ភ្នំពេញ: ការប្រកួតប្រដាល់គុនខ្មែរដណ្តើមពាន TV5 Boxing Knock Out Series (K Cement) ដែលបានឆ្លងវគ្គជម្រុះចាញ់ធ្លាក់អស់រយៈពេលជាង ៣ ខែ និងមានកីឡាករចំនួន ៣២ នាក់មកពីក្លិបផ្សេងៗពីគ្នានោះនឹងឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃសៅរ៍ ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ សប្តាហ៍នេះនៅសង្វៀនប៉ុស្តិ៍លេខ ៥។
កីឡាករ ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃនឹងត្រូវប្រជែងជាមួយកីឡាករ ធន់ អៀងឡៃ មកពីសមាគមប្រដាល់ក្រសួងការពារជាតិដើម្បីដណ្តើមពានអមដោយទឹកប្រាក់ចំនួន ៤ ០០០ ដុល្លារ ខណៈអ្នកចាញ់ទទួលបានប្រាក់ចំនួន ២០០០ ដុល្លារផងដែរ។
ចំណែកកីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហ្វាប់ស្វាយប៉ាក និង គួន ប៊ុនហ៊ីម មកពីក្លិបសាមគ្គីខេត្តបាត់ដំបងនឹងត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ ៣ ដែលអមដោយទឹកប្រាក់ចំនួន ៧៥០ ដុល្លារ ខណៈដែលអ្នកចាញ់បានចំណាត់ថ្នាក់លេខ ៤ និងទទួលបានប្រាក់ ៥០០ ដុល្លារ។ ប្រវត្តិប្រកួតវគ្គជម្រុះតាំងពីវគ្គ ៣២ នាក់ដំបូង ម៉ន សាម៉េត បានឈ្នះ ឯម សុធី មកពីក្លិបថ្មគោលខេត្តបាត់ដំបងក្នុងជុំទី ១ លើកទី ២ ឈ្នះ សិស្សប្អូនមិត្តរួមគ្រូ កីឡាករ រឿន សុខលី ឲ្យសន្លប់ត្រឹមទឹកទី ២។
ជុំទី៣ គេបានឈ្នះពិន្ទុ យុគ យក្សផ្លែ និងជុំទី៤ ឈ្នះកីឡាករ គួន ប៊ុនហ៊ីម ក្នុងទឹកទី៣។ ចំណែកកីឡាករ ធន់ អៀងឡៃ បានឈ្នះ ៤ ប្រកួតដើម្បីវគ្គផ្តាច់ព្រ័ត្រនេះដោយជុំទី ១ ឈ្នះកីឡាករ រ៉ាន់ ចាន់រាជ ក្នុងទឹកទី១ ឈ្នះ សេក គឹមសាន្ត ក្នុងទឹកទី១ ឈ្នះ សៀវ ង៉ុយ ដោយពិន្ទុ និងឈ្នះ បឺត សង្ឃឹម ក្នុងទឹកទី១ ។
ការប្រកួតរវាង បឺត សង្ឃឹម និង គួនប៊ុនហ៊ីម ដែលការប្រជែងយកចំណាត់ថ្នាក់លេខ ៣ មិនសូវមានការចាប់អារម្មណ៍ខ្លាំងប៉ុន្មានទេ ប៉ុន្តែសម្រាប់ការដណ្តើមយកចំណាត់ថ្នាក់លេខ ១ រវាងជើងចាស់ សាម៉េត និងជើងខ្លាំងជំនាន់ក្រោយ អៀងឡៃ នឹងផ្តល់នូវការទាក់ទាញបំផុតដល់មហាជន។
ម៉ន សាម៉េត បាននិយាយថា៖ «ការប្រកួតនេះមិនមែនងាយស្រួលទេ ពីព្រោះគេមានកម្លាំងខ្លាំងវ៉ៃសម្រុកខ្លាំង ហើយការប្រកួតនេះមិនអាចធ្វេសប្រហែសបានទេ វាជាឧបសគ្គធំណាស់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំមានទំនុកចិត្តឈ្នះខ្ពស់ មានយុទ្ធសាស្ត្រសម្រាប់យកឈ្នះបាន ទោះលំបាកយ៉ាងណាក៏ដោយ»។
ម៉ន សាម៉េត បានបន្ថែមថា៖ «រឿងកលល្បិចនៃការប្រកួតពេលនោះដើម្បីយកឈ្នះ ខ្ញុំមិនអាចជម្រាបជាសាធារណៈបានទេ តែធានាថានឹងឈ្នះមិនខានក្នុង ៩០ ភាគរយ»។
លោក ម៉ាង ម៉ន គ្រូបង្វឹក បាននិយាយថា៖ «សាម៉េត មានល្បិច និងបទពិសោធប្រកួតល្អច្រើន ហេតុនេះការប្រកួតសង្ឃឹមថាឈ្នះបានលេខ ១ ប៉ុន្តែមានលក្ខណៈតឹងតែងបំផុត។ ការឈ្នះរបស់ សាម៉េត អាចជាយុទ្ធសាស្ត្រកលល្បិចច្រើនជាងប្រើកម្លាំងដែលចំណាយខ្ជះខ្ជាយមិនបានផល ឬចំគោលដៅល្អ»។
តាមប្រវត្តិប្រកួត និងបទពិសោធ ម៉នសាម៉េត ប្រកួតច្រើនជាង ធន់ អៀងឡៃ ចំនួនប្រហែល ៣ ដង និងមានអាយុព្រមទាំងស្គាល់សង្វៀនប្រដាល់ជិត ១០ ឆ្នាំមុន អៀងឡៃ ហើយរូបគេធ្លាប់គ្រប់គ្រងខ្សែក្រវាត់ចំនួន ២ ស្ថាប័ន។ ចំណែក ធន់ អៀងឡៃ មានបទពិសោធរយៈពេលជិត ២ ឆ្នាំ ប៉ុន្តែធ្លាប់ផ្តួលជើងខ្លាំងៗរៀមច្បងរាប់ភ្លេច។
នៅក្នុងស្ថិតិប្រកួតត្រឹមជិត ៥០ លើករូបគេចាញ់តែ ៣ លើកប៉ុណ្ណោះ ពិសេសក្នុង ៣៤ ប្រកួតចុងក្រោយឈ្នះជាប់ៗគ្នារហូត។ លោក ធន់ សុភា គ្រូបង្វឹកបាននិយាយថា៖ «ខ្ញុំសុំការអនុញ្ញាតមិននិយាយពីល្បិចនៃការប្រកួតនេះទេ ប៉ុន្តែទាំងការហ្វឹកហាត់ និងត្រៀមប្រកួត ខ្ញុំសង្ឃឹមឈ្នះច្រើនដល់ទៅ ៨០ ភាគរយ»។
លោក ធន់ សុភា បានអះអាងថា៖ «អ្វីដែលខ្ញុំជឿជាក់នោះដោយសង្កេតឃើញថាការហ្វឹកហាត់បានល្អ ហើយប្រវត្តិប្រកួតរបស់ អៀងឡៃ ចំនួន ៣៤ លើកចុងក្រោយឈ្នះភាគច្រើនដោយផ្តួលដៃគូឲ្យសន្លប់តែម្តង ចំណែក ម៉ន សាម៉េត មានឈ្នះ មានចាញ់ក្នុងការប្រកួតចុងក្រោយរបស់គេ»៕