ការស្វែងរក​ឱកាស ដើម្បី​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​របស់​អតីត​អ្នក​ប្រដាល់​ឆ្នើម និង​ល្បីល្បាញ​បំផុត​ក្នុង​អំឡុង​ឆ្នាំ ២០០០ លោក សាន សៅយ៉ាន់ អាច​នឹងត្រូវ​រលាយបាត់ ខណៈ​ឈ្មោះ​របស់​លោក​មិនមាន​នៅក្នុង​បញ្ជី​ឈ្មោះ​ជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កីឡា​ឃីកបុកស៊ីង សម្រាប់​ឆ្នាំ ២០២១ នេះ នោះទេ។

តាម​គម្រោង​ស្នើសុំ​ពីដំបូង​របស់​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​កម្ពុជា ដែល​មាន​លោក ហេង សុឃន ជា​ប្រធាន​នោះ​គឺ​លោក សាន សៅយ៉ាន់ រួមជាមួយ​អតីត​កីឡាករ​ជើង​ខ្លាំង បឺត ខាំ, សៅ ប៊ុននឿន សុទ្ធតែ​នៅក្នុង​បេក្ខភាព​ជា​គ្រូ​ជំនួយ​នៃ​ក្រុម​ជម្រើសជាតិ​ឃីកបុកស៊ីង ខណៈ​លោក ជា រិទ្ធ ជា​គ្រូធំ។ ប៉ុន្តែ​យោងតាម​លិខិត​ឧទ្ទេសនាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​គ្មាន​ឈ្មោះ​លោក សាន សៅយ៉ាន់ និង បឺត ខាំ នោះទេ គឺ​មាន​តែ លោក ជា រិទ្ធ (គ្រូធំ) ព្រមទាំង​លោក សៅ ប៊ុននឿន និង​លោក រុំ ឆាវជ័យ ជា​គ្រូ​ជំនួយ។

ទាក់ទង​នឹង​បញ្ហា​នេះ ម្ចាស់​ក្លិប​ប្រដាល់​នាគា​ សាន សៅយ៉ាន់​ខេត្ត​បន្ទាយមានជ័យ លោក សាន សៅយ៉ាន់ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ «ខ្ញុំ​មិនទាន់បាន​ទទួលដំណឹង​ពី​ការបាត់​ឈ្មោះ​ខ្ញុំ​នៅឡើយ​ទេ គិត​មកដល់​ពេលនេះ។ បើ​ខ្ញុំ​មិន​ជាប់​ជា​គ្រូ​ជម្រើសជាតិ​ទេ គឺ​មានតែ​ទៅធ្វើ​ស្រែចម្ការ​ទៀត​ទៅ។ ប្រសិនបើ​គ្មាន​ឈ្មោះ​ខ្ញុំ តើ​មាន​នរណា​គេ​មាន​សមត្ថភាព​បង្វឹក​ល្អ​លើស​ខ្ញុំ? ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ទទួល​បាន​ការទៅ​ធ្វើ​តេស្ត ឬ​ប្រឡង​អ្វី​នោះដែរ»។

សហព័ន្ធ​កីឡា​ឃីកបុកសស៊ីង ទទួលបាន​ការអនុញ្ញាត​ឱ្យ​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ​ជា​លើកដំបូង ក្នុង​ឆ្នាំ ២០២១នេះ បន្ទាប់ពី​បាន​ជ្រក​ក្រោម​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ឆ្នាំ ២០១៩ ដែលជា​ពេល​ពួកគេ​បាន​ចេញទៅ​ប្រកួត​ស៊ីហ្គេម​ជា​លើកដំបូង នៅ​ប្រទេស​ហ្វីលីពីន ហើយ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ផងដែរ។

គ្រូបង្វឹក សាន សៅយ៉ាន់ ពេល​ឱ្យ​ទឹក​ដល់ ភួន ឡាំងកូស៊ីន នៅលើ​សង្វៀន PNN។ រូបថត ឈន ណន

