ភ្នំពេញ៖ ​កីឡាករ​កម្ពុជា ម៉ន សាម៉េត និង អេលីត ចំរើន សុទ្ធ​តែ​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​លើ​​អ្នក​ប្រដាល់​ថៃ Lafan និង Neong Thavath សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់ KIC នៅ​លើ​សង្វៀន One TV នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ឡើង​ទៅ​ប្រជែង​គ្នា​យក​ខ្សែ​ក្រវាត់ អម​ជាមួយ​ប្រាក់​រង្វាន់ ​៤ ០០០ ​ដុល្លារ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ការ​បង្ហាញ​ភាព​ជឿជាក់​នេះ ក៏​ព្រោះ​ថា ម៉ន សាម៉េត និង អេលីត ចំរើន ដែល​បាន​ឈ្នះ​ទាំង ​៤ ​ប្រកួត​ដូច​គ្នា ក្នុង​វគ្គ​ជម្រុះ​នោះ គឺ​សុទ្ធ​តែ​ធ្លាប់​​បាន​ផ្តួល​កីឡាករ​របស់​​​ថៃ​ទាំង ​២ ​នេះ​ឲ្យ​សន្លប់ ខណៈ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ ម៉ន សាម៉េត ត្រូវ​ប៉ះ Lafan ហើយ ចំរើន ត្រូវ​វិល​មក​ជួប Neong Thavath។

ម៉ន ​សាម៉េត បាន​​និយាយ​៖ «​ខ្ញុំ​កំពុង​ហ្វឹកហាត់​យ៉ាង​មមាញឹក ដើម្បី​យក​ឈ្នះ​ ​Lafan ​ព្រោះ​ដៃ​គូ​ម្នាក់​នេះ​ ទោះ​ខ្ញុំ​ធ្លាប់​ឈ្នះ​គេ​ក្នុង​ទឹក​ទី ​៣ ​ក្នុង​វគ្គ​ជម្រុះ​ក៏​ដោយ​ ​តែ​មិន​អាច​មើល​ស្រាល ​ឬ​បន្ធូរ​ដៃ​បាន​ទេ​ ​ព្រោះ​នេះ​ជា​វគ្គ​សំខាន់​ឆ្ពោះ​ទៅ​រក​​ខ្សែ​ក្រវាត់។​ ​ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​យក​ឈ្នះ​កីឡាករ​ថៃ​ Lafan​ បាន​ ប៉ុន្តែ​មិន​ធានា​វ៉ៃ​ឲ្យ​សន្លប់​បាន ​ឬ​យ៉ាង​ណា​នោះ​ទេ​ ​ព្រោះ​គេ​រហ័ស​ និង​គេច​លឿន»​។​

ម៉ន សាម៉េត ដែល​កំពុង​​ប្រកួត​កីឡាគុន​ខ្មែរ​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ​២០១៩ ផង​នោះ បាន​បន្ថែម​ថា៖ ​«​ទាំង​​ការ​ប្រកួត​ថ្នាក់​ជាតិ និង​ការ​ប្រកួត​ខ្សែ​ក្រវាត់​នេះ ​គឺ​មាន​ឧបសគ្គ​ដូច​គ្នា ​ប៉ុន្តែ​ខ្សែ​ក្រវាត់​ KIC ​​ខ្ញុំ​មិន​អាច​បន្ធូរ​ដៃ​បាន​ទេ​។ ខ្ញុំ​មាន​មធ្យោបាយ​ ដើម្បី​ឈ្នះ​ដាច់​ខាត ​គឺ​ធានា​បាន ​១០០ ​ភាគរយ ​នឹង​ទទួល​បាន​កៅអី​ផ្តាច់​ព្រ័ត្រ​ ទោះបី​ឆ្លង​កាត់​ឈឺ​ខ្លួន​យ៉ាង​ណា​ក្តី»​។​

ម៉ន សាម៉េត ត្រូវ​ប្រកួត​វគ្គ​១/២​ផ្តាច់​ព្រ័ត្រជាមួយ​ថៃ Lafan​​។ សហ​ការី

ចំណែក​លោក​ ថៃ​ អ៊ូ​ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ប្រាប់​​ថា​៖ «​​Lafan​ កំពុង​ហាត់​យ៉ាង​សកម្ម ​និង​ប្រឹង​អស់​ពី​លទ្ធភាព ព្រោះ​វា​ជា​វគ្គ​សំខាន់ ​​ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​ Lafan​ ទំនង​ចាញ់​ប្រៀប​ស្នៀត​កែង​របស់ ​ម៉ន ​សាម៉េត​ ឯ​ស្នៀត​ទាត់​ ជង្គង់​ និង​កណ្តាប់​ដៃ​ ក្នុង​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទេ​។​ ​សម្រាប់​ ​Lafan​ ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​បញ្ហា​លទ្ធផល​ចាញ់ ​ឬ​ឈ្នះ​មិន​អាច​និយាយ​បាន​មុន​ប្រកួត​នោះ​ឡើយ ​ហើយ​បើ​និយាយ​ពី​ ម៉ន ​សាម៉េត​ គឺ​ពិត​ជា​ចាស់​វស្សា ​និង​មាន​បទពិសោធ​ល្អ​ជាង ​Lafan​ ហើយ​»។

ដោយ​ឡែក អេលីត​ ចំរើន​ ធ្លាប់​បាន​ផ្តួល​ថៃ​ Neong ​Thavath ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​១ ​ប៉ុណ្ណោះ ហើយ​ការ​ជួប​គ្នា​លើក​នេះ លោក​ ស៊ន​ អេលីត​ ជាគ្រូ​បង្វឹក​និយាយ​ថា​៖ «​តាម​ការ​ហ្វឹកហាត់​ និង​មើល​ពី​សមត្ថភាព​ ​គឺ​អេលីត​ ចំរើន ​អាច​នឹង​ឈ្នះ ​Neong​ Thavath ​មិន​លំបាក​នោះ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​រឿង​ប្រដាល់​ឲ្យ​ជ្រៅ​​នោះ​ឡើយ ​​ព្រោះ​ខ្ញុំ​ធ្លាប់​ទទួល​រង​អយុត្តិធម៌​នៅ​សង្វៀន​ដទៃ​ តែ​នៅ​សង្វៀន ​One TV ​ខ្ញុំ​គិត​ថា ​គេ​បើក​ថ្មី ​នឹង​មាន​យុត្តិធម៌​ល្អ​សម្រាប់​គ្រប់ៗ​គ្នា​មិន​ខាន»​។​

លោក​ ស៊ន​ អេលីត​ បាន​​ប្រាប់​បន្ថែម​ថា​៖ «ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​នេះ​ អាច​ ម៉ន​ សាម៉េត​ និង ​អេលីត ​ចំរើន​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​ហើយ​បន្ទាប់​មក ​អេលីត​ ចំរើន​ នឹង​បន្ត​បេសកកម្ម​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ទៀត​ ដែល​ទទួល​បាន​សិទ្ធិ​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ព្រម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា»​៕