ភ្នំពេញៈ សហព័ន្ធ​កីឡា​ស្នូកឃ័រ​កម្ពុជា​បាន​ជួបជុំ​ធ្វើ​មហាសន្និបាត​ត្រៀម​អាណត្តិ​ទី​ ១ សម្រាប់​ឆ្នាំ​ ២០១៨-២០២២ បន្ទាប់ពី​សហព័ន្ធ​នេះ​អស់​សុពលភាព​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ លោក វ៉ាត់ ចំរើន បាន​ចាត់ទុក​មហាសន្និបាត​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​ជា​ការ​ចាប់ផ្តើម​បណ្តើរៗ​ឲ្យ​សហព័ន្ធ​ប្រមូល​ធនធាន​មនុស្ស និង​ថ្នាក់ដឹកនាំ​បាន​ឯកភាព​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ធ្វើ​មហាសន្និបាត​ពេញលេញ​ម្តង​ទៀត ខណៈ​កីឡា​ប្រភេទ​នេះ​ទទួល​បាន​ការគាំទ្រ​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។

មហាសន្និបាត​បាន​សម្រេច​ជ្រើសរើស​ឲ្យ​លោក ជុំ កុសល ធ្វើ​ជា​ប្រធាន​សហព័ន្ធ​លោក ដួង លាង អនុប្រធាន​ទី​ ១ លោក សៅ វល័ក្ខណ៍ អនុប្រធាន​ទី​ ២ លោក ម៉ារ៉ា សុជាតិ ជា​អគ្គលេខាធិការ និង​លោក សុខ ទី អគ្គហេរញ្ញិក ព្រម​ទាំង​សមាជិក​ប្រតិបត្តិ​ចំនួន​ ៨ ​នាក់​ទៀត​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា​៖ «​តាម​គោលការណ៍ និង​ច្បាប់​កីឡា​មហាសន្និបាត​នេះ​មិន​ទាន់​ពេញលេញ​នៅ​ឡើយ​ទេ ដោយ​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំងអស់​ត្រូវ​តែ​មាន​វត្តមាន​ដាច់ខាត​ទាំងអស់​គ្នា​»​។

លោក ចំរើន បាន​ហៅ​មហាសន្និបាត​នេះ​ថា​ជា​ការ​ជួបជុំ​មួយ​ដ៏វិសេសវិសាល ដែល​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ដើម្បី​ពង្រឹង និង​ពង្រីក​សកម្មភាព​កីឡា​ស្នូកឃ័រ​ឲ្យ​ស្រប​ច្បាប់​មាន​ថ្នាក់ដឹកនាំ​ឡើង​វិញ ហើយ​ការបង្កើត​ឡើង​វិញ​នេះ គឺ​ទទួល​បាន​ការគាំទ្រ និង​អនុញ្ញាត​ពី​ប្រធាន​ចាស់​គឺ​លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។

ជាមួយ​គ្នា​នេះ​លោក វ៉ាត់ ចំរើន បាន​កោតសរសើរ​ដល់​ក្រុម​ការងារ​ដែល​មាន​លោក ម៉ារ៉ា សុជាតិ​ (​មួន ម៉ារ៉ា​) ដែល​ខិតខំ​ប្រមូល​ធនធាន​មនុស្ស និង​ថ្នាក់ដឹកនាំ​ឲ្យ​បាន​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​ដែល​បាន​មក​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​ចន្ទ​នោះ​។ សមាសភាព​សមាជិក​ប្រតិបត្តិ​មាន​សរុប​ ១៣ ​នាក់​ក្នុង​អាណត្តិ​ទី​​ ១ ​នេះ​ក្នុង​នោះ​មាន​អ្នកស្រី ស្រួង ភាវី អ្នកលេង​កីឡា​ស្នូកឃ័រ​ឆ្នើម​នៅ​ប្រទេស​កូរ៉េ និង​លោក ជា វ៉ាន់សាន្ត ជា​ស្ថាបនិក​ជំរុញ​ឲ្យ​បង្កើត​សហព័ន្ធ​កីឡា​ស្នូកឃ័រ ជា​សមាជិក​ទ្រទ្រង់​ផង​ដែរ​។

លោក ដួង លាង ដែល​ជាប់​ជា​អនុប្រធាន​ទី​ ១ ​សហព័ន្ធ​កីឡា​ស្នូកឃ័រ​ថ្លែង​ថា​៖ «​ខ្ញុំ​ពេញចិត្ត​នឹង​ចូលរួម​ក្នុង​សកម្មភាព​កីឡា​នេះ​ណាស់ ព្រោះ​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្ញុំ​តាំងពី​កំណើត​។ ខ្ញុំ​នឹង​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​ឲ្យ​កីឡា​ស្នូកឃ័រ​មាន​សកម្មភាព​ទាំង​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ​ក្នុង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ហ្វឹកហាត់ និង​មាន​ការ​ប្រកួត​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កីឡា​ស្នូកឃ័រ​នេះ​មាន​វត្តមាន​ក្នុង​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​»​។

ចំណែក​លោក ម៉ារ៉ា បាន​និយាយ​ថា​៖ «​តាម​ការវាយតម្លៃ​របស់​ខ្ញុំ ស្នូកឃ័រ​កម្ពុជា​នឹង​មាន​ការរីកចម្រើន​យ៉ាង​លឿន ព្រោះ​បច្ចុប្បន្ន​កីឡា​ប្រភេទ​នេះ​កំពុង​ពេញនិយម​ខ្លាំង​ក្នុង​ប្រទេស​ទោះបី​មួយ​រយៈ​កន្លង​មក​អស់​សុពលភាព ហើយ​នៅ​ក្រៅ​ប្រទេស​យើង​មាន​កីឡាការិនី​ឆ្នើម​គឺ​អ្នកស្រី ស្រួង ភាវី ដែល​ថ្ងៃ​ក្រោយ​នឹង​ក្លាយ​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​សម្រាប់​កម្ពុជា​យើង​»​។

ទោះបី​យ៉ាង​ណា​លោក វ៉ាត់ ចំរើន បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​ខិតខំ​ជំរុញ និង​រក​ពេល​ធ្វើ​មហាសន្និបាត​ពេញលេញ​ម្តង​ទៀត ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី NOCC ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា​អន្តរជាតិ​ឲ្យ​បាន​ឆាប់ ដើម្បី​ងាយស្រួល​យើង​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ប្រកួត​ព្រោះ​បច្ចុប្បន្ន​កីឡា​នេះ​កំពុង​តែ​មាន​សក្តានុពល​៕