ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បាន​ចាប់​ផ្តើម​ពង្រឹង​សក្តានុពល​របស់​ខ្លួន​តាមរយៈ​ការ​​បង្កើន​ការ​ហ្វឹកហាត់​ក្នុង​ស្រុក នឹង​គ្រោង​បញ្ជូន​អត្តពលិក​ ​៥ ​នាក់ ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​កូរ៉េ ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​​ស៊ីហ្គេម​ឆ្នាំ ​២០២៣ នៅ​កម្ពុជា និង​កីឡា អូឡាំពិក​រដូវ​រងា​នៅ​​ចិន។

ការ​ចាប់​ផ្តើម​ពង្រឹង​សក្តានុពល​នេះ ក៏​ព្រោះ​តែ​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ភាគ​ច្រើន​ បាន​​ស្នើ​ឲ្យ​មាន​ប្រភេទ​កីឡា​លើក​​ទម្ងន់​នេះ ​ក្នុង​ស៊ីហ្គេម​ឆ្នាំ ​២០២៣​ នៅ​កម្ពុជា​​ ព្រោះ​នេះ​ជា​ប្រភេទ​​ក្នុង​កីឡា​អូឡាំពិក ​ខណៈ​កន្លង​មក​កម្ពុជា​មិន​ធ្លាប់​បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជម្រើស​ជាតិ​ ចេញ​ទៅ​ប្រកួត​ក្នុង​ស៊ីហ្គេម​នៅ​ឡើយ។​

លោក​ សំ​ សុខយី​ អគ្គ​លេខាធិការ​​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បាន​ប្រាប់​​ថា​៖ «​សហព័ន្ធ​ត្រៀម​បញ្ជូន​អត្តពលិក ៥ នាក់ ​​ទៅ​ហ្វឹកហាត់​ប្រទេស​កូរ៉េ ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០២០​ ត្រៀម​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​ ឆ្នាំ ​២០២២ ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ និង​ប្រកួត​ស៊ីហ្គេម​លើក​ទី ៣២ ឆ្នាំ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ រីឯ​ស៊ីហ្គេម​ ឆ្នាំ ​២០២១​ នៅ​វៀតណាម​ យើង​ស្ថិត​ក្នុង​ការ​​បម្រុង​នៅ​ឡើយ​ ដោយ​រង់ចាំ​លទ្ធផល​ការ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ ​រយៈពេល​វែង​សិន​ថា ​មាន​លទ្ធផល​ដូច​ម្តេច?​​»។​

សម្រាប់​អត្តពលិក​ទាំង ​៥ ​នាក់ (ស្រី ២ នាក់) ដែល​ត្រៀម​បញ្ជូន​ទៅ​ហាត់​នៅ​កូរ៉េ ​មាន​កីឡាការិនី សេង ​ប៉ូរិន ជា​ប្រធាន​ក្រុម​ក្នុង​​ទម្ងន់​ក្រោម ​៤៩ ​គីឡូក្រាម​ ស៊ឺន ​លីណា​ ទម្ងន់​ក្រោម ៥៩ ​គ.ក្រ ​កីឡាករ ​ទឺ​ ម៉ាច​ ​ទម្ងន់​ក្រោម ​៥៥ ​គ.ក្រ យិន សុវណ្ណ​ ​ទម្ងន់​ក្រោម ​៤៨ គ.ក្រ​ និង​កីឡាករ ​ឈាង ​ដេវិត ទម្ងន់​ក្រោម ​៦១ ​គ.ក្រ​។​

ចំណែក លោក​ វ៉ាត់​ ចំរើន​ ជា​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បាន​​ប្រាប់​​ភ្នំពេញប៉ុស្តិ៍​ កាល​ពី​​ថ្ងៃ​អាទិត្យ​​ថា​៖ «លើក​ទម្ងន់ ​ជា​ប្រភេទ​កីឡា​ក្នុង​​អូឡាំពិក​ ហើយ​​កន្លង​មក​យើង​​មិន​ធ្លាប់​បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជម្រើស​ជាតិ​ និង​បញ្ជូន​ទៅ​ប្រកួត​ក្នុង​ស៊ីហ្គេម​ទេ ​ប៉ុន្តែ​លក្ខណៈ​ឯកជន​មាន​អត្តពលិក​កូន​ខ្មែរ ​នៅ​ក្រៅ​ប្រទេស​ចេញ​ទៅ​​ប្រកួត​លក្ខណៈ​ឯកជន​ដណ្តើម​បាន​មេដាយ​មាស»​​។​

