ភ្នំពេញ៖ ​ព្រឹទ្ធាចារ្យ​មាន​រហស្សនាម​ថា «​គ្រូ​តា​ក្រមា​មាស» សាន​ គឹមស៊ាន​ ​ជា​ប្រធាន​សាលា​បណ្ឌិត្យ​សភា​ល្បុក្កតោ​ ដែល​មាន​វ័យ ​៧៥ ​ឆ្នាំ​ទៅ​ហើយ​នោះ ​​នៅ​តែ​សម្តែង​​​ក្តី​កង្វល់​ ខណៈ​​គម្រោង​របស់​លោក​ជាមួយ​​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ដែល​គ្រោង​ដាក់​បញ្ចូល​​កីឡា​គុន​ល្បុក្កតោ​ ​ទៅ​បង្ហាត់​នៅ​ក្នុង​កម្មវិធី​កីឡា​ប្រចាំ​សាលា​រៀន​រដ្ឋ នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នោះ។ ចំណែក​ដំណើរការ​បង្កើត​សមាគម ​ឬ​សហព័ន្ធ​កីឡា​ល្បុក្កតោ​ នៅ​ឆាក​អន្តរជាតិ​កន្លង​មក​ ក៏នៅ​ទ្រឹង​មិន​ទាន់​រីក​ចម្រើន​ទៅ​តាម​គម្រោង​​។

លោក សាន គឹមស៊ាន ​បាន​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​មួយ​របស់​បណ្ឌិត្យ​សភា​ល្បុក្កតោ​ និង​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ដែល​មាន​គោល​បំណង​ដាក់​វិញ្ញាសា​កីឡា​គុន​ល្បុក្កតោ​ចូល​ក្នុង​កម្មវិធី​អប់រំ ដើម្បី​​បង្វឹក​ដល់​សិស្ស​ នៅ​តាម​សាល​រៀន​នោះ ​នៅ​មិន​ទាន់​ដំណើរការ​នៅ​ឡើយ ​គឺ​បាន​ត្រឹមតែ​ពិភាក្សា​គ្នា​ប៉ុន្មាន​លើក​ប៉ុណ្ណោះ​​។​

លោក​​បាន​បន្ថែម​​ថា៖​ ​«យើង​នៅ​​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​នៅ​ឡើយ ​ប៉ុន្តែ​ដើម្បី​មាន​គ្រូ​បង្វឹក​ចូល​ទៅ​តាម​សាលា​រៀន​ទូទាំង​ប្រទេស​នោះ​ ដាច់​ខាត​ត្រូវ​តែ​ផលិត​គ្រូ​ ដែល​ចេញ​ពី​បណ្ឌិត្យ​សភា​ល្បុក្កតោ​ ដោយ​ហ្វឹកហាត់ ​និង​មាន​ចេញ​លិខិត​បញ្ជាក់​ពី​កម្រិត​ក្បាច់​គុន​ពី​ក្រមា​ខ្មៅ​មួយ​ជាន់​ដល់ ​១០ ​ជាន់ ​ទៅ​តាម​រយៈពេល​ និង​លទ្ធផល​ប្រឡង​ចេញ​​»​។

ជាមួយ​នឹង​ក្តី​កង្វល់​នេះ លោក​ សាន គឹមស៊ាន រំពឹង​ថា​ អាច​នឹង​ទទួល​បាន​ដំណឹង​ឆាប់ៗ​​ពី​ក្រសួង​អប់រំ​ ប៉ុន្តែ​ក្នុង​វ័យ​កាន់​តែ​ចាស់​ សុខភាព​ចាប់​ផ្តើម​ទ្រុឌទ្រោម ​គឺ​លោក​ចង់​ឃើញ​សកម្មភាព​ល្បុក្កតោ​ ចូល​ក្នុង​កម្មវិធី​ក្រសួង​អប់រំ​ និង​មាន​សកម្មភាព​រីក​ចម្រើន​នៅ​លើ​ឆាក​អន្តរជាតិ​បន្ត​។​

