ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ​បាន​អំពាវនាវ​ដល់​ប្រធាន​សមាគម-ក្លិប ព្រមទាំង​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ កីឡាការិនី ចំណុះឱ្យ​គុន​ខ្មែរ​ទាំងអស់ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ឱ្យ​បាន​គ្រប់គ្នា បើ​មិន​ដូច្នោះ​ទេ គឺ​មិន​អនុញ្ញាត​ឱ្យចូល​បម្រើការ និង​ប្រកួត​នៅ​តាម​ស្ថានីយទូរទស្សន៍ និង​កម្មវិធី​ផ្សេងៗ​ទៀត​បានទេ។ នេះ​ជា​វិធាន​ ដើម្បី​ការពារ​ជំងឺឆ្លង​កូវីដ១៩ ដែល​សហព័ន្ធ​ប្រដាល់​គិតគូរ និង​ចូលរួម​សហការ​បង្ការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា។

យោងតាម​សេចក្តី​អំពាវនាវ​របស់​សហព័ន្ធ​មាន​ន័យ​ថា៖ «សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អំពាវនាវ និង​ជំរុញ​ដល់​គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ កីឡាការិនី​គុន​ខ្មែរ តាម​បណ្តា​សមាគម និង​ក្លិប​ទាំងអស់ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ឱ្យ​បាន​ទាំងអស់​គ្នា​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការចូលរួម​ចាក់​វ៉ាក់សាំង​ទប់ស្កាត់​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ឱ្យ​បាន​ទាំងអស់​គ្នា»។

បន្ថែម​លើ​ការអំពាវនាវ​នេះ​លោក តែម ម៉ឺន បាន​ថ្លែងថា៖ «នៅពេល​ខ្លី​ខាងមុខ​នេះ យើង​សង្ឃឹមថា​នឹង​បើក​ការប្រកួត​ឡើងវិញ ហើយ​ប្រជាពលរដ្ឋ​យើង ពិសេស​អត្តពលិក មន្ត្រី​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​នឹង​ការប្រកួត​បាន​បំពេញ​កាតព្វកិច្ច​នេះ (ចាក់​វ៉ាក់សាំង) ដើម្បី​យើង​អាច​នឹង​ធានា​បាន​នូវ​សុវត្ថិភាព​ល្អប្រសើរ»។

ប្រធាន​សហព័ន្ធ​រូបនេះ​បាន​បញ្ជាក់ថា៖ «បើសិន​បងប្អូន​មន្ត្រី​បច្ចេកទេស​កីឡាករ កីឡាការិនី មិន​អនុវត្តតាម​គោលការណ៍ (ចាក់​វ៉ាក់សាំង) នេះ​ទេ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចូលធ្វើការ និង​ពុំ​អនុញ្ញាត​ឱ្យ​ឡើង​ប្រកួត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ និង​កម្មវិធី​ផ្សេងៗ​ទៀត​បានឡើយ»។

ក្រុមមន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ពេល​ចូលរួម នៅក្នុង​សន្និសីទកាសែត​ជុំគ្នា មុនពេល​ជំងឺ​កូវីដ វាយលុក​កម្ពុជា។

បន្ថែម​ពីលើ​នេះ លោក តែម ម៉ឺន បាន​ជំរុញ​ដល់​លោក​ប្រធាន​សមាគម និង​ក្លិប ជួយ​ជំរុញ​លើកទឹកចិត្ត និង​ដាស់តឿន​ដល់​គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ កីឡាការិនី ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​​ COVID-19 ឱ្យ​បាន​គ្រប់ៗ​គ្នា​កុំបី​ខាន ព្រម​ទាំង​ចូលរួម​រក្សា ៣ ការពារ ៣ កុំ តាម​បទបញ្ជា​របស់​ក្រសួង​ជំនាញ និង​រាជរដ្ឋាភិបាល​ទាំងអស់​គ្នា។

តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​សង្កត់ធ្ងន់​ទៅលើ​វិធានការ​ច្បាស់លាស់ ដោយ​មិន​ទទួល​យក​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​គណៈកម្មការ​រៀបចំ​ប្រកួត​ឱ្យ​ចូល​បំពេញ​ការងារ​នោះទេ ប្រសិន​បើ​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ រួចរាល់​ទេនោះ។

គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ឯកជន​ជាច្រើន ដើម្បី​រៀបចំ​ឱ្យមាន​ការប្រកួត​ប្រដាល់​ដោយ​មាន​ការផ្សាយ​ផ្ទាល់​នៅ​ចុង​សប្តាហ៍​មាន​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃអាទិត្យ​ក្នុង​នោះ​មាន​កីឡាករ​ចូលរួម​ប្រកួត​សរុប​ប្រហែល ១៦០ នាក់ ក្នុង ១ សប្តាហ៍ និង​មាន​គណៈកម្មការ​រួមមាន​ចៅក្រម​អាជ្ញាកណ្តាល ក្រុម​ភ្លេង មន្ត្រី​ជំនាញ ពេទ្យ បុគ្គលិក​បម្រើការ ព្រមទាំង​ពិធីករ ពិធីការិនី​បន្ថែមទៀត សរុប​ប្រកួត​លើកៗ​ខ្ទង់ ៥០ នាក់ ហើយ​ចំនួន​នេះ វា​ប្រឈម​ទៅនឹង​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​ឆ្លង​ជំងឺ។

កន្លងមក ការប្រកួត​ធ្លាប់​បើក និង​បិទៗ​ជា​ញឹកញយ ប៉ុន្តែ​ជាង ៣ សប្តា្តហ៍​កន្លងមកនេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែ​ បាន​បិទ​ការប្រកួត​ទាំងស្រុង គ្រប់​ស្ថានីយ ដោយ​មិនទាន់​មាន​ដំណឹង​ថា នឹង​បើក​ឡើងវិញ នៅពេល​ណា​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ចន្លោះ​នេះ ប្រធាន​សហព័ន្ធ​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​រួចរាល់៕