លោក​បន្ត​ថា​ បច្ចុប្បន្ន​កីឡា​លើក​ទម្ងន់​បាន​ចូល​ជា​សមាជិក​សហព័ន្ធ​លើក​ទម្ងន់​ពិភព​លោក​រួច​ហើយ​ និង​​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ និង NOCC រួច​ហើយ​ដែរ។ ក្នុង​រយៈ​ពេល​បង្កើត​បាន​ជា​សហព័ន្ធ​លើក​ទម្ងន់​ក្នុង​អាណត្តិ​នេះ ​រយៈពេល ​៣ ​ឆ្នាំ​ យើង​រក្សា​បាន​ការ​ហ្វឹកហាត់​ត្រៀម​ក្នុង​ស្រុក​ និង​មិន​ទាន់​ទូលំទូលាយ​ផុលផុស​ គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ​ ប៉ុន្តែ​ប្រភេទ​កីឡា​នេះ​ នឹង​មាន​សម្ទុះ​​ក្រោយ​បាន​ទៅ​ហាត់​នៅ​​ក្រៅ​ប្រទេស​។​

នៅ​ពេល​សួរ​ថា ​តើ​កីឡា​លើក​ទម្ងន់​កម្ពុជា​អាច​មាន​​សក្តានុពល​​កម្រិត​​ណា​ សម្រាប់​ការ​ប្រកួត​ក្នុង​កម្រិត​អន្តរជាតិ​ ពិសេស​ស៊ី​ហ្គេម​នោះ​?​ ​លោក ​វ៉ាត់ ​ចំរើន បាន​ឆ្លើយ​តប​ថា​៖ ​«កីឡា​លើក​ទម្ងន់​នេះ​ បើ​ហ្វឹកហាត់​បាន​ល្អ​ជាប់​ជា​ប្រចាំ​ជាមួយ​គ្រូ​ជំនាញ​បរទេស​នៅ​ក្រៅ​​ដូច​ជា​នៅ​​កូរ៉េ ​ឬ​ចិន ​ត្រឹម​រយៈពេល ​២ ​ទៅ ៣​ ឆ្នាំ​​ គឺ​យើង​នឹង​អាច​ឈាន​ដល់​កម្រិត​បច្ចេកទេស​ខ្ពស់​បាន​ឆាប់ ហើយ​ក៏​នឹង​ងាយ​​រក​បាន​មេដាយ​ ខណៈ​​កន្លង​មក​កីឡាការិនី​ខ្មែរ​សុរិន​ធ្លាប់​ឈ្នះ​បាន​មេដាយ​មាស​អូឡាំពិក (លេង​ឲ្យ​ថៃ) ​អ៊ីចឹង​​យើង​កំពុង​ស្វែងរក​អត្តពលិក​កូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ចូល​រួម​ហ្វឹកហាត់​ និង​ប្រកួត​ឲ្យ​កម្ពុជា​»។​

ចំណែក​អ្នក​ស្រី ទ្រី​ សុថា​វី ​ជា​គ្រូ​បង្វឹក​បាន​​និយាយ​ថា​៖ «​យើង​មាន​ការិយាល័យ​ និង​ទី​កន្លែង​ហ្វឹកហាត់​ហើយ​ គឺ​នៅ​ជាន់​ទី ​៤ ​ក្នុង​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​។ ​យើង​មាន​ធនធាន​អត្តពលិក​ល្អ​មួយ​ចំនួន​ ប៉ុន្តែ​យើង​ស្វាគមន៍​​ចំពោះ​អ្នក​ស្រឡាញ់​និយម​ចូល​ចិត្ត​ប្រភេទ​កីឡា​នេះ​ គឺ​អាច​មក​សុំ​ហ្វឹកហាត់​បាន ​ដើម្បី​ក្លាយ​ខ្លួន​ជា​អត្តពលិក​ឆ្នើម​ឈាន​ទៅ​ជា​ជម្រើស​ជាតិ​ដណ្តើម​មេដាយ​ជូន​ជាតិ​»៕