លោក ​សាន ​គឹមសាន ​ជា​អ្នក​ចង​ក្រង​សៀវភៅ​ក្បាច់​គុន​ល្បុក្កតោ​ ដែល​បង្ហាញ​តាមរយៈ​គំនូរ ​និង​​ជា​ស្ថាបនិក​ដ៏​សំខាន់ ក្នុង​ការ​បង្កើត​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​រស់​ឡើង​វិញ​ ហើយ​ក្រៅ​ពី​មាន​តួនាទី​ជា​​ប្រធាន​បណ្ឌិត្យ​សភា​ល្បុក្កតោ​ ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប ​គឺ​លោក​ សាន គឹមស៊ាន កាល​ពី​ចុង​ឆ្នាំ ​២០១៩ ​ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ មាន​ឋានៈ​ជា​អគ្គនាយក​​ផង​ដែរ​។

លោក សាន គឹមស៊ាន បាន​បង្ហាញសៀវភៅ ព្រលឹងល្បុក្កតោ ដែល​លោក​ខំ​ប្រឹង​ចងក្រង កន្លងមក។ ឈន ណន

លោក ​វ៉ាត់​ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាល្បុក្កតោ​កម្ពុជា​បាន​ផ្តល់​បទសម្ភាស​ដល់​​​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «យើង​ឈាន​ដល់​ការ​បង្កើត​សហព័ន្ធ​កីឡា​ល្បុក្កតោ​ លើ​ឆាក​អន្តរជាតិ​ ក្រោម​ការ​រៀបចំ​តាម​គម្រោង ​និង​ការ​ខិតខំ​ប្រឹងប្រែង​តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ​ តាមរយៈ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ​Facebook និង​វេបសាយ​របស់​សហព័ន្ធ​ផង​ដែរ​»។

លោក​បាន​​បន្ត​ថា៖ «មាន​បងប្អូន​រួម​ជាតិ​យើង​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស ស្រឡាញ់​និយម​ចូល​ចិត្ត​កីឡា​បែប​ប្រពៃណី​ជា​វប្បធម៌​ខ្មែរ​ ក្នុង​នោះ​លោក ​សាន ​គឹមស៊ាន ដែល​ជា​ព្រឹទ្ធាចារ្យ ស្វះស្វែង​ស្រាវជ្រាវ​ចង​ក្រង​ប្រមូល​ផ្តុំ ​និង​បណ្តុះបណ្តាល​ជា​ប្រចាំ​រយៈពេល​ជិត ២០ ឆ្នាំ​កន្លង​មក​នេះ។ ធនធាន​មនុស្ស​នៅ​ក្រៅ​ប្រទេស​ ក៏​មាន​ចំនួន​ច្រើន​គួរ​សម​ដែរ ​ដែល​សុទ្ធ​តែ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​កីឡា​ល្បុក្កតោ​យើង»។

លោក​ វ៉ាត់​ ចំរើន​ បាន​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​ បាន​សហការ​ និង​បង្កើត​​​សមាគម​ល្បុក្កតោ​នៅ​ប្រទេស ​អូស្ត្រាលី ដែល​មាន​ឈ្មោះថា Australian Bokator Association ដែល​មាន​លោក​ Hin Kimheng ​ប្រធាន​ចាត់​ការ​ទូទៅ​ ហើយ​លោក Seng Chhai ជា​ប្រធាន​ក្រុមហ៊ុន Funan Sun Enteprise ជា​អ្នក​ជួយ​​ជ្រោមជ្រែង​សកម្មភាព​ល្បុក្កតោ​នេះ។

