ភ្នំពេញ: សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​និង​កំពុង​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​ថ្នាល និង​អត្តពលិក​វ័យក្មេង កីឡា​ទោចក្រយាន​ហើយ​បាន​ចាត់​ទុក​វគ្គ​នេះ​ជា​មូលដ្ឋានគ្រឹះ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​អត្តពលិក​វ័យក្មេង​អាច​វិវឌ្ឍ​ខ្លួន​ទៅ​ជា​អ្នក​អាជីព ដែល​អាច​ចូលរួម​ប្រជែង​រក​មេដាយ​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។

លោក ឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វគ្គ​នេះ​យើង​តែងតែ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ក្រោម​កញ្ចប់​ថវិកា​ចំណាយ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ ហើយ​វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣៨ ​នាក់ (​ស្រី​ ៣ ​នាក់​) ហើយ​ពួកគេ​ត្រូវ​បណ្តុះបណ្តាល​ទាំង​លើ​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​នៅ​លើ​ទីលាន​គឺ​កង់គួក​ត្រូវ​ធ្វើ​តេស្ត​លើ​កង់​ប្រើ​ម៉ាស៊ីន​នៅ NOCC ហើយ​ក្រុម​កង់​ភ្នំ​ធ្វើ​នៅ​ទីលាន​ព្រែកលៀប​។

លោក​បាន​បន្ថែម​ថា​៖ «​វគ្គ​នេះ​មាន​សារៈប្រយោជន៍​ណាស់​ក្នុង​ការបង្ហាត់​បង្ហាញ​ឲ្យ​អត្តពលិក​វ័យក្មេង​របស់​យើង​បាន​ដឹង​ពី​បច្ចេកទេស​ក៏​ដូចជា​តាក់ទិក​ក្នុង​ការអភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​កីឡាករ​អាជីព​ដែល​មាន​សមត្ថភាព​ល្អ​សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣»​។

គួររំឭក​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​បើក​នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​នៅក្នុង​ពិធី​បើក​វគ្គ​កាលពី​ថ្ងៃ​អាទិត្យ​នោះ​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​បាន​ប្រាប់​ឲ្យ​សិក្ខាកាម​ទាំងអស់​យក​ចិត្ត​ទុកដាក់​ក្នុង​ការក្រេបជញ្ជក់​យក​ចំណេះដឹង​ពី​គ្រូឧទ្ទេស ពិសេស​ត្រូវ​គោរព​វិន័យ​ឲ្យ​បាន​ល្អ​ដើម្បី​ក្លាយ​ជា​អត្តពលិក​មាន​ទាំង​សមត្ថភាព និង​វិន័យ ក្រមសីលធម៌ អាច​ចូលរួម​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ តំណាង​ឲ្យ​ជាតិ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

យ៉ាងណា​ក៏ដោយ​អតីត​កីឡាករ​អាជីព​របស់​អូស្ត្រាលី​លោក Frank Zgoznik ដែល​ជា​គ្រូឧទ្ទេស​ដ៏សំខាន់​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ប្រាប់ថា ការហ្វឹកហាត់​តែ​ទៅ​លើ​ការប្រណាំង​កង់​មួយ​មុខ​មិន​អាច​ក្លាយ​ជា​អត្តពលិក មាន​សមត្ថភាព​ខ្លាំង​អាច​ឆ្ពោះ​ទៅ​ដណ្តើម​បាន​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ​បាន​នោះ​ទេ​។

លោក Frank បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្នុង​ម៉ោង​សម្រាក​កាលពី​ថ្ងៃ​សៅរ៍​នោះ​ថា​៖ «​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ខ្ញុំ​នឹង​បង្ហាត់បង្រៀន​ពួកគាត់​ឲ្យ​មាន​ការយល់ដឹង​បន្ថែម​ដោយ​មិនមែន​ផ្តោត​តែ​ទៅ​លើ​ការ​ជិះ​កង់​មួយ​មុខ​នោះ​ទេ គឺ​យើង​ត្រូវ​ផ្តោត​ទៅលើ​កត្តា​ផ្សេងៗ​ទៀត ពិសេស​ការពង្រឹង​កាយសម្បទា​បន្ថែម​ដូចជា​ការហាត់​នៅ​គ្រឹះស្ថាន​ហាត់ប្រាណ ការរត់​ប្រណាំង លេង​បាល់ទះ និង ការលេង​បាល់ទាត់​ជាដើម​»​។

គ្រូបង្វឹក​ស្ម័គ្រចិត្ត​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​លោក Frank បាន​បន្ថែម​ថា​៖ «​ជាមួយ​គ្នា​នេះ​យើង​ក៏​ត្រូវ​ប្រាប់​ពួកគាត់​ពី​របៀបរបប​នៃ​ការ​ហូបចុក​ទាំង​មុន​ការ​ជិះ​កង់ ពេល​ជិះ​កង់ និង​ក្រោយ​ការ​ជិះ​កង់ ដើម្បី​ធ្វើឲ្យ​រាងកាយ​របស់​គាត់​មាន​កម្លាំង​វិល​មក​រក​ភាព​ដើម​វិញ នៅពេល​ដែល​យើង​ប្រើ​វា​អស់​ហើយ​យើង​ក៏​ប្រាប់​ពួកគាត់​ពី​ក្បួន​ហាត់ ក្បួន​ប្រណាំង ព្រមទាំង​បច្ចេកទេស​ជាច្រើន​ទៀត​ដើម្បី​ជួយ​ឲ្យ​ពួកគាត់​អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​អត្តពលិក​ដែល​មាន​សមត្ថភាព​ល្អ និង​ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបង្ហាត់​ដល់​គេ​»៕