ភ្នំពេញៈ ក្រោយពី​បាន​នាំយក​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ៤ ពី​ការ​ប្រកួត ADSF Asain Dance Sport Championship និង​ការ​ប្រកួត ADSF Open Hong Kong 2018 ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​តែ​មួយ​នៅ​ហុងកុង​កន្លង​មក​នេះ សហព័ន្ធ​កីឡា​រាំ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ពី​ក្តី​រំពឹង​ខ្ពស់ ក្នុង​ការ​ដណ្តើម​យក​មេដាយ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន។

លោកស្រី ញែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា៖ «ពេល​ខ្ញុំ​ទៅ​ទទួល​ស្វាគមន៍​ការ​មក​ដល់​កម្ពុជា របស់​ប្រតិភូ​កីឡា​រាំ​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ចន្ទ គឺ​ខ្ញុំ​រំភើប​មែន​ទែន ព្រោះ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​មាន​ការ​កោត​សរសើរ​ពី​មហាជន ពិសេស​ស្ថាប័ន​កីឡា ដែល​អត្តពលិក​របស់​យើង​ដណ្ដើម​បាន​មេដាយ​កម្រិត អាស៊ី​ចំនួន ៥ ហើយ​នេះ​ជា​សមិទ្ធផល​ដ៏​ល្អ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ព្រោះ​ជា​លើក​ដំបូង ដែល​យើង​បាន​ចូលរួម តែ​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ»។

លោកស្រី​ប្រធាន​សហព័ន្ធ​បាន​បន្ដថា៖ «អ្វីដែល​សំខាន់ ខ្ញុំ​ចង់​ប្រាប់​ទៅ​បងប្អូន​យើង​ថា នៅ​ឆ្នាំ ២០១៩ កីឡា​រាំ នឹង​ដាក់​គោល​ដៅ​ច្បាស់​លាស់​មួយ ដោយ​ស្នើសុំ​ឲ្យ​មាន​អត្តពលិក​ជម្រើស​ជាតិ​ច្រើន​ជាង​មុន និង​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​ទទួល​បាន​មេដាយ​ពី​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន ព្រោះ​សមិទ្ធផល​នេះ នឹង​ធ្វើ​ឲ្យ​យើង​មាន​ទឹកចិត្ត​ខិតខំ​បន្ថែម និង​ហ៊ាន​កំណត់​ជយ​លាភី សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​តំបន់»។

គួររំឭកថា សម្រាប់​ការប្រកួត ADSF Asain Dance Sport Championship និង ការ​ប្រកួត ADSF Open Hong Kong 2018 នៅ​ហុងកុង ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ កីឡាករ ច័ន្ទ វ៉ិចទ័រ និង​កញ្ញា ព្រាប ដានី​អែលឡា បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ការ​ប្រកួត ADSF Asain Championship លើ​ការ​រាំ​គូ​ចង្វាក់ Cha Cha Cha ដោយ​មាន ១៥ ប្រទេស​ចូលរួម។

ចំណែក​ព្រឹត្តិការណ៍ ADSF Open Hong Kong 2018 កីឡាករ ច័ន្ទ វ៉ិ​ច​ទ័​រ និង ព្រាប ដា​នី​អែល​ឡា បាន​ឈ្នះ​មេដាយ​មាស ១ លើ​វិញ្ញាសា 5-dance ចំណែក​កីឡាករ សេង​សុគីម ឈ្នះ​មេដាយ​ប្រាក់ ១ លើ​វិញ្ញាសា​ឯកត្តជន​រាំ​ចង្វាក់ Cha Cha Cha និង​មេដាយ​សំរឹទ្ធ ១ វិញ្ញាសា​រាំ​ចង្វាក់ Rumba។ រីឯ កីឡាករ ម៉ូវ ដាវីន និង​កញ្ញា ម៉ូវ ដានីតា ឈ្នះ​មេដាយ​សំរឹទ្ធ ២ លើ​វិញ្ញាសា​រាំ​ចង្វាក់ Cha Cha Cha បែប Jive និង​វិញ្ញាសា Latin-Cha Cha Cha។

ចំណែក​អ្នកស្រី ហង្ស ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​និយាយ​ថា៖ «ការ​ហ្វឹក​ហាត់​ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០១៩ គឺជា​ការ​ហ្វឹក​ហាត់​ក្នុង​ស្រុក ដោយ​មាន​អញ្ជើញ​គ្រូបង្វឹក​បរទេស​មកជួយ​បង្ហាត់​បន្ថែម​ពី​លើ​គ្រូបង្វឹក​ក្នុង​ស្រុក ក្នុង​នោះ​លោក ច័ន្ទ វ៉ិចទ័រ និង​កញ្ញា​ព្រាប ដានី​អែលឡា គឺជា​គ្រូបង្វឹក​ផង ជា​កីឡាករ​កីឡាការិនី​តំណាង​កម្ពុជា​ផង​ដោយ​ពួក​គាត់​ក៏មាន​សមត្ថភាព និង​សក្តានុពល​ល្អ ដើម្បី​បង្ហាត់​ដល់​កីឡាករ កីឡាការិនី​វ័យ​ក្មេង​កម្ពុជា​ដែរ»៕