ភ្នំពេញ: ការប្រកួត​ចាញ់​របស់​កីឡាករ​ម៉ន សាម៉េត នៃ​ក្លិប​កង​ចក្រ​រាជសីហ៍​ជាមួយ​កីឡាករ​ថៃ Vort Vandy ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​ដែល​កីឡាករ​ថៃ​រូប​នេះ បាន​ប្រើ​កណ្តាប់​ដៃ ដើម្បី​បញ្ចប់​ការ​ប្រកួត​ត្រឹម​ចុង​ទឹក​ទី ១ ឲ្យ​សាម៉េត ឲ្យ​សន្លប់​បាត់​មាត់​ឈឹង។

ក្រោយពេល​សន្លប់ ភ្នំពេញប៉ុស្តិ៍​បាន​ស្វែង​ជួប​ម៉ន សា​ម៉េ​ត ដើម្បី​បកស្រាយ​មន្ទិល​របស់​អ្នក​ទស្សនា ដែល​ហាក់បី​ដូច​មិន​អស់​ចិត្ត ស្រប​ពេល​ដែល​កន្លង​មក កីឡាករ​រូប​នេះ​មិន​ធ្លាប់​សន្លប់​យ៉ាង​លឿន​បែប​នេះ​ទាល់​តែ​សោះ។ ម៉ន សាម៉េត បាន​និយាយ​ថា៖ «វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ពីព្រោះ​សមត្ថភាព​កីឡាករ​ថៃ Vort Vandy ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម​នេះ​មិន​ខ្លាំង​ប៉ុន្មាន​ទេ។ តាមរយៈ​ការ​ទស្សនា​វីដេអូ​ឃ្លីប​ការ​ប្រកួត​របស់​គេ ខ្ញុំ​ក៏បាន​គិត​ថា មិន​អាច​ឈ្នះ​ខ្ញុំ​បាន​ដែរ»។

កីឡាករ​រូបនេះ​បាន​បកស្រាយ​បន្តថា៖ «ប៉ុន្តែ​ការប្រកួត​ជាក់ស្តែង ការ​ចាញ់​យ៉ាង​ងាយ​របស់​ខ្ញុំ​គឺ​ហៅថា ភ្លាត់​ស្នៀត ប្រហែស​តែ​បន្តិច ពោល​គឺ​កណ្តាប់ដៃ​វាយ​ចេញ​ខ្លី​យ៉ាង​លឿន​ចូល​ថ្គាម​ក្បែរ​ចង្កា បាន​នាំ​ឲ្យ​ខ្ញុំ​សន្លប់​យ៉ាង​លឿន​បំផុត​ស្មាន​មិន​ដល់»។

ម៉ន សា​ម៉េ​ត បាន​បញ្ជាក់ថា៖ «ក្នុង​ប្រវត្តិ​ប្រកួត​ប្រដាល់​ជិត ១០ ឆ្នាំ ខ្ញុំ​មិនដែល​ចាញ់​សន្លប់​ក្នុង​ទឹក​ទី ១ បែប​នេះ​ទេ។ តាម​ពិត​ខ្ញុំ​ហ្វឹកហាត់​បាន​ល្អ ថែទាំ​សុខភាព​បាន​ល្អ និង​ត្រៀម​ប្រកួត​ល្អ ប៉ុន្តែ​ការ​ចាញ់​ដោយ​កណ្តាប់​ដៃ​យ៉ាង​លឿន​នៅ​ចុង​ទឹក​នោះ​គឺជា​ការ​ភ្លាត់​ស្នៀត ឬ​អាច​និយាយ​ថា ខ្ញុំ​ប្រហែស​បាត់​ស្នៀត​ការពារ​ដោយ​មាន​ទំនុក​ចិត្ត​ខ្លួន​ថា ការ​ប្រកួត​ពេល​នេះ​មិន​អាច​ចាញ់​បាន​ទេ​គឺ​ដូច​ពាក្យ​គ្រូបង្វឹក​ថា «ភ្លាត់​ស្នៀត​ដោយ​មើល​ងាយ​ដៃគូ»។

កីឡាករ​រ​រូបនេះ​បាន​បន្ថែមថា៖ «ខ្ញុំ​ចាត់ទុក​ការ​ចាញ់​នេះ​ជា​ប្រវត្តិ និង​ជា​ថ្ងៃ​ស៊យ​បំផុត ពីព្រោះ​ក្រោយ​ពេល​សន្លប់ ខ្ញុំ​មក​ដល់​ផ្ទះ កូន​ទទួល​រង​គ្រេច​ដៃ​បន្ថែម​ទៀត​ដែលជា​បន្ទុក​លំបាក​មួយ​ធំ»។

ទោះជា​យ៉ាងណា ម៉ន សា​ម៉េ​ត បាន​អះអាងថា ការប្រកួត​លើក​ក្រោយៗ​មិន​ឲ្យ​កើត​មាន​ឡើង​ដូច​នេះ​ទៀត​ទេ។

តាម​ការអះអាង​របស់​កីឡាករ​ម៉ន សា​ម៉េ​ត បច្ចុប្បន្ន រូបគេ គ្មាន​មុខរបរ​អ្វី​បន្ថែម​ទៀត ឬ​នេសាទ​ត្រី​ដូច​លើក​មុនៗ​ទេ ពោល​គឺ​ហ្វឹកហាត់ និង​ឡើង​ប្រកួត​យក​ប្រាក់​ចឹញ្ចឹម​ជីវិត​ដោយ​មាន​ប្រពន្ធ និង​កូន​ចំនួន ២ ផង​ដែរ។

នៅក្នុង​ដំណាច់​ឆ្នាំនេះ និង​ដើមឆ្នាំ២០១៩ ម៉ន សា​ម៉េ​ត ជាប់​កិច្ចសន្យា​ប្រកួត​ដណ្តើម ខ្សែ​ក្រវាត់​ចំនួន ២ គឺ​ប្រកួត​ទីហ្វី​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ និង ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៥៧ គីឡូក្រាម​ដូចគ្នា​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។

បន្ថែម​ពីលើ​នេះ មាន​ព្រឹត្តិការណ៍ផ្សេងៗទៀត​ដែល​រូបគេ​ត្រូវ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ដទៃ​ជាច្រើន​ដែល​សហព័ន្ធ​គុន​ខ្មែរ ក៏​ដូច​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​ជួយ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត ដើម្បី​បាន​ប្រាក់​ចំណូល​គ្រាន់​ជួយ​ជីវភាព​គ្រួសារ៕