ភ្នំ​ពេញ: ការ​ប្រ​កួត​មិត្ត​ភាព​អន្តរ​ជាតិ​ខ្មែរ​ថៃ​គូ​សង​សឹក​រវាង​កីឡាករ​ម៉ន​ សាម៉េត​ មក​ពី​ក្លិប​កង​ចក្រ​នៃ​ក្រ​សួង​មហា​ផ្ទៃ​ និង​កីឡាករ​ជើង​ខ្លាំង​ថៃ ​Phat ​Ngen​thong​ ធ្វើ​ឲ្យ​មាន​ការ​ជក់​ចិត្ត ​និង​កក្រើក​សង្វៀន​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៨ ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​។​

ចំណែក​ឯ​ការ​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រ​វាត់​ខារ៉ា​បាវ​រដូវ​កាល​ទី​៦​ ទម្ងន់​៥៧​គីឡូក្រាម ​វគ្គ​វិល​ជុំ​ សន្សំ​ពិន្ទុ​កាល​ពី​ល្ងាច​សៅរ៍​ ទី​១៦​ ខែ​ឧសភា ឆ្នាំ​២០១៨ ​កីឡាករ​យុគ យក្ស​ផ្លែ​ មក​ពី​ក្លិប​បុរី​រាជ បាន​ឈ្នះ​កីឡាករ​ថៃ ​Phat Thou ទឹក​ទី​៣ ខណៈ​​កីឡាករ​ឡុង​ ជិន មក​ពី​ក្លិប​ខ្លា​រខិន​មាន​រិទ្ធ​ បាន​ផ្តួល​កីឡាករ​ថៃ ​Phat Seila ​ឲ្យ​ចុះ​ចាញ់​ទឹក​ទី​៣​ដូច​គ្នា​។​

ម៉ន សាម៉េត​ និង ​Phat​ Ngen​thong ធ្លាប់​ជួប​គ្នា​ច្រើន​ដង​មក​ហើយ​ និង​មាន​លទ្ធផល​ប្រ​កួត​ចាញ់ និង​ឈ្នះ​ម្តង​ម្នាក់​ទៅ​វិញ​ទៅ​មក ​ប៉ុន្តែ​មាន​លក្ខណៈ​ជក់​ចិត្ត​ដិត​អារម្ម​ណ៍​ខ្លាំង​ពី​អ្នក​ទស្សនា​។

សម្រាប់​លទ្ធផល​វិញ​ ឆ្លង​កាត់​ការ​ប្រ​កួត​ចំនួន​៥​ទឹក​ពេញ​ Phat ​Ngen​thong​ ត្រូវ​បាន​គណៈ​កម្មការ​ប្រ​កាស​​ឲ្យ​ឈ្នះ ម៉ន​ សាម៉េត​ ដោយ​ពិន្ទុ​ទាំង​ប្រ​ផិត​ប្រ​ផើយ ​បន្ទាប់​ពី​ការ​ប្រ​កួត​គ្នា​អស់​ពី​សមត្ថភាព​។​

ទោះ​បី​យ៉ាង​ណា​ លទ្ធ​ផល​នេះ​ ម៉ន សាម៉េត ហាក់​បី​ដូច​តវ៉ា​ឡយ ប៉ុន្តែ បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​ប្រឹង​ណាស់​ដែរ​ រីឯ លទ្ធផល​នេះ​គួរ​តែ​បាន​ឈ្នះ​ ប៉ុន្តែ​ការ​សម្រេច​របស់​ចៅ​ក្រម ​និង​គណៈ​កម្មការ​ប្រ​កួត​ ខ្ញុំ​មិន​ហ៊ាន​តវ៉ា​ទេ​ពី​ព្រោះ​ខ្ញុំ​ដឹង​តែ​ពី​ប្រ​កួត​អស់​ពី​សមត្ថ​ភាព​ រឿង​ចាញ់ ​ឬ​ឈ្នះ​គឺ​ពួក​គាត់​ជា​អ្នក​សម្រេច​​»​។​

ចំណែក​គូ​ប្រ​ដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ា​បាវ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​វិញ ​ឡុង ​ជិន ​និងយុគ យក្ស​ផ្លែ​ បាន​លទ្ធផល​ឈ្នះ ទទួល​៣​ពិន្ទុ​បន្ថែម​ដូច​ដូច​គ្នា​ ដោយ​គិត​ត្រឹម​សប្តាហ៍​ទី​៣​នេះ​ ពួក​គេ​ទាំង​ពីរ​នាក់​មាន​៦​ពិន្ទុ​ស្មើ​គ្នា​ក្នុង​ពីរ​ប្រ​កួត ប៉ុន្តែ​កំពុង​ប្រជែង​​ឈរ​ក្នុង​លំដាប់​កំពូល​តារាង ខណៈ​ដែល​ឡុង ​ជិន ​មាន​ប្រៀប​ជាង​ដោយ​ផ្តួល​ដៃ​គូ​សន្លប់​ទាំង២លើក ​ហើយ​យក្ស​ផ្លែ​ មាន​៦​ពិន្ទុ​ដែរ ប៉ុន្តែ ​ផ្តួល​ដៃ​គូ​ប្រ​កួត​បាន​មួយ​លើក​ឈ្នះ​ពិន្ទុ​១​លើក ​ហើយ​កំពុង​ឈរ​​ក្នុង​លំដាប់​លេខ​២ ជា​​បណ្តោះ​អាសន្ន​នៅ​ពូល​កីឡាករ​កម្ពុជា​។​

តាម​រយៈ​ការ​ប្រ​កួត​ចំនួន​៣​សប្តាហ៍​កន្លង​មក ​កីឡាករ​ឡុង ជិន​ ត្រូវ​បាន​រំពឹ​ងទុក​ថា ​អាច​យក​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​បាន ​និង​អាច​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​កីឡាករ​ថៃ​ដែល​ឈ្នះ​លេខ​១​ក្នុង​ពូល​កីឡាករ​ថៃ​។​

លោក​ស្រី​ឡុង ​រ៉ាវី ​អ្នក​គ្រប់​គ្រង​កីឡាករ​ឡុង ​ជិន​ បាន​និយាយថា៖ «​ឆ្លង​តាម​ការ​ប្រ​កួត​ចំនួន​៣​សប្តាហ៍​កន្លង​មក​នេះ​ ខ្ញុំ​មើល​ឃើញ​ថា សមត្ថភាព​របស់​កីឡាករ​​ឡុង ​ជិន ​អាច​នឹង​មាន​ឱកាស​ច្រើន​បាន​ឡើង​ទៅ​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រ​វាត់​ជា​មួយ​កីឡាករ​ថៃ​បាន​ដោយ​មាន​សង្ឃឹម​ខ្ពស់​»​។ ​

អ្នក​ស្រី​ដែល​បច្ចុប្បន្ន​​ជា​​ប្រធាន​ក្លិប​ប្រ​ដាល់​​​ខ្លារខិន​មាន​រិទ្ធ​ ចំណុះ​ឲ្យ​ក្រ​សួង​ឲ្យ​​សមាគម​ប្រ​ដាល់​ក្រ​សួង​មហា​ផ្ទៃ បាន​ដឹក​នាំ​គ្រប់​គ្រង​កីឡា​ទទួល​បាន​លទ្ធ​ផល​ល្អ និង​ជា​​ក្លិប​មួយ​ដែល​សម្បូរ​កីឡាករ​ខ្លាំង​និង​ឆ្នើមៗ​​៕