ភ្នំ​ពេញ: អ្នក​លេង​កណ្តាប់​ដៃ ​និង​ក្បាច់​ជង្គង់​ឆ្លង​មក​ពី​ខេត្ត​បាត់​ដំបង​កីឡាករ​សរ ​រាជ​សីហ៍​ បាន​ប្រ​កួត​ស្មើ​ជា​មួយ​កីឡាករ​មក​ពី​ប្រ​ទេស​អ៊ីរ៉ង់ Akbri​ Kerai​mant ក្នុង​ទម្ងន់​ធ្ងន់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែ​សម្រាប់​គូ​អន្តរ​ជាតិ​ទាំង​មិត្ត​ភាព​ក្នុង​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែ​ក្រ​វាត់​នោះ ​កីឡាករ​កម្ពុជា​ចំនួន​៤​នាក់ ​ឈ្នះ​ថៃ​ទាំង​៤​គូ​។

ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ប្រកួត​​គូ​ពិសេស​ទី​៣​រវាង​ថន ​ភឿត​ និង​ហេង ​វាសនា ​ត្រូវ​បាន​គណៈកម្មការ​ប្រ​កួត​បណ្តេញ​ចុះ​ដោយ​អះអាង​ថា​ ប្រកួត​មិន​ប្រ​ក្រតី​ ប៉ុន្តែ​អ្វី​ដែល​ភ្នំ​ពេញ ប៉ុស្តិ៍ ទទួល​ព័ត៌​មាន​បាន​នោះ​គឺ​ថា កីឡាករ​ថន​ ភឿត​ ដែល​សន្លប់​នោះ​ ឡើង​ប្រ​កួត​ជំនួស​គេ​ ខណៈ​ដែល​ប្រ​ពន្ធ​ឆ្លង​ទន្លេ​អត់​ងង៉ុយ​ចំនួន​៤​ថ្ងៃ​ហើយ​។

សរ​ រាជ​សីហ៍​ ឡើង​ទម្ងន់​ដល់​៧៥​គីឡូក្រាម​ ប៉ុន្តែ នៅ​តែ​មាន​ការ​​ប្រ​កួត​ទាក់​ទាញ​បំផុត​ និង​មាន​ភាព​រហ័ស​​រហួន​។ ​ក្នុង​ការ​​ប្រ​កួត​ចំនួន​៥​ទឹក​ពេញ​ សរ ​រាជ​សីហ៍​ មាន​ប្រៀប​ផ្នែក​ជង្គង់​ ចំណែក​កីឡាករ ​Akbri ​Kerai​mant​ មក​ពី​អ៊ីរ៉ង់​ មាន​ប្រៀប​ផ្នែក​កណ្តាប់​ដៃ​។​

ក្នុង​​២​​ទឹក​ដំបូង​ ការ​ប្រ​កួត​ហាក់​ដូច​ជា​លំបាក​ដាក់​ពិន្ទុ​បំផុត​ ពី​ព្រោះ​មាន​ការ​វ៉ៃ​សង​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ល្អ​ដូច​គ្នា​ និង​ប្រហាក់​ប្រហែល​គ្នា ​ហើយ​នៅ​ពេល​ចូល​ដល់​ទឹក​ទី​៣​ និង​ទី​៤ ​សរ ​រាជ​សីហ៍​ មាន​ប្រៀប​ជាង​ដោយ​ក្បាច់​ជង្គង់​។​ ទោះ​ជា​យ៉ាង​ណា​ នៅ​ពេល​ចូល​ដល់​ទឹក​ទី​៥​ កីឡាករ ​Akbri ​Kerai​mant ​មក​ពីអ៊ី​រ៉ង់​ ចេញ​កណ្តាប់​ដៃ​បាន​ច្រើន​មាន​ប្រៀប​នៅ​ចុង​ទឹក​ទី​៥​ ដែល​នាំ​ឲ្យ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា​។​

ការ​ប្រ​កួត​គូ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​គូ​ជក់​ចិត្ត​ខ្លាំង​ជាង​គេ​ ហើយ​គណៈ​កម្មការ​ប្រ​កួត​បាន​សម្រេច​ឲ្យ​ស្មើ​។​ គូ​ចាប់​អា​រម្មណ៍​មួយ​ទៀត​ដែល​ត្រូវ​បណ្តេញ​ចុះ​នោះ​គឺ​កីឡាករ​ថន ​ភឿត ​មក​ពី​ក្លិប​ឃ្លាំង​មឿង​ ជា​មួយ​កីឡាករ​ហេង​ វាសនា​ មក​ពី​ព្រៃ​ទទឹង​ខេត្ត​បាត់​ដំបង ខណៈ​ដែល​នៅ​​ទឹក​ទី​៣​ ថន​ ភឿត​ ទទួល​រង​សន្លប់​ ហើយ​គណៈ​កម្មការ​លោក​រាជ ​សុផែន ​ស្នង​ការ​ប្រ​កួត​ បាន​បញ្ជា​ឲ្យ​បណ្តេញ​ចុះ​មិន​ប្រ​កាស​លទ្ធផល​ឡើយ​។ ​

