១៣ លើក ចាញ់ ៣ លើកប៉ុណ្ណោះ ប៉ុន្តែប្រវត្តិប្រកួតគេធ្លាប់ដឹងកាលពីលើកមុន Masoud ប្រកួតបានចំនួន ៤៨ លើក ឈ្នះ ៣៨ លើក និងចាញ់ ១០ លើក មិនដែលស្មើ ខណៈចំនួនប្រកួតកីឡាករបរទេសមួយចំនួនត្រូវបានលាក់បាំង។ តាមការវាយតម្លៃរបស់អ្នកតាមដានប្រដាល់ សរ រាជសីហ៍ អាចនឹងលំបាកឈ្នះណាស់ ខណៈដែលកីឡាករអ៊ីរ៉ង់ Masoud Moghimian មានកម្ពស់ ១,៧៥ ម៉ែត្រពោលគឺខ្ពស់ជាងបន្តិច និងមានកម្លាំងធានាល្អជាង។
សរ រាជសីហ៍ បាននិយាយថាការហ្វឹកហាត់មិនសូវបានជាប់លាប់ទេ ដោយមិនសូវចាប់គូបានប្រកួត ហើយជាប់រវល់ធ្វើស្រែចម្ការជាធម្មតា។
សម្រាប់ការប្រកួតជាមួយជើងខ្លាំងរូបនេះ សរ រាជសីហ៍ បានប្រាប់ថា៖ «ខ្ញុំសង្ឃឹមឈ្នះត្រឹម ៦០ ភាគរយប៉ុណ្ណោះ ហើយបើមានឱកាសផ្តួលក្នុងទឹកណាមួយបាន ខ្ញុំមិនបន្ធូរដៃនោះទេ»។
ទោះជាយ៉ាងណា សរ រាជសីហ៍ ធានាថានឹងវ៉ៃឲ្យអស់សមត្ថភាព ហើយបញ្ហាដែលបារម្ភគឺខ្លាចខ្សោយកម្លាំងនៅចុងទឹកប៉ុណ្ណោះ ពីព្រោះកីឡាករអ៊ីរ៉ង់ Masoud Moghimian មានកម្លាំងល្អ ៥ ទឹកឯណោះ មិនងាយចុះខ្សោយទេ។
ដោយឡែកកីឡាករអ៊ីរ៉ង់ Masoud Moghimian ពូកែកណ្តាប់ដៃ និងកម្លាំងល្អ ការបញ្ចេញកណ្តាប់ដៃល្អមានបច្ចេកទេស និងកលល្បិចពេញខ្លួនព្រមទាំងទឹកចិត្តប្រកួតចូលវាយសម្រុកគ្មានដកថយ និងរហ័សផងដែរ ខណៈដែលរូបគេក៏មានស្នៀតជង្គង់ល្អថែមទៀត។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា៖ «Masoud មកប្រកួតនៅសង្វៀនរបស់យើងជាលើកទី ២ ហើយ។ កីឡាករ Masoud គេជាអ្នកប្រដាល់ជើងថ្មីនៅស្រុកយើងតែហ្វឹកហាត់ប្រកួតបានល្អ គួរសមនៅប្រទេសថៃ។ បើតាមការវាយតម្លៃជាទូទៅរវាងកីឡាករសរ រាជសីហ៍ ប៉ះជើងខ្លាំង Masoud Moghimian មកពីអ៊ីរ៉ង់រូបនេះការចាញ់ ឬឈ្នះសុទ្ធតែមានលក្ខណៈតឹងតែងមិនមែនស៊ីគ្នាផុយនោះឡើយ៕