ភ្នំពេញៈ ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​​លោក​ឧត្តមសេនីយ៍​ឯក​ តែម​ ម៉ឺន​ បាន​កំណត់​ពី​កាល​បរិច្ឆេទ ​ដើម្បី​ប្រកួត​ប្រដាល់​ជ្រើសរើស​​ជើងឯក​​ជាតិ ​ប្រចាំ​ឆ្នាំ ២០១៩​ និង​បាន​កំណត់​ឲ្យ​ផ្អាក​ការ​ប្រកួត​ជា​លក្ខណៈ​​ឯកជន​នៅ​​តាម​សង្វៀន​ប៉ុស្តិ៍​នានា​ ដើម្បី​កុំ​​ឲ្យ​ជាន់​គ្នា​ទៅ​នឹង​ការ​​ប្រកួត​ថ្នាក់​ជាតិ​ដូច​ពេល​កន្លង​មក។​

បន្ថែម​ពី​លើ​នេះ​ការ​ប្រកួត​ថ្នាក់​ជាតិ ឆ្នាំ​នេះ​ នឹង​ធ្វើ​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ​ដោយ​មាន​ផ្សាយ​ផ្ទាល់​​តាម​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ ​៥ ​និង​កំណត់​ស្វែងរក​ឲ្យ​បាន​នូវ​ប្រាក់​រង្វាន់​បន្ថែម​ពី​វិស័យ​ឯកជន​ដល់​កីឡាករ​ឈ្នះ​​ជយលាភី​លេខ ​១ ​ចំនួន ​៣០០ ​ដុល្លារ ​លេខ ​២ ​បាន ​២០០ ​ដុល្លារ ​និង​លេខ ​៣ ​ចំនួន ​១០០ ​ដុល្លារ ​ដើម្បី​​ឲ្យ​ជើង​ខ្លាំងៗ​មួយ​ចំនួន​ចូល​ប្រកួត​ ព្រោះ​ច្រើន​ឆ្នាំ​កន្លង​មក​ លេខ ​១ ​​បាន​តែ ​៣០ ​ម៉ឺន​រៀល​ លេខ ​២ ​បាន​ ​២០ ​ម៉ឺន ​និង​លេខ ​៣ ​បាន ​១៦ ​ម៉ឺន​រៀល​ប៉ុណ្ណោះ។

លោក ​តែម ​ម៉ឺន ​​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំកាល​ពី​ថ្ងៃ​អង្គារ​​ថា​៖ ​«​គណៈកម្មាធិការ​ប្រតិបត្តិ​ និង​តំណាង​ខាង​ទូរទស្សន៍​មួយ​ចំនួន​ ដែល​មាន​កម្មវិធី​ប្រដាល់​ផ្សាយផ្ទាល់​នៅ​ចុង​សប្តាហ៍ ​បាន​ពិភាក្សា និង​យល់ព្រម​ឯកភាព​គ្នា​នៅ​គ្រប់​ស្ថានីយ​ទូរទស្សន៍​​នានា​ឲ្យ​ផ្អាក​ការ​ប្រកួត ​១ ​សប្ដាហ៍​ ដើម្បី​ទុក​ឱកាស​សម្រាប់​អ្នក​ប្រដាល់​​របស់​យើង​បាន​សម្រាក​​ត្រៀម​ខ្លួន​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឲ្យ​បាន​ល្អ ​ខណៈ​ដែល​ច្រើន​ឆ្នាំ​កន្លង​មក ​កីឡាករ​ទៅ​វ៉ៃ​ជើងឯក​ផង និង​​ទៅ​វ៉ៃ​តាម​ប៉ុស្តិ៍​ទៀត​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​»។​

លោក ​តែម ​ម៉ឺន​ បាន​បន្ថែម​ថា​៖ «​យើង​មាន​កំណែ​ទម្រង់​ថ្មី​បន្ថែម​ទៀត​ គឺ​ការ​ប្រកួត​តាម​សង្វៀន​ទូរទស្សន៍​នីមួយៗ​ ក្រោយ​ពេល​ចាញ់​ដោយ​សន្លប់​ គឺ​កីឡាករ​ត្រូវ​តែ​សម្រាក​សិន​ មិន​ឲ្យ​ចាប់​គូ​ឡើង​ប្រកួត​នៅ​សប្តាហ៍​បន្ទាប់​ទេ​។

