ភ្នំពេញៈ ភាព​ចម្រូងចម្រាស​លើ​ករណី​កាត់​សេចក្តី​មិន​យុត្តិធម៌ លើ​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ឈាន​ដល់​ដាក់​ពិន័យ​ទៅ​លើ​ចៅក្រម ៣ នាក់ ដែលជា​អ្នក​ផ្តល់​ពិន្ទុ​ឲ្យ ហ៊ឹម សេរី ឈ្នះ សុខ រិទ្ធ នា​ពេល​នោះ។

ប៉ុន្តែ​លោក មាស សុខ​គ្រី ជា​គ្រូបង្វឹក​របស់ ហ៊ឹម សេរី ដែល​ឡើងទៅ​ធ្វើជា​ប្រធាន​វិនិច្ឆ័យ ទាំង​ល្មើស​ច្បាប់​ប្រកួត នា​ពេល​នោះ ដោយ​អាច​និយាយ​ថា ជា​មេ​ខ្លោង​នោះ បែរ​ជា​រួច​ខ្លួន ដោយ​គ្រាន់​តែ​ត្រូវ​ស្តី​បន្ទោស​ផ្ទាល់​មាត់ ក្នុង​អង្គ​ប្រជុំ​បិទ​ទ្វារ​មួយ ដែល​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន ដើម្បី​ពិនិត្យ​វាយ​តម្លៃ និង​សកម្មភាព​តាមរយៈ​ការ​ចាក់​វីដេអូ​ការ​ប្រកួត​របស់ ហ៊ឹម សេរី និង សុខ រិទ្ធ ឡើង​វិញ។

ប្រភព​ច្បាស់ការ​ចេញពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា៖ «ចៅក្រម​ទាំង ៣ នាក់ ដែល​ជាប់​ពិន័យ ដោយ​បាន​ផ្តល់​ពិន្ទុ​ឲ្យ ហ៊ឹម សេរី ឈ្នះ​នោះ មាន​ចៅក្រម នួន បូរ៉ា,សួន ប៊ុនសូត្រ និង ឡឹក ចំណាប់ ចំណែក លោក មាស សុខគ្រី ដែល​ជា​ប្រធាន​វិនិច្ឆ័យ និង​ជា​មេ​ខ្លោង ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កំហុស​នេះ​ត្រូវ​បាន​រួច​ខ្លួន​ទៅ​វិញ»។

បន្ថែម​ពីលើ​រឿងអាស្រូវ​នេះ តាម​ការស៊ើបអង្កេត​ស្រាវជ្រាវ គឺមាន​កីឡាករ​ខ្លះ អវត្តមាន​តែ​ត្រូវ​បាន​គេ​បិទ​បាំង ហើយ​មាន​មន្ត្រី​ជា​គណៈ​កម្មការ​ខ្លះ មាន​ឈ្មោះ តែ​មិន​មក​ធ្វើការ​ទេ ដែល​គេ​ហៅថា «មន្ត្រី​ខ្មោច» ប៉ុន្តែ​នៅ​តែ​មក​បើក​លុយ​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច តាមរយៈ​អ្នក​តំណាង​របស់​ខ្លួន។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានផ្តល់​សម្ភាស​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «វា​ពិត​ជា​មាន​ភាព​មិន​ប្រក្រតី​ខ្លះ​កើត​ឡើង ក្នុង​កីឡា​ជាតិ លើក​ទី ២ នេះ​មែន ប៉ុន្តែ​សហព័ន្ធ បាន​ដោះ​ស្រាយ​ហើយ មិន​មែន​ព្រងើយ​កន្តើយ​ទេ គឺ​ដោះ​ស្រាយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​អនុវត្ត​តាម​ច្បាប់ ដែល​បាន​ចែង មិន​មែន​ដោះស្រាយ​តាម​បណ្តាញ​ហ្វេសប៊ុក តាម​ការ​ចង់​បាន​របស់​បុគ្គល​មួយ​ចំនួន​នោះ​ឡើយ។

លោក​បាន​បន្តថា៖ «យើង​ខិតខំ​បំពេញការងារ​បានល្អ ប៉ុន្តែ​មាន​ករណីខ្លះ​ខុស​តិចតួច​ត្រូវ​កែលម្អ ហើយ​វា​ជា​រឿង​បុគ្គល ដែល​ទទួល​ខុស​ត្រូវ។ ចំណែក​ករណី​លោក មាស សុខគ្រី មាន​កំហុស ជា​រឿង​បុគ្គល​របស់​គាត់ ប៉ុន្តែ​គាត់​ទៅ​ធ្វើ​ជា​ប្រធាន​វិនិច្ឆ័យ​ពេល​នោះ អត់​មាន​ច្បាប់​ណា ដាក់​ពិន័យ​គាត់​បាន ព្រោះ​គាត់​មិន​បាន​កែប្រែ​លទ្ធផល​ទេ ដោយសារ​លទ្ធផល​ចេញ​ពី​ចៅក្រម​ទាំង ៣ នាក់ ដែល​ឲ្យ​កីឡាករ ហ៊ឹម សេរី ឈ្នះ អ៊ីចឹង គាត់​ត្រូវ​តែ​សម្រេច​តាម​នោះ»។

