ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងថ្នាក់ដឹកនាំមួយចំនួនទៀតបាននាំយកសម្ភារហ្វឹកហាត់ទៅជូនដល់ក្រុមថ្នាល និងក្រុមធំជម្រើសជាតិគុនខ្មែរសរុប ១៦ នាក់ និងគ្រូបង្វឹក ៤ នាក់ដែលជាអំណោយសប្បុរសជនបានមកពីលោក ហេង សុឃន ដើម្បីបង្កលក្ខណសម្បត្តិក្រុមអត្តពលិកទាំងនេះឲ្យល្អត្រៀមចូលរួមការប្រកួតស៊ីហ្គេមលើកទី ៣០ នៅហ្វីលីពីនចុងឆ្នាំ ២០១៩ នេះ។
លោក តែម ម៉ឺន ដែលមានតួនាទីច្រើនទៀតក្នុងសកម្មភាពកីឡានោះបានថ្លែងថា៖ «យើងលើកទឹកចិត្តគាំទ្រដល់សប្បុរសជន ដើម្បីជួយកីឡាដោយមិនពឹងផ្អែកទាំងស្រុងទៅលើស្ថាប័នរដ្ឋមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែ ១ ប៉ុណ្ណោះទេ ព្រោះវិស័យឯកជន ជួយកីឡាជានយោបាយរបស់រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្ត»។
ចំណែកលោក ម៉ិល កាដូ អគ្គនាយករងនៃនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរចាស់វស្សាជាងគេនោះបានប្រាប់ថា៖ «សម្ភារនេះយើងទទួលបានពីលោក ហេង សុឃន ជាអនុប្រធានសហព័ន្ធដែលលោកតែងតែលះបង់ថវិកាផ្ទាល់ខ្លួនដើម្បីជួយកីឡាករ និងជួយជាសម្ភារ ហ្វឹកហាត់ ដល់ក្លិបប្រដាល់គុនខ្មែរជាច្រើនហើយពេលនេះលោកបានផ្តល់ជូនដល់ក្រុមជម្រើសជាតិ ទាំងក្រុមថ្នាល និងក្រុមធំនូវសម្ភារជាច្រើន ដើម្បីហ្វឹកហាត់»។
លោក ហេង សុឃន បានជាប់ជាសមាជិកប្រតិបត្តិក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្រោយគេបង្អស់ ប៉ុន្តែបច្ចុប្បន្នលោកទទួលបានតំណែងជាអនុប្រធាន យ៉ាងលឿន វ៉ាដាច់មន្ត្រីសមាជិកប្រតិបត្តិចាស់ៗមួយចំនួនតូចដែលរង់ចាំតែទទួលផលពីការប្រកួតកីឡា និងគ្មានសមត្ថភាពធ្វើឲ្យកីឡាមានការរីកចម្រើន។
ទោះបីជាយ៉ាងណាការលះបង់ថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ ដើម្បីជួយគុនខ្មែរឲ្យមានការរីកចម្រើននេះលោក ហេង សុឃន ក៏ទទួលរងនូវការរិះគន់មួយចំនួនផងដែរ ព្រោះលោករើសអើង និងជួយភាគច្រើនតែក្លិបមានលទ្ធភាពស្រាប់ ឯក្លិបក្រីក្ររហេមរហាម លោកមើលមិនឃើញទេ។ ទាក់ទងបញ្ហារើសអើងនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការពន្យល់ពីលោក ហេង សុឃន បានទេកាលពីម្សិលមិញ ព្រោះទូរស័ព្ទរបស់លោកមិនទទួល និងចុចបិទទៅវិញគ្រប់ពេលហៅចូល៕