ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្រោងនឹងបើកឱ្យមានការប្រកួតប្រដាល់គុនខ្មែរឡើងវិញនៅថ្ងៃទី ៩ ខែឧសភាខាងមុខនេះ បន្ទាប់ពីបានបិទការប្រកួតទាំងស្រុងចូល៤សប្តាហ៍ គឺស្របទៅនឹង រាជរដ្ឋាភិបាលបានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយបានចាប់ផ្តើមតាំងពីមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ហើយបន្ត និងបន្ថែមរហូតដល់ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១។
ជាមួយគ្នានេះសង្វៀនទូរទស្សន៍ឯកជនដែលបានព្យាយាម និងរង់ចាំតែច្បាប់អនុញ្ញាត ដើម្បីបើកឱ្យមានការប្រកួតប្រដាល់ឡើងវិញនោះមានសង្វៀនបាយ័នសង្វៀន CNC និងសង្វៀនថោន ខណៈដែលសង្វៀនប៉ុស្តិ៍លេខ ៥ សង្វៀនហង្សមាស និងសង្វៀនឯកភ្នំខេត្តបាត់ដំបង បានបិទតាំងពីព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ ១៩ ក្នុងសហគមន៍ កាលពីខែកុម្ភៈមកម៉្លេះ។
ប្រភពពីអ្នកផ្គូផ្គងប្រចាំស្ថានីយទូរទស្សន៍មួយចំនួនបានឱ្យដឹងថា ពួកគេកំពុងតែពង្រាងនិងទំនាក់ទំនងកីឡាករគ្រូបង្វឹកសមាគមក្លិបឱ្យចូលហ្វឹកហាត់ឡើងវិញ ដើម្បីចាប់គូឱ្យប្រកួតពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២១ តទៅខណៈដែលបម្រាមរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលត្រឹមថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១។
តែទោះបីយ៉ាងណាអ្វីៗក៏អាចនឹងមានប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងនិងតាមការណែនាំរបស់អាជ្ញាធរនិងថ្នាក់ដឹងនាំ ឬក្រសួងជំនាញជាបន្តទៀតផងដែរ។
លោកជួបវុត្ថាអ្នកគ្រប់គ្រងផ្គូផ្គងកីឡាប្រចាំសង្វៀនថោនបានឱ្យដឹងថា៖ «យើងបានទាក់ទងកីឡាករគ្រូបង្វឹក និងភាគីពាក់ព័ន្ធមានក្លិបសមាគម ដើម្បីពង្រាងជាស្រេចឱ្យពួកគេដឹងខ្លួន ហើយខំហ្វឹកហាត់ជាបណ្តើរៗ ដោយរង់ចាំតែការអនុញ្ញាតពីថ្នាក់លើប៉ុណ្ណោះ»។
លោកបន្តថា ការផ្អាកប្រកួតដោយសារបញ្ហាកូវីដ ១៩ នេះ គឺយើងទទួលស្គាល់ថាមានផលលំបាកដូចគ្នាជាពិសេស គឺកីឡាករគ្រូបង្វឹកមន្ត្រីបច្ចេកទេស ដែលពួកគាត់ភាគច្រើនទទួលបានកម្រៃទ្រទ្រង់ជីវភាពប្រចាំថ្ងៃពីការប្រកួតនេះ។
ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់ថា៖ «ក្នុងស្ថានភាពកូវីដ ១៩ រីករាលដាលច្រើន ដែលការប្រកួតត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺជីវភាពរបស់កីឡាករគ្រូបង្វឹកនិងគណៈកម្មការ មានការលំបាកដូចតែគ្នាហ្នឹង ប៉ុន្តែយើងខិតខំអត់ធ្មត់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលជា ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់អាជ្ញាធរមូលដ្ឋានផ្ទាល់»។
គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរដែលមានការផ្សាយផ្ទាល់ពីសង្វៀនជាម្ចាស់ស្ថានីយទូរទស្សន៍មួយចំនួននោះ គឺការចំណាយគ្រប់យ៉ាងបានមកពីវិស័យឯកជនហើយក្នុងនោះកីឡាករជិត ២០០ នាក់ និងគណៈកម្មការសរុបច្រើនជាងរយនាក់ក្នុង ១ សប្តាហ៍ៗ ទទួលបានកម្រៃពលកម្មពីការប្រកួតនេះដោយកីឡាករម្នាក់ប្រកួត ១ លើកមានតម្លៃខ្លួនចាប់ពី ២៥ ម៉ីនរៀល ទៅដល់ជាង ១ លាន ៥ សែនរៀល។
ចំណែកគណៈកម្មកការអាចទទួលបាន ១ ប្រកួតពី ៥ ម៉ឺនរៀលដល់ ១០ ម៉ឺនរៀល៕