ភ្នំពេញៈ កីឡាករខ្លួនតូចចិត្តធំរបស់កម្ពុជា ម៉ន សាម៉េត បានសម្រេចចិត្តថា រូបគេនឹងប្តូរយុទ្ធសាស្រ្តវ៉ៃជាមួយអ្នកប្រដាល់ថៃ Khav Krachang គឺការចូលប្តូរ ដោយមិនខ្វល់ពីការសន្លប់ដណ្តើមយក ៣ ពិន្ទុ សម្រាប់ការជួបគ្នា ក្នុងវគ្គជម្រុះដណ្តើមខ្សែក្រវាត់ Khmer InterChampionship (KIC) នៃសង្វៀនទូរទស្សន៍ ONE- TV នាល្ងាចថ្ងៃអាទិត្យ ចំណែក អេលីត ចំរើន មានការជឿជាក់ថា នឹងឈ្នះបាន ៣ ពិន្ទុពី Noeng Thavath ដោយគ្មានការបារម្ភឡើយ។
សម្រាប់ការប្រកួតជម្រុះលើកទី៣ នេះ ម៉ន សាម៉េត មិនត្រឹមតែមានមហិច្ឆតាចង់ឈ្នះបាន ៣ ពិន្ទុ ពីជើងខ្លាំងរបស់ថៃប៉ុន្មានទេ ប៉ុន្តែរូបគេ ក៏ចង់ផ្តួលថៃម្នាក់នេះឲ្យសន្លប់ផងដែរ ដើម្បីប្រជែងជាមួយមិត្តរួមជាតិ ដែលឈរនៅពូលកម្ពុជាជាមួយគ្នា ព្រោះពេលនេះ ម៉ន សាម៉េត, អេលីត ចំរើន និង មាស សារ៉ាក់ មាន ៦ ពិន្ទុស្មើគ្នា ខណៈរូបមន្តប្រកួត គឺកំណត់យកតែអ្នកបានលេខ ១ និងលេខ ២ ទៅឡើងប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ។
បើប្រៀបធៀបប្រវត្តិប្រកួត និងបទពិសោធរបស់ ម៉ន សាម៉េត និងថៃ Khav Krachang គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែ ម៉ន សាម៉េត ចាញ់ប្រៀបផ្នែកកម្ពស់ និងស្នៀតជង្គង់។ ទោះយ៉ាងណាកីឡាករថៃរូបនេះ ខ្សោយផ្នែកមុខ និងធ្លាប់សន្លប់ក្រោមកណ្តាប់ដៃធ្ងន់របស់កីឡាករ មាស សារ៉ាក់ ផងដែរ។
ម៉ន សាម៉េត បាននិយាយថា៖ «ជំនួបប្រកួតលើកនេះពិតជាលំបាក ព្រោះគេខ្ពស់ជាង អ៊ីចឹងយើងអាចចាញ់ប្រៀបផ្នែកជង្គង់ ប៉ុន្តែខ្ញុំគិតថា លើកនេះវ៉ៃប្តូរយុទ្ធសាស្ត្រ ដោយចូលកៀកប្រើកែង និងកណ្តាប់ដៃ។ និយាយទៅវ៉ៃប្តូរតែម្តង បើគេមិនសន្លប់ គឺយើងសន្លប់ ព្រោះបើចង់វ៉ៃតាមបច្ចេកទេសធម្មតា គឺអាចនឹងចាញ់ពិន្ទុថៃ»។
ម៉ន សាម៉េត បានបន្ថែមថា៖ «តាមមើលការប្រកួតរបស់កីឡាករថៃរូបនេះ គឺគេល្អផ្នែកឱបឡើងជង្គង់ ហេតុនេះបើខ្ញុំមិនវាយប្តូរទេ មិនអាចមានប្រៀបយកឈ្នះបានឡើយ។ ខ្ញុំហ្វឹកហាត់ជាប្រចាំ និងត្រៀមបានល្អ ហើយក្នុងចំណោមកីឡាករថៃទាំង ៤ នាក់ ខ្ញុំគិតថា Khav Krachang នេះលំបាកប្រកួតជាងគេ ហេតុនេះបើខ្ញុំឆ្លងផុត គឺធានាថា បានឡើងទៅវគ្គបន្ត ដោយសង្ឃឹមឈ្នះ ៧៩ ភាគរយ»។
ចំណែកគ្រូបង្វឹករបស់ថៃ លោក ថាញ់ វ៉ាឡេក បាននិយាយថា៖ «បើសិនចាប់ឱបជាប់ Khav Krachang អាចនឹងផ្តួល ម៉ន សាម៉េត ឲ្យសន្លប់ដោយក្បាច់ជង្គង់បាន ប៉ុន្តែការប្រកួតនេះ មានមួយច្រកម្នាក់ទេ ព្រោះបើចាប់ ម៉ន សាម៉េត មិនជាប់ អាចចាញ់ដោយពិន្ទុ ឬកណ្តាប់ដៃ និងកែង។ ទោះយ៉ាងណា Khav Krachang អាចមានសង្ឃឹមឈ្នះដល់ ៩០ ភាគរយ លើ ម៉នសាម៉េត»។
ចំណែកការជួបគ្នារវាង អេលីត ចំរើន និងថៃ Noeng Thavath វិញ ត្រូវបានគ្រូបង្វឹក ចំរើន គឺលោក ស៊ន អេលីត និយាយទំនងដូចជាអួតបន្តិចថា អេលីត ចំរើន ហ្វឹកហាត់ត្រៀមបានល្អ ហើយការប៉ះថៃលើកនេះ ចំរើន សង្ឃឹមឈ្នះតែម្តង ព្រោះក្នុងចំណោមកីឡាករថៃទាំង ៤ នាក់នេះ គឺលំបាកទប់ទល់ស្នៀតជង្គង់របស់ចំរើនណាស់។
ស៊ន អេលីត បានអះអាងថា៖ «កុំថាខ្ញុំអួត ព្រោះខ្ញុំបង្វឹកផ្ទាល់ដៃ ហើយអ្វីដែលខ្ញុំបារម្ភគឺចៅក្រមកាត់សេចក្តីមិនយុត្តធម៌ ក្នុងករណីឈ្នះចាញ់ដោយលទ្ធផលពិន្ទុនោះ»៕