លោក​បាន​បន្ថែម​ថា៖ ​«នៅ​អូស្តា្រលី​ យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង ​និង​ទទួល​ស្គាល់​រួច​ហើយ​ តាំង​ពី​ថ្ងៃទី ៣០ ខែ ​មិថុនា​ ឆ្នាំ ២០១៦​។ ចំណែក​នៅ​បារាំង ​យើង​បាន​បង្កើត​រួច​ហើយ​ និង​មាន​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​សហគមន៍​អីរ៉ុប ដោយ​មាន​លោក​ស្រី មុំ​ ជា​ប្រធាន។ យើង​ក៏​បាន​បង្កើត​សមាគម​នៅ​អ៊ីរ៉ង់ ដែល​មាន​លោក Moo Savy ជាប្រធាន​ ហើយ​​នៅ​ប្រទេស ​ឥណ្ឌា យើង​កំពុង​តែ​រៀបចំ​បង្កើត​ជា​សមាគម​ល្បុក្កតោ​អន្តរជាតិ​។​ ហេតុ​នេះ​​​យើង​មាន​ដំណាក់​កាល​នៃ​សម្ទុះ​រីក​ចម្រើន ​ទៅ​តាម​ពេលវេលា​ និង​កាលៈទេសៈ​ ​ហើយ​ក៏​ទៅ​តាម​លទ្ធភាព​ដែល​យើង​អាច​ទៅ​រួច ​មិន​មែន​តាម​ចិត្ត​យើង​គិត​នោះ​ឡើយ»​។

ទោះបី​ជា​យ៉ាង​ណា ​លោក ​សាន ​គឹមស៊ាន ​នៅ​តែ​​សប្បាយ​ចិត្ត​ចំពោះ​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​លោក​ ​គឺ​ការ​ផលិត​ភាពយន្ត​ក្បាច់​គុន​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា ​«ព្រលឹង​ល្បុក្កតោ»។​ «​ទោះ​ជា​ខ្ញុំ​ នៅ​រង់ចាំ​លទ្ធផល​របស់​ល្បុក្កតោ​ ប៉ុន្តែ​រយៈពេល​ជិត ​២ ​ឆ្នាំ​នេះ​ ខ្ញុំ​​សប្បាយ​ចិត្ត​ដោយ​សម្រេច​បំណង​ធំ ​១ ​គឺ​ថត​ភាពយន្ត​ក្បាច់​គុន​ល្បុក្កតោ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ខ្ញុំ ហើយ​កូន​ខ្ញុំ ​សម្តែង​ជា​តួឯក ក្រោម​​ការ​ឧបត្ថម្ភ​ពី​​លោក​ តឹក​ ង៉ូយ​ នូវ​ថវិកា​ជិត ​១០ ​ម៉ឺន​ដុល្លារ ហើយ​ភាពយន្ត​នេះ ​ត្រៀម​ដាក់​បញ្ចាំង​នៅ​ខែ​មេសា ​ឆ្នាំ ​២០២០​​ នេះ»​។​

លោក​​ គឹម​ស៊ាន​ បាន​ពន្លេច​នូវ​ស្នាដៃ​ ដែល​នាំ​ឲ្យ​សម្រេច​គោលដៅ​របស់​ល្បុក្កតោ​មាន ​៤ ចំណុច រួម​មាន​ចងក្រង​ និង​ស្រាវជ្រាវ​កសាង​ឯកសារ​ឲ្យ​មាន​ជា​មូលដ្ឋាន​បង្កើត​ឲ្យ​បាន​សមាគម ឬ​ក្លិប​ហ្វឹកហាត់​ជា​បណ្តើៗ​ ដើម្បី​ផ្ទេរ​ចំណេះ​ពី​ចាស់ៗ​ ធ្វើ​ឲ្យ​សកម្មភាព​​ល្បុក្កតោ​មាន​ក្នុង​ថ្នាក់​ជាតិ​ តាមរយៈ​ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត ឬ​សម្តែង​បាន​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំៗ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ល្បុក្កតោ​លើ​ឆាក​អន្តរជាតិ​ និង​ចង់​ឃើញ​មាន​សកម្មភាព​លេច​ធ្លោ​ មុន​នឹង​លោក​លាចាក​ពី​លោក​នេះ​ទៅ​៕