ភ្នំពេញ៖ ​អ្នក​ប្រដាល់ ​សាន ​សំអុន ​និង ​យ៉ន ​ពិសី នឹង​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ ​៨ នាក់​ចុង​ក្រោយ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នា​ថ្ងៃ​សៅរ៍​នេះ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដណ្តើម​​ពាន​រង្វាន់ TV5 ​Boxing​ Knock Out ​Serie ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ គីឡូក្រាម ខណៈ​បេក្ខភាព ​៣ នាក់​ផ្សេង​ទៀត បាន​រក​ឃើញ​អស់​ហើយ។

ទោះបី​ជា សាន ​សំអុន​ ជា​ក្មេង​ស្រករ​ក្រោយ​ក៏​ពិត​មែន​ ប៉ុន្តែ​រូប​គេ​អាច​នឹង​ប្រជែង​បាន​កៅអី​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពី យ៉ន​ ពិសី​ ក្នុង​លក្ខណៈ​តឹងតែង​ ​ព្រោះ​មួយ​រយៈ​នេះ ​កីឡាករ​ជើង​ចាស់​មិន​តិច​ទេ ​ដែល​ត្រូវ​ សាន​ សំអុន​ ផ្ដួល​បាន​នោះ​ ខណៈ​ការ​​​ប្រកួត​ក្នុង​​វគ្គ​ជម្រុះ​កន្លង​មក​នេះ ​សាន ​សំអុន ​របស់​​ក្លិប​អារុណរះ​កីឡា​ បាន​ផ្ដួល​ ​ផាន ​ផាន់​ណាត់​ ក្លិប​ទ័ព​ពិសេស​ឆត្រ​យោង ​៩១១ ​ឱ្យ​សន្លប់​នៅ​​មុន​ស្នូរ​ជួង​បញ្ចប់​​ទឹក​ទី​៣​។​

ចំណែក ​យ៉ន ​ពិសី​ វិញ​ ​បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ រ៉ា ​រ៉យ៉ា ​​ក្លិប​អេភូថង​កីឡា​ត្រឹម​​ពិន្ទុ​ ហើយ​តាម​ប្រវត្តិ​ប្រកួត គឺ យ៉ន ពិសី ធ្លាប់​ប្រកួត​លើស សាន សំអុន ត្រឹម ​៦ ​ដង​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ សាន ​សំអុន​ ​ធ្លាប់​​ប្រកួត​​បាន​ ​៣២ ​ដង ​ឈ្នះ ​២៦​ ​ចាញ់ ​៥​ ​និង​ស្មើ​ពិន្ទុ ​១ ​ដង​ រីឯ យ៉ន​ ពិសី​ ​ធ្លាប់​​ប្រកួត​បាន​​ចំនួន ​៣៨ ​ដង​ ឈ្នះ ​២៨ ​ដង​ ចាញ់ ​៧​ ​និង​ស្មើ​ពិន្ទុ ​៣ ​ដង។​

តាមរយៈ​ការ​សម្ភាស​ជាមួយ​គ្រូ​បង្វឹក​ លោក​ អាត់​ សំរិទ្ធ បាន​​ប្រាប់​​ថា​ ​សាន ​សំអុន​ ហ្វឹកហាត់​បាន​គ្រប់គ្រាន់​មាន​​ថាមពល​ប្រកួត​ល្អ​ ប៉ុន្តែ​ធម្មតា​ការ​ប្រកួត​លើ​សង្វៀន​ក្នុង​វគ្គ​សំខាន់​បែប​នេះ​ មិន​អាច​ប៉ាន់​ស្មាន​បាន​ទេ ព្រោះ​​ខាង​គេ​ក៏​ប្រឹង​ ​យើង​ក៏​ប្រឹង​ និង​ចង់​ឈ្នះ​ដូច​គ្នា​​។ ​លោក ​អាត់ ​សំរិទ្ធ ​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​ ​ព្រោះ​ប៉ាន់​ស្មាន​ពី​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា»​។​

ចំណែក លោក​ ឡុង ​សាលវ័ន្ត​ គ្រូ​បង្វឹក​របស់​ យ៉ន​ ពិសី​ បាន​និយាយ​ថា​៖ ​«អ្នក​ទាំង ​២​ មាន​កម្រិត​វិជ្ជា​គុន​ប្រហាក់​ប្រហែល​គ្នា ​ហេតុ​នេះ​ខ្ញុំ​មិន​រំពឹង​ខ្ពស់​ទេ​ គឺ​ទស្សន៍ទាយ​មិន​ត្រូវ​ឡើយ​ អ៊ីចឹង​ខ្ញុំ​មាន​សង្ឃឹម​ត្រឹម ​៥០ ​ភាគរយ​ដូច​គ្នា​ ​ព្រោះ​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ប្រកួត​ជាក់​ស្តែង​នៅ​លើ​សង្វៀន»​។​

ជាមួយ​គ្នា​នេះ លោក ​ញាន ​សុធី ​អ្នក​ជំនាញ​រៀបចំ​ការ​​ប្រកួត​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ ​៥ បាន​​និយាយ​ថា​៖ «​តាម​រូបមន្ត​ប្រកួត​ គឺ​ការ​ប្រកួត​រវាង​ យ៉ន​ ពិសី​ និង ​សាន ​សំអុន ​នេះ នរណា​ឈ្នះ​នឹង​ត្រូវ​​ទៅ​ប៉ះ​ជាមួយ​កីឡាករ ឡុង​ ខេត្ត នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​​​ខណៈ​ជើង​ខ្លាំង ​​ធន់​អៀន​ឡៃ​ ត្រៀម​ប៉ះ​ជាមួយ ​រិន ​ដាវីត ​រួច ជាស្រេច​ទៅ​ហើយ»​។​

ក្រៅ​ពី​គូ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​​នេះ ក៏​មាន​ការ​ប្រកួត​គូ​មិត្តភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ ដោយ​ក្នុង​នោះ​អ្នក​ប្រដាល់​ ធន់ ​អៀនឡេង​ ​ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ​នូវ ​សុខទី ​ក្នុង​ប្រភេទ​ទម្ងន់​ ​៥៤ ​គីឡូក្រាម ចំណែក​ជើងចាស់​ តក់​ សោភ័ណ្ឌ​ ក្លិប​អេភូថង​កីឡា​ ដែល​អាជីព​ប្រដាល់​របស់​គេ​លិច​អណ្ដែត​មិន​ទៀង​ទាត់​នោះ បាន​​វិល​មក​វិញ ​​ដោយ​ត្រូវ​​ជួប​ជាមួយ​អ្នក​ប្រដាល់​កណ្ដាប់​ដៃ​ធ្ងន់​ យ៉ុន ​ដារ័ត្ន របស់​ក្លិប​​តាឡី​ដំរី​មានរិទ្ធ​​ក្នុង​ប្រភេទ​ទម្ងន់ ​៦៩ ​គីឡូក្រាម ហើយ​គូ​​នេះ​ទំនង​ជា​ ដារ័ត្ន ​ស៊ី​ផុយ​ ​ព្រោះ​ តក់​ សោភ័ណ្ឌ ​ឡើង​ប្រកួត​ទំនង​គ្រាន់​តែ​ចង់​បាន​លុយ​តម្លៃ​ខ្លួន​ប៉ុណ្ណោះ​៕​