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ស្វែង​រក​ការ​ពិត​ដោយ​បាន​សម្ភាស​​ផ្ទាល់​ជា​មួយ​គ្រូ​បង្វឹក ​និង​កីឡាករ​ទើប​ទទួល​បាន​លទ្ធ​ផល​ច្បាស់​ថា​ ជា​រឿង​គួរ​ឲ្យ​សង្វេគ ​និង​ខ្លោច​ចិត្ត​ទៅ​វិញ​។​

កីឡាករ​សរ រាជសីហ៍ (ឆ្វេង) និង​កីឡាករ​អ៊ី​រ៉ង់ Akbri Keraimant ត្រូវ​បាន​ប្រកាស​ឲ្យ​​ទទួល​បាន​លទ្ធផល​ស្មើ​​កាល​ពី​ថ្ងៃ​អាទិត្យ​។ រូប​ថត យឺន ពន្លក

អ្នក​ស្រី​មែន សុខា​ អ្នក​គ្រប់​គ្រង​កីឡាករ​ថន ​ភឿត បាន​​និយាយ​ថា​៖ «​ថន ​ភឿត​ បាន​ឡើង​ប្រ​កួត​ជំនួស​គេ​ មិន​បាន​ហ្វឹក​ហាត់​ទេ ហើយ​ប៉ុន្មាន​ថ្ងៃ​នេះ រូប​គេ​​មាន​ធុរៈ​ដោយ​ប្រពន្ធ​ឈឺ​​ព្រោះ​​ទំរាំ​កើត​គឺ​៤​ ទៅ​៥​ថ្ងៃ​ និង​មិន​បាន​សម្រាក​ដោយ​កូន​តូច​ ហេតុ​នេះ​ការ​ប្រ​កួត​គឺ​វាយ​អស់​ពី​សមត្ថភាព​ហើយ​ ប៉ុន្តែ​ការ​សន្លប់​នោះ​គឺ​កម្លាំង​មិន​គ្រប់​គ្រាន់​ ចូល​ជង្គង់​របស់​គេ​​»​។

អ្នក​​ស្រី​មែន​ សុខា​ បាន​បន្ត​ថា​៖​ «កីឡាករ​នេះ​មាន​ចរឹក​ល្អ​ ស្មោះ​ត្រង់​ គ្មាន​គំនិត​អាក្រក់​ប្រ​កួត​ធ្វើ​ពុត​នោះ​ឡើយ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ការ​ប្រ​កួត​មុនៗ​ រូប​គេ​មិន​ល្អ​ដូច​មុន​ទេ​ ដោយ​គ្នា​អត់​ងងុយ​កូន​ខ្ចី​​»។ ថន​ ភឿត បាន​​និយាយ​ថា​៖​ «ខ្ញុំ​ស្បថ​គឺ​គ្មាន​ពាក់​ព័ន្ធ​ភាព​មិន​ប្រ​ក្រ​តី​ណា​មួយ ​ឬ​ខ្ញុំ​ធ្វើ​ពុត​នោះ​ទេ ប៉ុន្តែ ពិត​ជា​​សន្លប់​មែន​​»​។

លោក​ស៊ឹម ​ហេង​ គ្រូ​បង្វឹក​កីឡា​ករ​ហេង វាសនា​ ដែល​ជា​ដៃ​គូ​ប្រ​កួត​ បាន​និយាយ​ថា៖ «​ពួក​គេ​ប្រ​កួត​បែប​នោះ​ ដោយ​​គ្មាន​ភាគី​មួយ​ណា​ធ្វើ​ពុត​ទេ​ ពី​ព្រោះ​ការ​វ៉ៃ​គ្នា​មិន​អាច​កំណត់​បាន​ឡើយ​ ជួន​ការ​សន្លប់​ឈឹង​ មិន​ដឹង​ខ្លួន​គឺ​និយាយ​ទៅ​គណៈកម្មការ​ណា​មិន​ធ្លាប់​ដាល់​ មិន​ដឹង​ពី​ការ​សន្លប់​នោះ​ដូច​ម្តេច​នោះ​ទេ​​»​។

ទោះ​ជា​យ៉ាង​ណា​ ក្រោយ​ពេល​ប្រ​កួត​ភ្លាមៗ​អ្នក​ប្រ​ដាល់​ទាំង​២​នេះ​មិន​ទាន់​បាន​បើក​ប្រាក់​តម្លៃ​ខ្លួន​នោះ​ទេ​ ហើយ​ប្រធាន​វិនិច្ឆ័យ​បាន​ប្រាប់​ក្រុម​ការ​ងារ​ធ្វើ​កំណត់​ហេតុ​គូ​នេះ​ទៅ​សហព័ន្ធ ប៉ុន្តែ ​មិន​ដឹង​ថា ពិន័យ​ឬ​យ៉ាង​ណា​នោះ​ឡើយ​។​

អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ការ​ខ្លោច​ចិត្ត​នៅ​ពេល​ដឹង​ថា ​កីឡាករ​ថន ​ភៀត​ មាន​បញ្ហា​អត់​ងងុយ​មិន​បាន​ហ្វឹក​ហាត់ ​ហើយ​ការ​ឡើង​ប្រ​កួត​ជំនួស​គេ​ដើម្បី​ប្រាក់​ជួយ​ប្រ​ពន្ធ​កូន​ខ្ចី​ និង​ត្រូវ​បាន​គេ​ពិន័យ​នោះ​ មិន​ដឹង​ថា​ លំបាក​យ៉ាង​ដូច​ម្តេច​ទៅ​​៕