ភ្នំពេញៈ កីឡាករ​កម្ពុជា ម៉ន សា​ម៉េ​ត នឹងត្រូវ​ប្រកួត​សង​សឹក​ថៃ Phun Savath ក្នុង​ទម្ងន់ ៥៧ គ.ក្រ នៅ​លើ​សង្វៀន SEATV នា​ព្រឹក​ថ្ងៃ​អាទិត្យ ខាងមុខ ចំណែក ឌុម កែវដា ចង់​ឈ្នះ​គូ​សត្រូវ​ចាស់ Phayaklek ជា​ថ្មី​ម្តង​ទៀត ដើម្បី​ស្តារ​មុខ​មាត់ ចំពោះ​ការ​ចាញ់ ៥ លើក​ជាប់ៗ​គ្នា​កន្លង​មក​នេះ។

ម៉ន សា​ម៉េ​ត ធ្លាប់​ជួប​កីឡាករ​ជើងចាស់ Phun Savath ៥លើក​ហើយ ហើយ​ពួកគេ​បាន​ឈ្នះ ២ និង​ចាញ់ ២ និង​ស្មើ​គ្នា ១ ដង ហើយ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ពួកគេ នៅ​តែ​មិន​ទាន់​អស់​ចិត្ត។

សា​ម៉េ​ត បាន​ប្រាប់ថា៖ «ជំនួប​សងសឹក​លើក​នេះ ខ្ញុំ​គិតថា មាន​ទំនុកចិត្ត​ឈ្នះ​ខ្ពស់ ព្រោះ​ការ​ហាត់​ជា​ប្រចាំ​ជួយ​ឲ្យ​ខ្ញុំ​ថែរក្សា​កម្លាំង និង​បច្ចេកទេស​បាន​ល្អ ហើយ​ម្យ៉ាង​ទៀត Phun Savath មួយ​រយៈ​នេះ​មិន​ខ្លាំង​ដូច​មុន​ទេ។ តាម​ខ្ញុំ​សង្កេត​មើល​ការ​ប្រកួត​របស់​គាត់ គឺ​ចាប់ផ្តើម​វាយ​ធ្លាក់​ចុះ​កម្លាំង បន្ទាប់​ពី​ប្រកួត​ជាមួយ ពេជ្រ ម្ទេស​ខ្មាំង រង​របួស​គ្រាំគ្រា និង​មាន​បញ្ហា​ក្នុង​ឆ្អឹង»។

កីឡាករ​មាន​កម្ពស់ ១,៦៣ ម៉ែត្រ ធ្លាប់​ប្រកួត ១៣៥ ដង ឈ្នះ១០០ ចាញ់ ៣០ ស្មើ ៥ ដង និង​ធ្លាប់​ឈ្នះ​ជើង​ឯក​ជាតិ​សឹង​រាល់​ឆ្នាំ សាម៉េត បាន​បន្ថែម​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ៨០ ភាគរយ​លើ Phung Savath ដើម្បី​ស្តារ​មុខ​មាត់ និង​ភាព​ខ្លាំង​របស់​ខ្ញុំ​វិញ»។

ចំណែក​លោក ម៉ាង ម៉ន ដែលជា​គ្រូបង្វឹក បាន​និយាយថា៖ «មួយរយៈ​នេះ សា​ម៉េ​ត ប្រឹង​ហាត់​ស្តារ​កម្លាំង ដើម្បី​ប្រកួត​យក​ប្រជាប្រិយ​ឡើង​វិញ ក្នុង​កម្រិត​គូ​អន្តរជាតិ។ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម និង​ទុកចិត្ត​ថា អាម៉េត នឹង​ឈ្នះ​ថៃ Phun Savath ១០០ ភាគរយ!»។

