The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សហព័ន្ធ​វាយកូន​ឃ្លី​លើ​តុ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ថ្នាល​នៅ​មូលដ្ឋាន




សហព័ន្ធ​វាយកូន​ឃ្លី​លើ​តុ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ថ្នាល​នៅ​មូលដ្ឋាន

Content image - Phnom Penh Post
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា។ សហ​ការី

សហព័ន្ធ​វាយកូន​ឃ្លី​លើ​តុ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ថ្នាល​នៅ​មូលដ្ឋាន

ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ​ដែល​បាន​ប្រារព្ធ​​ការ​ប្រកួត​ជម្រើស​ជើងឯក​ជាតិ​ថ្នាក់​​ជាតិ​ប្រចាំ​ឆ្នាំ ​២០២០ ​មុន​គេ ដោយ​​មិន​លើក​យក​មក​ធ្វើ​នៅ​​ឆ្នាំ ​២០២១ ដូច​សហព័ន្ធ​មួយ​ចំនួន​​នោះ គឺ​​បច្ចុប្បន្ន​បាន​និង​កំពុង​ផ្តោត​លើ​ការងារ​បណ្តុះបណ្តាល​ និង​ការ​ហ្វឹកហាត់ ​ខណៈ​ដែល​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​នេះ​ ត្រូវ​បាន​ផ្តល់​ជូន​សិក្ខាកាម​​ចំនួន ៣០ ​​នាក់ ​នៅ​ខេត្ត​កំពត ដោយ​ចាប់​ផ្តើម​​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃទី ​២៣​ ខែ ​មករា ​ឆ្នាំ ​២០២១​ ​ក្រោម​កញ្ចប់​ថវិកា​ចំណាយ​​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​ក្នុង​ឆ្នាំ ​២០២១​។​

លោក ​ស៊ុន ​សុទ្ធារិទ្ធ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយកូន​​ឃ្លី​លើ​តុ​កម្ពុជា​បាន​ប្រាប់​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​នេះ​ មាន​​វាគ្មិន ​ជា​គ្រូ​ឧទ្ទេសនាម​​ចំនួន​ ​៥ រូប ​រួម​​មាន​រូប​លោក​ផ្ទាល់​ លោក​ បោយ​ បញ្ញា លោក​ ឃុន ​ផានិត​ និង​ លោក​ ង៉ូយ ប៊ុនថង។​ ចំណែក​​សិក្ខាកាម​ចំនួន ​៣០ ​នាក់​នោះ​ មាន​មក​ពី​បណ្ដា​វិទ្យាល័យ អនុវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពត​។

ជាមួយ​គ្នា​​នេះ កម្មវិធី​​សិក្សា​បាន​ផ្តោត​ទៅ​នឹង​បច្ចេកទេស​ជា​មូលដ្ឋាន​កម្រិត​បឋម​ និង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិ​សង្ខេប​របស់​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​អន្តរជាតិ ​និង​ប្រវត្តិ​សង្ខេប​របស់​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លី​កម្ពុជា ​ព្រម​​ទាំង​ច្បាប់​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ការ​កម្តៅ​សាច់​ដុំ​ និង​ការ​បន្ធូរ​​ភាព​តានតឹង​សាច់​ដុំ នៅ​មុន​ពេល ​និង​ក្រោយ​ពេល​​ប្រកួត​ រួម​ទាំង​ហ្វឹកហាត់​ពី​របៀប​ប្រើ​រ៉ាកែត​ និង​ជំហរ​ប្រុង​​ប្រៀប​​​ទទួល​​កូន​បាល់​​នៅ​​ពេល​​ដៃគូ​​វ៉ៃ​មក​។

លោក​បាន​បន្ត​ថា ការ​សិក្សា​នេះ​ គឺ​ធ្វើ​ការ​អនុវត្ត​លើ​ទីលាន​ហ្វឹកហាត់​ ដោយ​ប្រើ​បច្ចេកទេស​វាយ​ស្ដាំដៃ​ វាយ​អូស ​វាយ​ផ្ទប់​ស្ដាំដៃ​ បច្ចេកទេស​វាយ​ឆ្វេង​ដៃ ​វាយ​អូស​ និង​ទប់ឆ្វេង​ដៃ​ គឺ​អនុវត្ត​ជាក់​ស្តែង​ ជា​ពិសេស​ហ្វឹកហាត់​ពី​បច្ចេកទេស​នៃ​របៀប​ទទួល​សេវា ​(ទទួល​សឺវីស​) ​ពី​ដៃ​គូ​ឱ្យ​បាន​ល្អ​។​ ក្នុង​នោះ​ដែរ​ក៏​មាន​កម្មវិធី​ការ​បង្ហាត់ ​និង​បង្ហាញ​បច្ចេកទេស​​ដល់​សិស្ស ​នៅ​សាលារៀន​ក្រុង​កំពត​ទៀត​ផង។

លោក ​ស៊ុន ​សុទ្ធារិទ្ធ​ បាន​បញ្ជាក់​​ថា​៖ «​​សិក្ខាកាម​ដែល​បាន​​ចូល​រៀន​វគ្គ​នេះ​ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ ដើម្បី​ទទួល​បាន​លិខិត​បញ្ជាក់​វិញ្ញាបនបត្រ​ ហើយ​វគ្គ​សិក្សា​ជា​មូលដ្ឋាន​នេះ​ សំខាន់​ណាស់​ ​ព្រោះ​ជា​ថ្នាល​បណ្តុះបណ្តាល​យុវជន​វ័យ​ក្មេង​នៅ​​តាម​សាលារៀន​តាម​ខេត្ត ដែល​យើង​អាច​មើល​ឃើញ​ពី​ទេពកោសល្យ​​ពួក​គេ ​ដើម្បី​សម្លឹង​រក​អ្នក​ឆ្នើម​សម្រាប់​ជម្រើស​ជាតិ​»។

គួរ​​រំឭក​​ថា​ សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​​លើ​តុ​​កម្ពុជា ​ទទួល​បាន​ថវិកា​ចំនួន ​៦០ លាន​រៀល ​ក្នុង ​១ ឆ្នាំ ​ដើម្បី​អនុវត្ត​ទៅ​លើ​គម្រោង​ប្រចាំ​ឆ្នាំ​មាន​ដូច​ជា​ចំណាយ​ទៅ​លើ​រដ្ឋបាល​វគ្គ​បណ្តុះបណ្តាល​ និង​ការ​ប្រកួត​ថ្នាក់​​ជាតិ​ហើយ​វគ្គ​នេះ​ជា​គម្រោង​ថវិកា​​ប្រចាំ​ឆ្នាំ ​២០២១​ ដែល​បាន​បើក​វគ្គ​នាំ​មុខ​សហព័ន្ធ​ដទៃ​ ខណៈ​​សហព័ន្ធ​ខ្លះ នៅ​មិន​ទាន់​បាន​ប្រកួត​​ជើង​ឯក​ថ្នាក់​​ជាតិ ប្រចាំ​ឆ្នាំ ​២០២០ ​ផង​ ហើយ​ការ​​យឺត​យ៉ាវ​នេះ ដោយសារ​​វិបត្តិ​ជំងឺ​​កូវីដ ​១៩​​៕​​​

អត្ថបទគួរចាប់អារម្មណ៍