ភ្នំពេញៈ កីឡាករ​កម្ពុជា ម៉ន សាម៉េត បាន​ប្រើ​ពេល ​២ ​នាទី​ក្នុង​ការផ្តួល​ជើង​ខ្លាំង​របស់​ថៃ​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​អម​វគ្គ​ជម្រុះ​ពានរង្វាន់ K- Cement Knock outseries ចំណែក គឿម សុវណ្ណឌឿត និង ខេម ចាន់ សុទ្ធតែ​បាន​ឈ្នះ​លើ​គូប្រកួត​នៅក្នុង​ការប្រកួត​ជម្រុះ​ប្រចាំ​សប្តាហ៍​នេះ ដើម្បី​បន្ត​ដំណើរ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។

មុន​ពេល​ប្រកួត​ដែល​ត្រូវ​ធ្វើ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ កាលពី​ថ្ងៃ​សៅរ៍​នោះ ម៉ន សាម៉េត មាន​ការបារម្ភ​ខ្លាំង​បំផុត​ដោយសារ​តែ​សមត្ថភាព និង​ប្រវត្តិ​ប្រកួត​របស់​ថៃ Vany Chhai ជា​ជើងឯក​រង​ល្បីល្បាញ​នៅ​ប៉ុស្តិ៍​លេខ​ ៧ ​ថៃ​ហើយ​មាន​បទពិសោធ​លើស​ង្វៀន​បាន​ច្រើន​ដោយ​មាន​ក្បាច់​ជង្គង់​ល្អ​បំផុត​។

ប៉ុន្តែ​នៅពេល​ប្រកួត​ជាក់ស្តែង ម៉ន សាម៉េត ពិត​ជា​ធ្វើ​បាន​ល្អ​ដោយ​តាំងចិត្ត​ប្រកួត​បាន​រឹងមាំ មិន​ស្លុត​ស្មារតី​ឡើយ​។ នៅ​ទឹក​ទី​ ១ ពួកគេ វាយ​ចេញ​មាន​ការប្រុងប្រយ័ត្ន​ដូច​គ្នា ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​ ២ សាម៉េត ហាក់បី​ដូច​ដឹង​ចំណុច​ខ្សោយ​ដៃគូ គឺ​បាន​ប្រើ​ស្នៀត​ទាត់​សម្រុក​កាន់តែ​ខ្លាំង​។

ការទាត់​ផ្ទួនៗ​របស់ សាម៉េត បាន​ធ្វើឲ្យ Vany Chhai ចាប់ផ្តើម​ឈឺ​ជើង និង​ដួល​ញឹកញាប់​នាំឲ្យ​អាជ្ញា​កណ្តាល ហ៊ិន សៃហេង រាប់​មួយ​លើក ហើយ​ឃើញ​ឱកាស​ល្អ​បែប​នេះ សាម៉េត បាន​ទាត់​បន្ថែម​ជើង​ក្រោម​ធ្វើឲ្យ Vany Chhai ដួល​ងើប​លែងរួច សុំ​ចុះចាញ់​តែ​ម្តង​។

ជាមួយ​ជ័យជម្នះ​នេះ សាម៉េត បាន​និយាយ​ថា​៖ «​ជ័យជម្នះ​នេះ​គឺ​ពិតជា​មោទនភាព​ណាស់ ព្រោះ​ពី​ដំបូង​ខ្ញុំ​មិន​សង្ឃឹម​ឈ្នះ​ដោយ​ផ្តួល​គេ​ឲ្យ​សន្លប់​នោះទេ ប៉ុន្តែ​នៅ​ពេល​ប្រកួត​ជាក់ស្តែង ខ្ញុំ​បាន​មើល​ឃើញ​ថា ជើង​គេ​រាង​ឈឺ នៅពេល​ខ្ញុំ​ទាត់​ត្រូវ ហេតុនេះ​ខ្ញុំ​សម្រុក​ទាត់​ផ្ទួនៗ​តែ​ម្តង​»​។