ចំណែក​ការវិល​មកជួប​គ្នា​រវាង ឌុ​ម កែវ​ដា និង Phayalek ជា​គូ​សង​សឹក​គ្នា​ក្នុង​ចំណាប់​អារម្មណ៍ និង​ជក់​ចិត្ត​ពី​មហាជន។ កែវដា ធ្លាប់​ឈ្នះ Phayalek ចំនួន ៣ លើក​មក​ហើយ ប៉ុន្តែ​សុទ្ធ​តែ​តឹង​តែង និង​លំបាក​លំបិន។

ឌុ​ម កែវ​ដា ធ្លាប់​ប្រកួត​បាន ៨៩ ដង ឈ្នះ ៦៩ ចាញ់ ១៧ និង​ស្មើ ៣ ដង ប៉ុន្តែ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ ៥ លើក​ចុង​ក្រោយ​នេះ កែវដា បាន​ចាញ់​ទាំង ៥ លើក ព្រោះ​កម្រិត​វិជ្ជា​គុន និង​កម្លាំង​ពិត​ជា​ធ្លាក់​ចុះ។

ឌុ​ម កែវ​ដា ប្រាប់​ថា៖ «បន្ទាប់ពី​ខ្ញុំ​រងរបួស​ដៃ និង​មាន​បញ្ហា​ឈឺ​ក្នុង​ទ្រូង គឺ​ការ​ប្រកួត​មិន​សូវ​បាន​ល្អ​ទេ។ នៅ​ក្នុង​ជំនួប​សង​សឹក​ជាមួយ Phayalek នេះ​ពិត​ជា​លំបាក និង​តឹង​តែង​ណាស់ ព្រោះ​គេ​ល្អ​ផ្នែក​ស្នៀត​ទាត់ និង​ជង្គង់។ ហេតុ​នេះ​បើ​សិន​ខ្ញុំ​ប្រើ​ស្នៀត​កែង និង​ជង្គង់ អាច​នឹង​ចាញ់​គេ ព្រោះ​កម្លាំង​ខ្ញុំ ធ្លាក់​ជាង​មុនៗ​ដែរ»។

កែវ​ដា បន្ថែមថា៖ «ខ្ញុំ​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំងណាស់ ខ្លាច​ចាញ់​ធ្លាក់​ប្រិយភាព ដោយ​បញ្ហា​ការ​ប៉ះទ​ង្គិច​ខ្លាំង នាំ​ឲ្យ​ឈឺ​ត្រង់​ចង្កេះ ហេតុនេះ​លំបាក​ក្នុង​ការ​ចូល​ឱប​ប្រឹង​ឡើង​ជង្គង់។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​នឹង​ប្រឹង​យក​ឈ្នះ​ឲ្យ​បាន ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ បន្ទាប់​ពី​ចាញ់​ចំនួន ៥ ប្រកួត​ជាប់ៗ​គ្នា​កន្លង​មក​នេះ»។

លោក ឈិន ក្វាន់​ចៃ ជា​គ្រូបង្វឹក​និយាយថា៖ «ខ្ញុំ​សង្ឃឹម និង​ទុកចិត្ត កែវ​ដា ថា​នឹង​ឈ្នះ​ព្រោះ​ការ​ហ្វឹក​ហាត់ និង​ឆន្ទៈ​របស់​គេ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង ដើម្បី​មាន​ទីផ្សារ​ប្រកួត​ច្រើន​ឡើង​វិញ»។

ចំណែក​លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​ប្រាប់ថា Phayalek ឥឡូវ​ហាត់​បានល្អ និង​មាន​កម្លាំង​ត្រៀម​ប្រកួត​ល្អ។ លោក​បន្តថា ការ​ឈ្នះ ឬ​ចាញ់ មិន​ទាន់​ហ៊ាន​ថា​ទេ ប៉ុន្តែ​នេះ​ជា​ការ​ប្រកួត​ស្វិត​ស្វាញ និង​តឹង​តែង​គ្មាន​អ្នក​ណា​ស៊ី​ផុយ​នោះ​ទេ៕