ជាមួយ​គ្នា​នេះ​កីឡាករ​ឆ្នើមៗ​ ដែល​បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ​ គឺ​មិន​អនុញ្ញាត​​ឲ្យ​ប្រកួត​រៀងរាល់ ​១ ​សប្តាហ៍​ម្តង​នោះ​ទេ​ គឺ​យ៉ាង​ហោច​ណាស់ ​២ ​សប្តាហ៍ ​ប្រកួត​ម្តង ​ឬ​អាច​និយាយ​ថា​ ១ ​ខែ ​ប្រកួត​បាន​តែ ​២ ​ដង​ប៉ុណ្ណោះ​»។​​

ចំណែក​លោក​ឧត្តម​សេនីយ៍​ទោ​ វ៉ា ស៊ិនភិរម្យ ​ទីប្រឹក្សា​ជាន់​ខ្ពស់​ NOCC​ និង​អនុ​ប្រធាន​ទី១ ​សហព័ន្ធ​បាន​ថ្លែង​​ថា​៖ «​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥​ បាន​ទទួល​សិទ្ធិ​ផ្សាយផ្ទាល់​ពី​ការ​ប្រកួត​ជម្រើស​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ ​២០១៩​​ ហើយ​ខ្ញុំ​សុំ​ឲ្យ​ទូរទស្សន៍​​ដទៃ​ទៀត​ជួយ​គាំទ្រ​ផង ​ពិសេស​ការ​ផ្អាក ​១ ​សប្តាហ៍​កុំ​ឲ្យ​ជាន់​កម្មវិធី​គ្នា​»។​

សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ​២០១៩ នេះ គ្រោង​នឹង​ធ្វើ​ចាប់​ផ្ដើម​ពី​ថ្ងៃទី ៧​ ដល់ទី ១១​ ខែ ​តុលា​ ឆ្នាំ ​២០១៩ ក្នុង​នោះ​​ផ្នែក​បុរស​​មាន ​១០ ​ប្រភេទ​ទម្ងន់​ខុស​ពី​​រាល់​ឆ្នាំ​មុនៗ​មាន ៨ ​ប្រភេទ​ទម្ងន់ គឺ​ទម្ងន់ ៤៨ ​គីឡូ​ក្រាម​ ៥១ ៥៤ ​៥៧ ៦០​ ៦៣,៥​ ៦៧ ៦៩ និង​ទម្ងន់ ​៧១ ​គីឡូក្រាម​។​ ចំណែក​ផ្នែក​នារី​វិញ​មាន ៦ ​ប្រភេទ​ទម្ងន់​ គឺ ៤៨ ​គីឡូ​ក្រាម ​៥១ ៥៤ ​៥៧ ៦០​​និង ៦៣,៥ គីឡូក្រាម​។​

យ៉ាង​ណា​ក៏​ដោយ កីឡាករ កីឡាការិនី ដែល​​អាច​ចូលរួម​ការ​ប្រកួត​កីឡា​ប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ​ប្រចាំ​​ឆ្នាំ ២០១៩ នេះ ​បាន​ត្រូវ​ឆ្លង​ការ​ប្រកួត​ចម្រាញ់​ចេញ​ពី​សមាគម ក្រសួង ខេត្ត និង​រាជធានី​ឲ្យ​បាន​​ត្រឹមត្រូវ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ថ្នាក់​ជាតិ មាន​ភាព​ស្វិតស្វាញ។

លោក តែម ម៉ឺន បាន​និយាយ​ថា៖ «​ការ​ប្រកួត​ឆ្នាំ​នេះ​ នឹង​ធ្វើ​ដូច​រាល់​ឆ្នាំ​ដែរ​ គឺ​សមាគម​ ក្រសួង​ រាជធានី​ និង​ខេត្ត​ ត្រូវ​ធ្វើ​ការ​ចម្រាញ់​​កីឡាករ ​កីឡាការិនី​ខ្លាំងៗ​របស់​ខ្លួន ​ដោយ​មួយ​ប្រភេទ​ទម្ងន់​ យក​តែ ​១ រូប​ប៉ុណ្ណោះ​ និង​មិន​អាច​តវ៉ា​ថា ​ខេត្ត​ខ្សោយ​ជាង​រាជធានី ​ឬ​ក្រសួង​ទៀត​​នោះ​ឡើយ​»៕