ទោះ​ជា​យ៉ាង​ណា ម៉ន សាម៉េត រងរបួស​ឈឺ​ឆ្អឹង​ស្មងជើង​ក្រោយ​ពេល​ទទួល​បាន​ជ័យជម្នះ​។ ម៉ន សាម៉េត បាន​បន្ត​ថា​៖ «​ជ័យជម្នះ​នេះ​ខ្ញុំ​មិន​អាច​អួត​បាន​ទេ ព្រោះ Vany Chhai ចាញ់​មិន​អស់​ចិត្ត ហើយ​បើ​បាន​ជួប​គ្នា​លើក​ក្រោយ មិន​ហ៊ាន​ធានា​ច្រើន​នោះ​ទេ​»​។

ចំណែក​លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​និយាយ​ថា​៖ «Vany Chhai វា​និយាយ​ថា​មិន​អស់​ចិត្ត​សោះ ព្រោះ​ពេល​នោះ​ឈឺ​ជើង​ងើប​មិន​រួច ដោយ​គេ​ទាត់​ត្រូវ​ផ្ទួនៗ​តែ​ម្តង​ហេតុ​នេះ Vany Chhai ចង់​មក​ប្រកួត​សងសឹក​ម្តង​ទៀត​នៅ​លើក​ក្រោយ​»​។

ចំណែក​គូប្រកួត​ដណ្តើមពាន K Cement Knock out series ជម្រុះ​ប្រចាំ​សប្តាហ៍ ជើង​ខ្លាំង អេលីត ប៊ុនសិទ្ធ បាន​ចាញ់​ពិន្ទុ គឿម សុវណ្ណឌឿត ក្នុង​លក្ខណៈ​ប្រផិតប្រផើយ ដោយ​ការប្រកួត​វាយ​សម្រុក​គ្នា​ជក់​ចិត្ត​បំផុត​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​ជើងចាស់​ទម្ងន់​ស្រាល គឿម សុវណ្ណឌឿត បាន​ឡើង​ទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​ ២ ក្នុង​វគ្គ​ជម្រុះ​ ១៦ ​នាក់​ចុងក្រោយ​។

ចំណែក​ជើង​ខ្លាំង ខេម ចាន់ បាន​ចំណាយ​ពេល​តែ​ ២ ​ទឹក ដើម្បី​បង្ខំ​ឲ្យ​កីឡាករ សំណាង សុខនឿន សុំ​ចុះចាញ់​តែ​ម្តង​។ ប៉ុន្តែ​គ្រូបង្វឹក​ប្រដាល់​គុន​ខ្មែរ សុំ​មិន​បញ្ចេញឈ្មោះ​និយាយ​ថា​៖ «​ការប្រកួត​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​វគ្គ​ជម្រុះ​តាម​រូបមន្ត​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​នេះ​កីឡាករ​គ្មាន​សមត្ថភាព​ប្រហែល​គ្នា​ទេ គឺ​ឲ្យ​តែ​មាន​ទម្ងន់​ប៉ុន​គ្នា​ដាក់​ឲ្យ​ប្រកួត​ដោយ​មិន​គិតពី​សមត្ថភាព បទពិសោធ​ចាស់ ឬ​ថ្មី​ទេ ហើយ​អ្នក​ប្រដាល់​មួយ​ចំនួន​គ្រាន់តែ​ឡើង​ប្រកួត​បង្គ្រប់កិច្ច ដើម្បី​យក​លុយ​តម្លៃ​ខ្លួន​ផ្នែក​ចាញ់​ប៉ុណ្ណោះ ឯ​កីឡាករ​ដែល​ឈ្នះ​គឺ​ត្រូវ​គេ​មើល​ដឹង​លទ្ធផល​តាំងពី​មុន​ប្រកួត​ម្ល៉េះ​។

ចំណែក​គូ​អន្តរជាតិ​កម្តៅ​សាច់ដុំ​ទម្ងន់​ ៤០ ​គ.ក្រ ជើង​ថ្មី ខាំ ចក្រព័ន្ធ បាន​ឈ្នះ​ថៃ Phit Arun ក្នុង​ការប្រកួត​ជក់ចិត្ត​បំផុត​៕