The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សហព័ន្ធ​ទូក បញ្ជូន​ក្រុម​អត្តពលិក​ទៅ​បោះ​ជំរំ​ហាត់ និង​ប្រកួត​នៅ​ជប៉ុន

សហព័ន្ធ​ទូក បញ្ជូន​ក្រុម​អត្តពលិក​ទៅ​បោះ​ជំរំ​ហាត់ និង​ប្រកួត​នៅ​ជប៉ុន

Content image - Phnom Penh Post
ក្រុមកីឡាករ បានថតជាមួយគ្រូ​បង្វឹក និង​អ្នក​ដឹកនាំ នៅ​ព្រលានយន្តហោះ។ រូប ពន្លក

សហព័ន្ធ​ទូក បញ្ជូន​ក្រុម​អត្តពលិក​ទៅ​បោះ​ជំរំ​ហាត់ និង​ប្រកួត​នៅ​ជប៉ុន

ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​ទូក​កានូ ​និង​រ៉ូអ៊ីង​កម្ពុជា​ បាន​បញ្ជូន​កីឡាករ ​និង​កីឡាកា​រិនី​ចំនួន ​១៥ ​នាក់ (ស្រី ១ ​នាក់) ​ឲ្យ​ចេញ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ទី​នោះ ព្រម​ទាំង​ចូលរួម​ប្រកួត​លក្ខណៈ​មិត្តភាព​កម្ពុជា-​ជប៉ុន ​ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​សម្រាប់​ការ​ប្រកួត​​អន្តរជាតិ​នានា ​ក៏​ដូចជា​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ផង​ដែរ។

លោក​ ស៊្រុន​ លាង​ គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា​៖ ​«យើង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស ​ជប៉ុន ​ដើម្បី​ត្រៀម​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ​នៅ​ថ្ងៃទី ​២២​ ដល់ ​២៤​ ខែ ​កញ្ញា ​ឆ្នាំ ​២០១៩​ ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ល្អ​ និង​ស្វែងរក​ការ​ប្រកួត ​និង​បទ​ពិសោធ​ថែម​ទៀត»​។

តាម​លោក​ ស៊្រុន​ លាង​ ​បាន​ឲ្យ​ដឹង​ថា ​សម្រាប់​ការ​ប្រកួត​មិត្តភាព​នោះ ​​ក្រុម​​កម្ពុជា​នឹង​លេង​​វិញ្ញាសា​ជា​ឯកត្តជន, គូ ​និង​ប្រកួត​ជា​ក្រុម ​ដែល​លេង​ជា​ប្រភេទ​ទូក​កានូ ​(​អុំ​លុត​ជង្គង់​) ប្រភេទ​កាយ៉ាក់ ​(អុំ​សណ្តូក​ជើង​)​ និង​ប្រភេទ​រ៉ូអ៊ីង ​(អុំ​ថយ​ក្រោយ)​ ដោយ​​ក្នុង​នោះ​មាន​ការ​ប្រកួត​វិញ្ញាសា​ចម្ងាយ​ ២០០ ​ម៉ែត្រ​ និង ​៥០០ ​ម៉ែត្រ​។​

ចំណែក​លោក ​ថូ ​លីដា ​​ប្រធាន​ក្រុម​ដឹកនាំ បាន​និយាយ​ថា​៖ «​យើង​បាន​ហ្វឹកហាត់​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ជា​ប្រចាំ​រយៈពេល ​៣ ​ខែ​មក​ហើយ​ ក្រោម​ការ​ឧបត្ថម្ភ​ពី​លោក​ ជា​ ប៊ុនហេង​ ដែល​ធ្វើ​ឲ្យ​អត្តពលិក​មាន​កម្លាំង ​និង​សមត្ថភាព​ល្អ​។​ ចំណែក​ការ​ចេញ​ទៅ​ហ្វឹកហាត់​ និង​ប្រកួត​នៅ​ក្រៅ​ប្រទេស​លើក​នេះ នឹង​ធ្វើ​ឲ្យ​យើង​មាន​កម្រិត​បច្ចេកទេស​ល្អ​ជាង​នៅ​ក្នុង​ស្រុក​ ព្រោះ​ទាំង​សម្ភារ ​និង​បច្ចេកទេស​ គ្រូ​បង្វឹក​ ព្រម​ទាំង​ពេលវេលា​ ក៏​ដូច​ទីលាន ​គឺ​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ រីឯ​​ទីលាន​ហ្វឹកហាត់​នៅ​ស្រុក​យើង ​គឺ​តាម​ទន្លេ​ ឬ​បឹង ​មិន​ទាន់​មាន​កម្រិត​ស្តង់ដា​នៅ​ឡើយ»​។​

លោក​ឧត្តម​សេនីយ៍​ឯក​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា បាន​​ឲ្យ​ដឹង​ថា ​កម្មវិធី​ទៅ​ហ្វឹកហាត់​ និង​បោះ​ជំរំ​ប្រកួត​ទូក​កានូ​ កាយ៉ាក់ ​និង​រ៉ូអ៊ីង​នេះ​ យើង​ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហព័ន្ធ​ទូក​កានូ​ កាយ៉ាក់​ប្រទេស ​ជប៉ុន ​តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

លោក​បាន​បន្ថែម​ថា៖ ​« នៅ​ក្នុង​​នោះ​ភាគី​ជប៉ុន​បាន​ជួយ​ឧបត្ថម្ភការ​ហូប​ចុក ​ស្នាក់នៅ​ និង​សំបុត្រ​យន្តហោះ​មួយ​ចប់​ ហើយ​បន្ថែម​ពី​លើ​នេះ​សម្តេច​​ក្រឡា​ហោម ស ខេង ​ក្នុង​នាម​ជា​​ប្រធាន​សហព័ន្ធ​ បាន​ឧបត្ថម្ភ​ថវិកា​ដល់​អត្តពលិក​ក្នុង​ម្នាក់ៗ​ចំនួន ​២០០ ​ដុល្លារ​ និង​សម្ភារ​មាន​សម្លៀក​បំពាក់​ខោ​អាវ​កីឡា​ផង​ដែរ»​។​

គួរ​រំឭក​ថា ​ច្រើន​ឆ្នាំ​មក​នេះ ​កីឡា​ទូក​មិន​ដែល​ទទួល​បាន​ពាន​រង្វាន់ ​ឬ​ជយលាភី​ពី​លំដាប់​អន្តរជាតិ​នោះ​ទេ​ ប៉ុន្តែ​ក្រោយ​មាន​ការ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​សហព័ន្ធ​ជា​ថ្មី ​កាល​ពី​ដើម​ឆ្នាំ ​២០១៩​ ដោយ​​មាន​លោក ​ស​ ខេង​ ជា​ប្រធាន និង​​លោក ​ជា ​ប៊ុនហេង​ ជា​អគ្គលេខាធិការ​នោះ​បាន​ធ្វើ​ឲ្យ​​ក្រុម​កីឡាករ​ទូក​របស់​សហព័ន្ធ​ទទួល​បាន​ជយលាភី ​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់​សម្គាល់​៕

អត្ថបទគួរចាប់អារម្មណ៍