ភ្នំពេញ: ការសម្រេច​បែងចែក​ដាច់​ពី​គ្នា​រវាង​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា និង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ធ្វើឲ្យ​ក្រុម​ប្រដាល់​សកល​មាន​ភាពស្ងប់ស្ងាត់​លើ​សកម្មភាព ឬ​ការ​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​បញ្ហា​នេះ​បាន​ធ្វើឲ្យ​ឱកាស​ក្នុង​ការប្រកួតប្រជែង​រក​មេដាយ​នៅ​ស៊ីហ្គេម​របស់​ប្រដាល់​សកល​កាន់តែ​លែង​មាន ខណៈ​អ្នក​ប្រដាល់​សកល​ស្ទើរតែ​ទាំងអស់​បាន​បង្ខំចិត្ត​ទៅ​ប្រកួត​ប្រដាល់​សេរី​នៅ​តាម​សង្វៀន​ផ្សេងៗ ដើម្បី​ទទួល​បាន​ប្រាក់​ផ្គត់ផ្គង់​លើ​ជីវភាព​ប្រចាំថ្ងៃ​។

អ្វី​ដែល​មតិសាធារណៈ​មួយ​ចំនួន​នៅ​តែ​មន្ទិល និង​មិន​ជ្រះស្រឡះ​នោះ​គឺ​សកម្មភាព​កីឡា​ប្រដាល់​សកល​មិន​ដែល​ឃ្លាត​ចេញ ឬ​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រដាល់​គុន​ខ្មែរ​នៅ​ឡើយ​ស្រប​ពេល​ដែល​មន្ត្រី​ថ្នាក់ដឹកនាំ​សហព័ន្ធ​គឺ​ភាគច្រើន​លើសលុប​ជា​មន្ត្រី​តែ​មួយ​។ មាន​ន័យ​ថា​អ្នក​ទាំងនោះ​មាន​ឋានៈ និង​តួនាទី​នៅក្នុង​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ផង និង​នៅ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ផង​គឺ​មាន​ការបែងចែក​តែ​សហព័ន្ធ​ប៉ុណ្ណោះ​។

តាម​សង្កេត​ជាទូទៅ​ប្រដាល់​សកល​ក្រោម​ការដឹកនាំ​របស់​លោក ឆឹង យ៉ៅយ៉េន ជា​ប្រធាន​មួយរយៈ​ពេល​នេះ​ហាក់​ដូចជា​ស្ងាត់​ជាង​កាល​ដែល​នៅ​រួម​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ប៉ុន្តែ​កាលពី​ថ្ងៃ​អាទិត្យ​ទី​ ១០ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ធ្វើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​ក្លិប​កីឡាប្រដាល់​សកល​អាជីព Motohashi របស់​ប្រទេស​ជប៉ុន​។

សកម្មភាព​ប្រដាល់​សកល​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នាពេល​កន្លង​មក​។ ស្រេង ម៉េងស្រ៊ុន

អនុស្សរណៈ​យោគយល់​គ្នា​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​នោះ​អាច​ជា​ពន្លឺ​មួយ​ជួយ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​អាច​អភិវឌ្ឍ និង​ពង្រឹង​សមត្ថភាព​កីឡាករ​របស់​ខ្លួន​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ និង​ការចូលរួម​ប្រជែង​រក​មេដាយ​ក្នុង​ការប្រកួត​នៅលើ​អន្តរជាតិ​នានា​។

លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​៖ «​ឆ្លងកាត់​ការប្រកួត​កន្លងមក​ក្នុង​តំបន់​អាស៊ាន​កម្ពុជា​យើង​មិន​ទាន់​អាច​ទៅ​រួច​ដូច​បណ្តា​ប្រទេស​ទាំង​នោះ​ទេ ទាំង​កម្រិត​បច្ចេកទេស​សមត្ថភាព និង​បទពិសោធ​អ៊ីចឹង​ហើយ​ការចុះ MoU ពេល​នេះ​ជា​ឱកាស​សម្រាប់​កីឡាករ​កម្ពុជា​យើង ព្រោះ​ខាង​ជប៉ុន​អាច​មក​ហ្វឹកហាត់ និង​ប្រកួត​នៅ​កម្ពុជា និង​មួយ​វិញ​ទៀត​កីឡាករ កីឡាការិនី​របស់​កម្ពុជា​អាច​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ដើម្បី​ទទួល​បាន​បទពិសោធ​ល្អៗ និង​ថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ​»​។

នៅក្នុង​ការចុះ MoU នោះ ក្លិប​ប្រដាល់ Motohashi របស់​ជប៉ុន​បាន​ជួយ​ជា​ថវិកា​សម្រាប់​ការជួសជុល កែលម្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ហ្វឹកហាត់​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​កម្ពុជា​នឹង​ទទួល​បាន​នូវ​បច្ចេកទេស​ថ្មីៗ​ពី​ប្រទេស​ជប៉ុន​ដែល​មាន​បំណង​តែ​មួយគត់​គឺ​ជួយ​កម្ពុជា​ឲ្យ​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ ពិសេស​នៅ​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​និយាយ​ថា​៖ «​ប្រដាល់​សកល​មិន​ទាន់​មាន​ទីផ្សារ​ប្រកួត​ច្រើន​ដូច​ប្រដាល់​គុន​ខ្មែរ​នោះ​ទេ ហើយ​ជា​ផ្លូវការ​កន្លង​មក​គឺ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ យើង​អាច​រៀបចំ​ការប្រកួត​បាន​ត្រឹម​ ២ ​ដង​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​មាន​ដៃគូ​សហការ​ជាមួយ​ក្លិប​ប្រដាល់ Motohashi របស់​ជប៉ុន​នេះ ប្រដាល់​សកល​របស់​យើង​នឹង​មាន​ភាព​រីកចម្រើន​ជាង​មុន ខណៈ​បច្ចុប្បន្ន​កីឡាករ​ប្រដាល់សកល​មួយ​ចំនួន​កំពុង​មាន​អាជីព​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដើម្បី​មាន​ប្រាក់​ចំណូល ខណៈ​ដែល​ប្រដាល់​សកល​ខ្សត់​កម្មវិធី​ប្រកួត និង​ខ្សត់​ប្រាក់​ចំណូល​»៕