ភ្នំពេញៈ កីឡាករ​ជើងចាស់ ម៉ន សាម៉េត បាន​ផ្តល់​ការខកចិត្ត​យ៉ាង​ធំ​មួយ​ទៅ​ឲ្យ​ជើង​ថ្មី ធន់ អៀងឡៃ តាមរយៈ​ការយក​ឈ្នះ​ដោយ​តានតឹង​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន TV5 Boxing Knock Out Series (K Cement) អម​ជាមួយ​ប្រាក់​រង្វាន់​ ៤០០០ ​ដុល្លារ ចំណែក បឺត សង្ឃឹម បាន​ទាត់​ឲ្យ គួន ប៊ុនហ៊ីម ខូច​ជើង​សុំ​ចុះចាញ់​ត្រឹម​ទឹក​ទី​ ១ ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ៣​។

នៅ​មុន​ពេល​ប្រកួត​ទាំង ម៉ន សាម៉េត និង​ ធន់ អៀងឡៃ សុទ្ធតែ​បាន​អះអាង​ពី​ការតាំង​ចិត្ត​យក​ឈ្នះ​រៀងៗ​ខ្លួន ប៉ុន្តែ​ចំពោះ​ការប្រកួត​ជាក់ស្តែង​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ ម៉ន សាម៉េត ដែល​មាន​បទពិសោធ​ចាស់វស្សា​បាន​វ៉ៃ​ជា​លក្ខណៈ​ចាំ​ត្រង និង​វាយបក​ដោយ​បច្ចេកទេស​ច្រើន​ជាង ធន់ អៀងឡៃ ដែល​ប្រើប្រាស់​កម្លាំង​បោល​សម្រុក​ភាគច្រើន​។ ក្នុង​ការប្រកួត​ចំនួន​តែ​ ៣ ​ទឹក​គឺ​អ្នក​ទាំង​ ២ ​គ្មាន​ចំណាយ​ពេល​ស្ទាបស្ទង់​ពី​បច្ចេកទេស ឬ​យុទ្ធសាស្ត្រ​អ្វី​ទេ ប៉ុន្តែ​ការ​វាយ​ដកថយ និង​វាយឆ្មក់​របស់ ម៉ន សាម៉េត ត្រូវ​បាន​គេ​មើលឃើញ​ថា​ទទួល​បាន​ពិន្ទុ​ល្អ និង​វាយ​ចំ​គោលដៅ​ល្អ​ជាង ខណៈ​ដែល​ដៃគូ​ ធន់ អៀងឡៃ សម្រុក​ចូល​ដោយ​ប្រើ​ក្បាច់​ចម្រុះ​មិន​ច្បាស់លាស់​។

ទោះ​ជា​យ៉ាងណា​នៅ​ទឹក​ទី​ ១ ធន់ អៀងឡៃ មាន​ប្រៀប​នៅ​ដើម​ទឹក តែ​នៅ​ចុង​ទឹក​ជា​ឱកាស​របស់ ម៉ន សាម៉េត វិញ​។ រីឯ​ ២ ​ទឹក​ចុងក្រោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ម៉ន សាម៉េត គ្រប់គ្រង​សភាពការណ៍​បាន​ល្អ​ដោយ​វាយ​ចំ​គោលដៅ​ធ្ងន់ៗ​ពិសេស​កណ្តាប់ដៃ និង​បាន​ឱប​កាច់​ផ្តួល ធន់ អៀងឡៃ បាន​ញឹកញាប់​។ ​សម្រាប់​លទ្ធផល​ ២ ​ទឹក​ចុងក្រោយ ទោះបី​ជា ធន់ អៀងឡៃ ព្យាយាម​វាយ​សម្រុក​ខ្លាំង​យ៉ាង​ណា​ក៏​មិន​អាច​មាន​ប្រៀប​ដណ្តើម​ពិន្ទុ​បាន​ពី ម៉ន សាម៉េត នោះ​ឡើយ​។

