សៀមរាប៖ ក្រុម​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​កាល​ពី​ចុង​សប្តាហ៍​បាន​បើក​មហា​សន្និបាត​បូក​សរុប​បញ្ចប់​អាណត្តិ​ទី ​១​ និង​ជ្រើសរើស​បំពេញ​បន្ថែម​នូវ​គណៈកម្មាធិការ​ប្រតិបតិ្ត​សហព័ន្ធ​ព្រម​ទាំង​តែងតាំង​ឥស្សរជន​ជាន់​ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុង​អាណត្តិ​ទី ​២ ​សម្រាប់​ឆ្នាំ ​២០១៩​ ដល់ ​២០២៣​ ដើម្បី​ពង្រឹង​សមត្ថភាព​សហព័ន្ធ​គុន​ខ្មែរ ​ដើម្បី​ទំនាក់ទំនង​លើ​ឆាក​អន្តរជាតិ​ក្នុង​ទិសដៅ​ឲ្យ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​បាន​ចូលរួម​យ៉ាង​ផុសផុល​ពិសេស​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២​ ឆ្នាំ ​២០២៣​ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​។​

ជាមួយ​គ្នា​នេះ​ មហាសន្និបាត​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​សៀមរាប ​ខេត្ត​សៀមរាប​រយៈពេល ​៣ ​ថ្ងៃ ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ​១៨ ​ក្នុង​អាស៊ី​ និង​បាន​តែងតាំង​ប្រធាន ​អនុ​ប្រធាន​ព្រម​ទាំង​គណៈកម្មាធិការ​ប្រតិបត្តិ​សរុប​ចំនួន ​១១ ​នាក់ ​សុទ្ធ​តែ​ជា​ធនធាន​មនុស្ស​ល្អ​ ជំនាញ​ក្នុង​ការ​ទាក់ទង​ប្រតិបត្តិការ​ ឬ​ធ្វើ​សកម្មភាព​។​

ក្រោយ​ការ​បិទ​បញ្ចប់​មហា​សន្និបាត​កាល​ពី​ថ្ងៃ​សុក្រ​នោះ ​លទ្ធផល​ជា​ផ្លូវ​ការ​បាន​សម្រេច​នូវ​សមាសភាព​ថ្នាក់​ដឹងនាំ​សហព័ន្ធ​អាណត្តិ​ថ្មី​។ ​លោក​ ម៉ាម ​រ៉ា​ អតីត​ប្រធាន​ក្នុង​អណត្តិ​ទី ​១ ​ត្រូវ​បាន​គាំទ្រ​ដោយ​មហា​សន្និបាត​ជ្រើស​តាំង​ជា​ប្រធាន​បន្ត​ ហើយ​លោក​បណ្ឌិត​ គុណ​ ញឹម ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​គយ​ និង​រដ្ឋាករ​កម្ពុជា​ជា​អនុប្រធាន​អចិន្រ្តៃយ៍​ ​លោក​ឧត្តម​សេនីយ៍​ តែម ​ម៉ឺន ​អគ្គ​លេខាធិការ​រង​ NOCC ​និង​​ជា​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ជា​អនុប្រធាន​ទី ​១​។​ លោក ​Sayasone say samone សញ្ជាតិ​ឡាវ​ប្រធាន​កីឡា​​មួយ​ពិភព​លោក ​ជា​អនុ​ប្រធាន​ទី ​២​។ ​លោក ​វ៉ាត់ ​ចំរើន ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជា​អគ្គ​លេខាធិការ​ និង​មាន​សមាជិក​ចំនួន ​៦ ​រូប​បន្ថែម​ទៀត​។​

លោក ​ម៉ាម ​រ៉ា ​ដែល​​ជាប់​ជា​ប្រធាន​មាន​ប្រសាសន៍​ថា​៖ «​​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​​ ដែល​​មាន​សកម្មភាព ​៥ ​ឆ្នាំ​កន្លង​មក​គិត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ចូល​ជា​សមាជិក​នៅ​លើ​ពិភព​លោក​ចំនួន ​៣៨ ​ប្រទេស ​គឺ​គ្រប់​ទ្វីប​ ហើយ​វត្តមាន​ក្នុង​មហា​សន្និបាត​ផ្ទាល់​នៅ​ក្នុង​ឱកាស​នេះ​មាន​ចំនួន ​១៨ ​ប្រទេស​ក្រៅ​ពី​នេះ​ គេ​គាំទ្រ​តាមរយៈ​លិខិត​ប្រគល់​សិទ្ធិ​»​។​

លោក ​វ៉ាត់ ​ចំរើន ​ដែល​ជាប់​ជា​អគ្គ​លេខាធិការ​មាន​ប្រសាសន៍​ថា៖​ «​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ មាន​សកម្មភាព​ផ្តោត​ទៅ​លើ​ការ​ផ្សព្វផ្សាយ ​និង​ទំនាក់ទំនង​ស្វែងរក​សមាជិក​ដែល​ជា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក​ហើយ​ក៍​ជា​សហព័ន្ធ​កីឡា​មួយ​ដែល​បាន​សហការ​ជាមួយ​សហព័ន្ធ​ជាតិ​ (សហព័ន្ធ​គុន​ខ្មែរ​) ​ដើម្បី​មាន​សកម្មភាព​​លើ​ឆាក​អន្តរជាតិ​ព្រម​ទាំង​នាំ​ពី​អន្តរជាតិ​មក​ក្នុង​ស្រុក ​ខណៈ​ដែល​ធនធាន​មនុស្ស​ ឬ​ធនធាន​កីឡាករ ​គឺ​មិន​អាច​ផ្តាច់​ចេញ​ពី​សហព័ន្ធ​គុន​ខ្មែរ​ក្នុង​ស្រុក​នោះ​ឡើយ​»​។​​

លោក​បណ្ឌិត ​គុណ ​ញឹម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយក​គយ​ និង​រដ្ឋាករ​កម្ពុជា​ដែល​ជាប់​ជា​អនុប្រធាន​អចិន្រ្តៃយ៍​នោះ​ បាន​ផ្តល់​បទសម្ភាស​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ «​ខ្ញុំ​​សប្បាយ​​​ចិត្ត​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដើម្បី​ជួយ​គាំទ្រ​ក្នុង​វិស័យ​កីឡា​ ក៏ដូច​រួម​ចំណែក​ជួយ​ដល់​សង្គម​ផង​ដែរ​»​។

លោក​បណ្ឌិត​ គុណ ​ញឹម​ បាន​បន្ថែម​ថា៖ «​​នេះ​ជា​ការងារ​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​ខ្ញុំ​ត្រូវ​ខិតខំ​ស្វែង​យល់​និង​ប្រឹងប្រែង​ចូលរួម​នៅ​ក្នុង​ដំណើរ​ឈាន​ទៅ​ព្រឹត្តិការណ៍​កីឡា​ដ៍​ធំ​ និង​ជា​ប្រវត្តិសាស្ត្រ​ គឺ​ស៊ីហ្គេម​លើក​ទី ​៣២​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ ​២០២៣​»​៕​