លោក តែម ម៉ឺន បញ្ជាក់ថា៖ «ប្រធាន​វិនិច្ឆ័យ ក្នុង​ការប្រកួត​ថ្នាក់ជាតិ ឬ​ខ្សែក្រវាត់ ឬ​វគ្គ​ផ្តាច់​ព្រ័ត្រ ណាមួយ ត្រូវ​សម្រេច​តាម​ចៅក្រម ដែល​ផ្តល់​ពិន្ទុ បញ្ជូន​មក​តុ​គណៈកម្មការ ចំណែក​ឯ​ប្រធាន​វិនិច្ឆ័យ​គ្រាន់​តែ​បូក​សរុប​ប្រកាស​លទ្ធផល​ប៉ុណ្ណោះ មិន​អាច​ដាក់​ពិន័យ​បាន​ទេ»។

ប្រភព​ច្បាស់ការ ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួលបាន​មាន​មន្ត្រី​ខ្មោច នៅក្នុង​មន្ត្រី​គណៈកម្មការ ប៉ុន្តែ​នៅ​តែ​មាន​គេ​មក​បើក​លុយ​តម្លៃ​ពលកម្ម​ជំនួស ដោយ​ក្នុង ១ ថ្ងៃ​បាន ២០ ដុល្លារ ហើយ​អ្នក​មក​បើក​ជំនួស​នោះ​គឺ​សៅ ប៊ុននឿន ដែល​ជា​កូន​ប្រសារ​របស់​លោក មាស សុខគ្រី។

ចំពោះ​បញ្ហា​នេះ លោក តែម ម៉ឺន បាន​ពន្យល់​បកស្រាយ​ថា៖ «បុគ្គល​ទទួល​ខុស​ត្រូវ​ខ្លួនឯង។ ទស្សនៈ​របស់​ខ្ញុំ ជា​អ្នក​ដឹកនាំ គឺ​មិន​ឃុបឃឹត ឬ​គាំទ្រ​អ្នក​ធ្វើ​ខុស​ទេ ប៉ុន្តែ​ការ​ចាត់​វិធានការ ត្រូវ​ធ្វើ​តាម​ច្បាប់ និង​លក្ខខណ្ឌ ដែល​បាន​ចែង ហើយ​បើ​មាន​ភ័ស្តុតាង​ច្បាស់​លាស់​ទៅ​លើ​បុគ្គល​ណា គឺ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់»។

ចំណែក​លោក ម៉ិ​ល កាដូ អគ្គនាយករង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ដែល​ជា​មនុស្ស​សំខាន់ ពិនិត្យ​ផ្ទាល់​ក្នុង​រឿង​នេះ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ។ ប៉ុន្តែ​តាំង​ពី​ថ្ងៃ​ប្រជុំ​សប្តាហ៍​មុន លោក​នៅ​តែ​ព្យាយាម​លាក់បាំង​ករណី​ជាច្រើន មិន​សហការ​ជាមួយ​អ្នក​ព័ត៌មាន ពិសេស​ការ​ប្រជុំ​បិទ​ទ្វារ​នោះ លោក កាដូ បាន​ហាម​មន្ត្រី មិន​ឲ្យ​ឆ្លើយ​ឆ្លង​ជាមួយ​អ្នកកាសែត​ឡើយ។

លោក រាជ សុ​ផែន មន្ត្រីជាន់ខ្ពស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​និយាយ​ថា៖ «អ្វីៗ​ដែល​កើត​ឡើង វា​ជា​សិទ្ធិ​សម្រេច​របស់​សហព័ន្ធ ប៉ុន្តែ​មាន​បុគ្គល​ខ្លះ បាន​បង្កើត​រឿង​មិន​ចេះ​អស់ មិន​ចេះ​ហើយ នាំ​ឲ្យ​លំបាក​ដល់​លោក​ប្រធាន និង​សហការី​ទាំង​អស់​ក្នុង​សហព័ន្ធ​ឈឺ​ក្បាល។ ហេតុ​នេះ​ខ្ញុំ​គាំទ្រ​ចំណាត់ការ​របស់​សហព័ន្ធ មិន​ត្រូវ​យោគ​យល់​បន្ត​ទៀត​ទេ ព្រោះ​ខូច​ឈ្មោះ​ដល់​គេ​ដែល​ល្អ»។

គួររំឭកថា ករណី​ឲ្យ សុខ រិ​ទ្ធ ចាញ់​ពិន្ទុ ហ៊ឹម សេរី ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នោះ គឺ​ផ្អើល​ពេញ​ហ្វេសប៊ុក ព្រោះ​ក្នុង​ថ្ងៃ​ទទួល​មេដាយ​នោះ សុខ រិទ្ធ បាន​បោក​កម្រង​ផ្កា និង​មេដាយ​ប្រាក់​នៅ​មុខ​គណៈ​អធិបតី ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌ ដែល​គេ​ទទួល​បាន ហើយ សុខ រិទ្ធ មិន​ព្រម​បើក​ប្រាក់​រង្វាន់​មេដាយ​ប្រាក់​ចំនួន ៦០ ម៉ឺន​នោះ​ឡើយ៕