ចប់​ការប្រកួត​ចំនួន​ ៣ ​ទឹក​ពេញ​ចៅក្រម​ទាំង​ ៥ និង​ប្រធាន​វិនិច្ឆ័យ​បាន​ផ្តល់​ពិន្ទុ​ឲ្យ ម៉ន សាម៉េត ឈ្នះ​ជា​ឯកច្ឆន្ទ ៥-០​។ សាម៉េត បាន​ក្លាយ​ជា​ម្ចាស់​ពាន អម​ដោយ​ទឹកប្រាក់​ ៤០០០ ​ដុល្លារ ឯ ធន់ អៀងឡៃ បាន​លេខ​ ២ និង​ប្រាក់​រង្វាន់​ ២០០០ ​ដុល្លារ​។ ចំណែក បឺត សង្ឃឹម បាន​ផ្តួល គួន ប៊ុនហ៊ីម ត្រឹម​ទឹក​ទី​ ១ ដើម្បី​បាន​លេខ​ ៣ និង​ប្រាក់រង្វាន់​ ៧៥០ ​ដុល្លារ ហើយ​កីឡាករ​លេខ​ ៤ ប៊ុនហ៊ីម ទទួល​បាន​ប្រាក់រង្វាន់​ ៥០០ ​ដុល្លារ​។

ជាមួយ​នឹង​ការឈ្នះ​ពាន​នេះ សាម៉េត បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​ការប្រកួត​លំបាក​ឈ្នះ តែ​ខ្ញុំ​មាន​យុទ្ធសាស្ត្រ ដើម្បី​ឈ្នះ​គឺ​ដកថយ វ៉ៃ​យក​ឈ្នះ​ត្រឹម​ពិន្ទុ មិន​ប្រឈម​ទៅ​នឹង​ការប្តូរ​គ្នា​ទេ​»​។ សាម៉េត បន្ត​ថា​៖ «​នៅ​ទឹក​ទី​ ១ ខ្ញុំ​មាន​ការព្រួយបារម្ភ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​ ២ ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​ឈ្នះ ព្រោះ​ខ្ញុំ​មាន​ក្បាច់​ទប់ទល់​គឺ​វាយ​កណ្តាប់ដៃ និង​ទាត់​ឆ្ងាយ ហើយ​បើ​នៅ​កៀក​ឱប​ឡើង​ជង្គង់​នោះ ខ្ញុំ​ឱប​ខាង​ក្រោម​ដើម្បី​កុំ​ឲ្យ​គេ​ប្រើ​ក្បាច់​ជង្គង់​បាន​ស្រួល​»​។

ចំណែក ធន់ អៀងឡៃ បាន​សម្តែង​ការមិន​អស់​ចិត្ត​ដោយ​ដើរ​ចេញ​មិន​និយាយ​អ្វី​ទាំងអស់ ប៉ុន្តែ​ឪពុក​របស់ អៀងឡៃ និយាយ​ថា​៖ «​លទ្ធផល​នេះ​ពិតជា​ចាញ់​គេ​មែន ព្រោះ​យើង​ដួល​ច្រើន ពិសេស​ ២ ​ទឹក​ចុងក្រោយ​គឺ​មិន​ឈ្នះ​គេ​ទេ​»​។ លោក​ថា​៖ «​គ្រួសារ​ខ្ញុំ មក​គាំទ្រ​ទាំងអស់​គឺ​ជាង​ ១០ ​នាក់​ដោយ​ជិះ​ម៉ូតូ​មកពី​ខេត្ត​កំពង់ឆ្នាំង​ចំនួន​ ៣ ​គ្រឿង ហើយ​លទ្ធផល​ប៉ុណ្ណឹង​គឺ​ពេញចិត្ត ព្រោះ​នឹង​មាន​ឱកាស​ក្រោយៗ​ទៀត​មិន​ខាន​»​។

ជាមួយ​គ្នា​នេះ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នោះ​បាន​ថ្លែង​ថា​៖ «​ការប្រកួត​បាន​ល្អ កាត់សេចក្តី​បាន​យុត្តិធម៌​ល្អ ហើយ​មហាជន​គាំទ្រ​ច្រើន​។ ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ឥឡូវ​មាន​ការរៀបចំ​ល្អ​ជាង​មុន ហើយ​ប៉ុន្មាន​សប្តាហ៍​ទៀត​នឹង​បន្ថែម​ការប្រកួត​ ១ ​លើក​ទៀត​នៅ​ថ្ងៃ​អាទិត្យ​»៕