ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស: លោក Grigory Rodchenkov ដែលជា​សាក្សី បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា ភ្នាក់​ងារ​ប្រឆាំង​សារ​ធាតុ​ហាម​ឃាត់​ហៅ​កាត់​ថា WADA បាន​ប្រឈម​មុខ​នឹង «មហន្ត​រាយ​សម្រាប់​កីឡា​ស្អាត​ស្អំ» ប្រសិន​បើ​លុប​ចោល​ការ​ពិន័យ​ព្យួរ ១ ប្រឆាំង​នឹង​ភ្នាក់ងារ​ប្រឆាំង​សារ​ធាតុ​ហាម​ឃាត់ នៅ​ចុង​សប្តាហ៍​នេះ។

អតីត​ប្រធាន​មន្ទីរពិសោធន៍​ប្រចាំ​ទីក្រុង​ម៉ូស្គូ​លោក Rodchenkov ដែល​បាន​ទម្លាយ​រឿង​អាស្រូវ​នៃ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​របស់​រុស្ស៊ី កាល​ពី​ឆ្នាំ ២០១៥ នោះ បាន​ឲ្យ​ដឹង​ថា រុស្ស៊ី អាច​ត្រឹម​តែ​ទទួល​បាន​នូវ​សិទ្ធិ​អនុញ្ញាត​ម្តង​ទៀត ប្រសិន​បើ​ពួក​គេ​បាន​ដឹង​ពី​តួនាទី​រដ្ឋាភិបាល ក្នុង​រឿង​អាស្រូវ​នេះ និង​បាន​ផ្តល់​រាល់​ការ​សម្រប​សម្រួល​ទាំង​អស់ ចំពោះ​លទ្ធផល​ធ្វើ​តេស្ត​កាល​ពី​មុន។

លោក Rodchenkov បាន​សរសេរ​ក្នុង​ទំព័រ​កាសែត USA Today ថា៖ «WADA មិនត្រូវ​ក្លាយជា​ខ្លួន​ជា​នុយ​ក្នុង​ការ​ប្រើ​ប្រាស់​ល្បិច​កល និង​ការ​អះអាង​មិន​ត្រឹម​ត្រូវ​ពី​សំណាក់​ក្រសួង​កីឡា​ឡើយ ដែល​ជា​អាវុធ​តែ​មួយ​របស់​វិមាន Kremlin ដែល​បាន​សម្រប​សម្រួល​ក្នុង​កម្មវិធី​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់ និង​បាន​អនុវត្ត ក្លែង​ក្លាយ។ ការ​ធ្វើ​បែប​នេះ​នឹង​បង្កើត​ឲ្យ​មាន​មហន្តរាយ​សម្រាប់​កីឡា​ស្អាត​ស្អំ»។

ការបញ្ចេញមតិ​របស់​លោក Rodchenkov កើតឡើង​ត្រឹមតែ​រយៈពេល ២ ថ្ងៃ នៅ​មុនពេល​កិច្ច​ប្រជុំ​របស់ WADA ក្នុង​ទីក្រុង Seychelles ដើម្បី​ពិភាក្សា​ទៅ​លើ​ស្ថានភាព​របស់​រុស្ស៊ី។

អង្គភាព​ឃ្លាំមើល​ការ​ធ្វើ​តេស្ត​រក​សារធាតុ​ហាម​ឃាត់​ពិភពលោក​មួយ​នេះ បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា គណៈ​កម្មការ​ក្រោម​បង្គាប់​របស់​ខ្លួន បាន​ណែនាំ​ឲ្យ​មាន​ការ​លុប​ចោល​នូវ​ការ​ដាក់​ពិន័យ​ព្យួរ​រយៈពេល ៣ ឆ្នាំ​របស់​ខ្លួន ក្រោយ​ពី​​ទទួល​បាន​ការ​ធានា​ផ្សេងៗ​ពី​សំណាក់​ក្រសួង​កីឡា​របស់​រុស្ស៊ី។

ការបង្ហាញ​ពី​ការបន្ទន់​ជំហរ​របស់ WADA បាន​បង្កើត​ឲ្យ​មាន​ការតវ៉ា​យ៉ាងខ្លាំង​ពី​អត្តពលិក និង​ភ្នាក់ងារ​ប្រឆាំង​សារ​ធាតុ​ហាម​ឃាត់​ជាតិ​ជុំវិញ​ពិភពលោក៕