ភ្នំពេញ: សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា បាន​បើក​មហាសន្និបាត​ជាថ្មី ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​ចំនួន ១៧ នាក់ សម្រាប់​ដឹកនាំ​ធ្វើ​សកម្មភាព​ក្នុង​អាណត្តិ​ទី ៣ ថ្មី ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៣។

ក្នុង​នីតិវិធី​រំលាយ​សមាជិក​ប្រតិបត្តិ​ចាស់​ចោល និង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​ថ្មី ក្រោម​អធិបតី​ភាព​លោក​តែម ម៉ឺន អគ្គលេខា​ធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក​ម៉ិល កាដូ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​កីឡា​ព្រមទាំង​កីឡាករ-កីឡាការិនី និង​មន្ត្រី​ពាក់​ព័ន្ធ​ជាច្រើន ដើម្បី​ប្រារព្វ​មហា​សន្និបាត កាល​ពី​ព្រឹក​ថ្ងៃអា​ទិត្យ ទី ៤ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ NOCC។

លោកស្រី​តាន់ ធានី ដែល​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប មាន​ប្រសាសន៍​ថា៖ «ក្នុង​អាណត្តិ​ទី ២ ចាស់​ឆ្នាំ ២០១៣ ដល់ ២០១៨ សហព័ន្ធ​ជួប​ការ​លំបាក និង​ឧបសគ្គ​ច្រើន​បំផុត ហើយ​ខ្ញុំ​នៅ​តែ​ពុះពារ និង​ខិតខំ​រក្សា​បាន​ការ​ដឹកនាំ​គ្រប់គ្រង ព្រមទាំង​ការ​ប្រកួត​មក​ដល់​បច្ចុប្បន្ន​នេះ»។

លោកស្រី​បាន​បន្តថា៖ «បញ្ហាលំបាក​មួយចំនួន​ត្រូវបាន​ដោះស្រាយ ដោយមាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើ​ដំណើរ​មក​ដល់​ពេល​នេះ ហើយ​ក៏បាន​ត្រៀម​ខ្លួន​ដើម្បី​ហ្វឹកហាត់​សម្រាប់​ចេញ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន ដែរ»។

លោក​នួន ឡេង អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា បាន​ឲ្យ​ដឹង​ដា៖ «សកម្មភាព​កីឡា​បាល់​ឱប​ក្នុង​អាណត្តិ​ចាស់​កន្លង​មក យើង​មាន​ក្លិប និង​សមាគម​ចំនួន ៧ ដែល​ហ្វឹកហាត់ និង​មាន​ការ​ប្រកួត​ដែល​សរុប​អត្តពលិក ទាំង​ក្មេង និង​ចាស់​មាន ៤៨០ នាក់ ហើយ​ប្រតិបត្តិការ​ក្នុង​លក្ខណៈ​រលូន​ខ្លះ និង​មាន​បញ្ហា​ផ្ទៃ​ក្នុង​លំបាក​ខ្លះ»។

លោក​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ​សហព័ន្ធ​បាន​ឈាន​មកដល់​ថ្ងៃ​បើក​មហាសន្និបាត​ជាថ្មី សម្រាប់​អាណ​ត្តី​ថ្មី​ទី ២ ឆ្នាំ ២០១៩ ដល់ ២០២៣ នេះ គឺជា​មោទនភាព និង​ជោគជ័យ​មួយ​ដ៏​ល្អ​ដែល​ជា ការ​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ដើម្បី​កីឡា​ទាំង​អស់​គ្នា»។

លោក ម៉ិ​ល កាដូ តំណាង ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ស្វាគមន៍ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ប្រឹង​ប្រែង​របស់​បង​ប្អូន​ក្នុង​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា ដែល​ជម្នះ​ឧបសគ្គ​ឈាន​មក​ដល់​ពេល​នេះ»។

លោក​តែម ម៉ឺន តំណាង​ឲ្យ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍ លើក​ទឹក​ចិត្ត​ចំពោះ​ការ​ខិតខំ​របស់​លោក​ស្រី​តាន់ ធានី និង​ជំរុញ​ឲ្យ​មាន​ការ​ខិតខំ​បន្ថែម​ដើម្បី​ឲ្យ​ប្រភេទ​កីឡា​បាល់​ឱប​មាន​ភាព​រីក​ចម្រើន​ឈាន​ចូល​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ពិសេស​ស៊ីហ្គេម ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​ខាង​មុខ។

លោក​បាន​បន្តថា ចំពោះ​សមាសភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ក្រោយ​បោះ​ឆ្នោត​មាន​ចំនួន ១៧ នាក់ លោក​ស្រី​តាន់ ធានី ជា​ប្រធាន​សហព័ន្ធ លោក​ម៉ូ ណាំង​ហ្វីលីព, លោក លន់ សាមឌី, លោក​ខេង សុភាព និង​លោក​វណ្ណៈ វីរៈ ជា​អនុ​ប្រធាន លោក​ម៉ សំរេច អនុ​ប្រធាន​ទី ១ លោក​នួន ឡេង អគ្គ​លេខា​ធិការ លោក​យ៉ន់ វ៉ាន់​ថា អគ្គ​ហេរញ្ញិក លោក​ព្រេជ រតនា លោក​ចន ម៉ូហ្សា លោក​ចន សាមឺឌី លោក​ជ្រូ គឹម​សៀង និង​លោក អ៊ុត វុទ្ធី ជា​សមាជិក​ប្រតិបត្តិ៕