លោក សាន សៅយ៉ាន់ បាន​បន្ថែមថា៖ «កាលពីមុន លោក​ប្រធាន​សហព័ន្ធ (ហេង សុឃន) បាន​ប្រាប់ថា គាត់​បាន​យក​ប្រវត្តិ​រូបខ្ញុំ​ទៅហើយ ហើយ​បើ​គាត់​ជួយ​បាន គឺ​នឹង​ជួយ តែ​គិត​មកដល់​ថ្ងៃនេះ ខ្ញុំ​មិនទាន់​ទទួល​បាន​ដំណឹង ឬ​លទ្ធផល​យ៉ាងណាទេ ប៉ុន្តែ​បើ​គេ​មាន​ឈ្មោះ​អស់ហើយ ហេតុអ្វី​គេ​មិន​ប្រាប់​ខ្ញុំ​ថា ធ្លាក់? ខ្ញុំ​មិនតូច​ចិត្ត​ទេ មានតែ​ទៅធ្វើ​ស្រែ និង​ចម្ការ​បន្តទៀត ចំណែក​ក្លិប​ប្រដាល់​របស់ខ្ញុំ គឺ​ប្រឹងប្រែង​បន្តិចៗ ទៅតាម​លទ្ធភាព ព្រោះ​កូនសិស្ស​ឆ្នើមៗ​របស់​ខ្ញុំ​ជាង ១០ នាក់​បាន​ជាប់​ជម្រើសជាតិ​តែ​ម្នាក់​គត់ គឺ សុខ រិទ្ធ»។

និយាយ​ពីបទ​ពិសោធ និង​សមត្ថភាព​របស់​លោក សាន់ សៅយ៉ាន់ វិញ ត្រូវបាន​មហាជន​ទទួលស្គាល់​ថា ជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់ ដែល​ផលិត​បាន​កីឡាករ​ល្អៗ​លំដាប់​ប្រកួត​អន្តរជាតិ​ដូចជា​កីឡាករ សុខ រិទ្ធ កីឡាករ សុខ ធី និង ភួន ឡាំងកូស៊ីន ជាដើម។ កន្លងមក សៅយ៉ាន់ ធ្លាប់មាន​រឿង​ចម្រូងចម្រាស​ជាច្រើន​ទាក់ទង​ទៅនឹង​ការកាត់ក្តី​របស់​គណៈកម្មការ​ប្រដាល់​គុន​ខ្មែរ​ដែល​ឱ្យ​កូនសិស្ស​របស់​លោក ចាញ់​ដោយ​មិន​ប្រក្រតី បន្ទាប់មក​លោក សាន សៅយ៉ាន់ បាន​បាត់ឈ្មោះ​ពី​អាជ្ញាកណ្តាល និង​ចៅក្រម​ផងដែរ។

គួររំឭកថា កាលពី​នៅ​ជា​កីឡាករ លោក សាន់ សៅយ៉ាន់ មាន​រហស្សនាម​ថា កំពូល​អ្នកលេង​កែងរូស​មុខ​កាណូត ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ M150 នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ ឆ្នាំ ២០០២។ ភាពល្បីល្បាញ​របស់ សាន សៅយ៉ាន់ គឺមាន​ចំណុចខ្លាំង ត្រង់​គេ​ទិញ​ឱ្យ​ប្រកួត​ធ្វើ​ចាញ់ មិន​លក់ ហើយ​ភាពល្បីល្បាញ​មួយទៀត គឺ​ប្រកួត​ឈ្នះ​កីឡាករ​ឆ្នើម ៣ នាក់​មាន​អ្នកលេង​កណ្តាប់ដៃ នួន បូរ៉ា ឈ្នះ​អ្នកលេង​ជង្គង់ ឡុង វ៉ាន់ថន និង​ឈ្នះ​អ្នកលេង​ស្នៀត​ទាត់ ក្រាក់ សម្ជស្ស។

សាន សៅយ៉ាន់ បាន​បញ្ជាក់ថា៖ «កាល​នៅ​ជា​កីឡាករ ខ្ញុំ​ប្រកួត​មិនដែល​ខ្លាចញញើត​នរណា​ទេ ហើយ​កីឡាករ​ប៉ះ​ជាមួយ​ខ្ញុំ មាន​ជើងល្បីៗ នួន សូរិយា, ភិន សុផល,ឡុង វ៉ាន់ថន ,ក្រាក់ សម្ផស្ស, នួន បូរ៉ា និង ជ័យ កុសល ជាដើម ប៉ុន្តែ​ខ្ញុំ​មាន​ចំណុចខ្សោយ​ប្រកួត​ចាញ់​តែ​កីឡាករ ផល សុភាព មកពី​ជើង​ទឹក ពោល​គេ​មិន​ខ្លាំង​ទេ តែ​ខ្ញុំ​វ៉ៃ ៤ លើក មិន​ដែល​ឈ្នះ»៕