ភ្នំពេញៈ ម្ចាស់​ខ្សែក្រវាត់​ ២ ​ស្ថាប័ន ម៉ន សាម៉េត ដែល​ធ្លាប់​ចាញ់​យ៉ាង​ជូរចត់ ក្រោម​ស្នៀត​ទាត់ និង​ជង្គង់​របស់ អេលីត ចំរើន ចំនួន​ ២ ​លើក​នោះ​បាន​ប្តេជ្ញាចិត្ត​សងសឹក​ឱ្យបាន​វិញ​ក្នុង​ការប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន (៣- ,៤​លាន​រៀល​) នៅ​សង្វៀន​ថោន​នា​យប់​ថ្ងៃអាទិត្យ​នេះ​។

បើទោះបី​ជា​ការប្រកួត​នេះ​តម្រូវ​ឱ្យ​បេក្ខភាព​ទាំង​ ៤ ​នាក់​ចាប់ឆ្នោត​មុន​ការប្រកួត ប៉ុន្តែ​ សាម៉េត មិន​ចាត់ទុក​សូត្រ វាសនា និង រឿម វណ្ណៈ ជា​ឧបសគ្គ​ក្នុងការ​យកឈ្នះ​នោះទេ អ៊ីចឹង​គេ​នឹង​បាន​ជួប អេលីត ចំរើន គឺ​បើ​មិន​នៅ​វគ្គ​ជម្រុះ គឺ​វគ្គ​ផ្តាច់ព្រ័ត្រ​។ សាម៉េត បាន​ប្រាប់ថា​៖ «​ការប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ​ក៏​ដូចគ្នា​ទៅនឹង​ការប្រកួត​សងសឹក​ដែរ ហើយ​ពេលនេះ​ខ្ញុំ​ត្រៀម​ល្អ ដើម្បី​ឈ្នះ​ដែល​មិន​គិតថា អាច​ចាញ់​ទៀត​នោះឡើយ ព្រោះ​ខ្ញុំ​បាន​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស និង យុទ្ធវិធី​ប្រកួត ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ​ឱ្យបាន​»​។

ម៉ន សាម៉េត និង អេលីត ចំរើន ធ្លាប់​ជួបគ្នា​នៅ​សង្វៀន​បាយ័ន​កាលពី​ឆ្នាំ​ ២០១៨ និង​ប៉ះគ្នា​ម្តងទៀត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​សង្វៀន One TV ឆ្នាំ​ ២០១៩ ហើយ​បាន​ចាញ់​ទាំង​ ២ ​លើក ប៉ុន្តែ​លើក​នេះ សាម៉េត បញ្ជាក់ថា​៖ «​ការហ្វឹកហាត់ និង​ការថែទាំ​សុខភាព​បានល្អ​ប្រសើរ​ជាង​លើក​មុនៗ ដើម្បី​ត្រៀម​ប្រកួត​យកឈ្នះ​វិញ​ឱ្យបាន​ក្នុង​ទំនុកចិត្ត​ខ្ពស់ ប៉ុន្តែ​បច្ចេកទេស​វ៉ៃ​បែបណា ខ្ញុំ​សុំ​មិនទាន់​ប្រាប់​ទេ កុំឱ្យ​ដៃគូ​ដឹង ហើយ​ការប្រកួត​លើក​នេះ​សំខាន់ សម្រាប់​កេរ្តិ៍ឈ្មោះ កិត្តិយស និង​ប្រាក់​ចំនួន​ច្រើន គឺ​ខ្ញុំ​ប្តេជ្ញា​យកឈ្នះ​ឱ្យបាន​ក្នុង​ក្តីសង្ឃឹម​ ៧០ ​ភាគរយ​»​។

ចំណែក​លោក ម៉ាង ម៉ន គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត សាម៉េត ប្រាប់ថា​៖ «​យើង​បាន​សិក្សា​ពី​ល្បិច​ប្រកួត និង​បាន​ចាក់​មើល​វីដេអូ​ប្រកួត​កន្លងមក ដើម្បី​កែ​ចំណុច​ដែល​មិនទាន់​ល្អ និង​ព្យាយាម​ស្វែងរក​ចំណុចខ្សោយ​របស់​ដៃគូ ដើម្បី​យកឈ្នះ​ឱ្យបាន ព្រោះ​យើង​ជឿជាក់​លើ​ការហ្វឹកហាត់ និង​ត្រៀម​បច្ចេកទេស​វ៉ៃ​ឱ្យ​ល្អ​គឺ​ប្តូរ​គ្រប់​ស្នៀត​ឱ្យ​សន្លប់​ចោល​»​។

ជាមួយ​គ្នា​នេះ​លោក ស៊ន អេលីត គ្រូបង្វឹក អេលីត ចំរើន និយាយថា​៖ «​ខាង​ខ្ញុំ​ក៏​ត្រៀម​បានល្អ​ទាំង​ការហ្វឹកហាត់ និង​គោរព​វិន័យ អ៊ីចឹង​ខ្ញុំ​មាន​ទំនុកចិត្ត​ថា យើង​នៅតែ​បន្ត​ឈ្នះ ប៉ុន្តែ​មិនមែន​ស្រួល​ទប់ទល់​ទេ ព្រោះ សាម៉េត ចេញ​បាន​គ្រប់​ស្នៀត និង​មាន​ល្បិច​ច្រើន​។ ទោះយ៉ាងណា​យើង​ខ្ពស់ជាង អ៊ីចឹង​យើង​ធាក់ទប់ និង​ទាត់​ឆ្ងាយ ហើយ​ពេល​ចូល​ជិត​ឡើង​ជង្គង់​ឱ្យបាន​មុន គឺ​ធានា​ឈ្នះ​ ៩០ ​ភាគរយ ព្រោះ​តាំងពី​ឈ្នះ​ខ្សែក្រវាត់ នៅ One TV មក ចំរើន មិនដែល​ចាញ់​ទេ​»​។

ចំណែក សូត្រ វាសនា និង រឿម វណ្ណៈ ត្រូវគេ​វាយតម្លៃ​ថា​មាន​បច្ចេកទេស និង​បទពិសោធ​ទំនង​ខ្សោយ​ជាង អេលីត ចំរើន និង ម៉ន សាម៉េត ប៉ុន្តែ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​ ២ ក៏​អាច​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ បើសិន អេលីត ចំរើន និង ម៉ន សាម៉េត ចាប់ឆ្នោត​ប៉ះគ្នា​នៅ​វគ្គ​ជម្រុះ​នោះ​។

លោក សួន ប៊ុនសូត្រ ជា​គ្រូបង្វឹក​និយាយថា​៖ «២ ​នាក់​នោះ គេ​ខ្លាំង​ជាង ប៉ុន្តែ​មិនអាច​មើលស្រាល​កូន​ខ្ញុំ​នោះ​ទេ ព្រោះ​ឥឡូវ​វ៉ៃ​ឡើង​ជា​លំដាប់ ហើយ​កាលពីរ​សប្តាហ៍​មុន សូត្រ វាសនា បាន​ផ្តួល ឡុង ជិន ឱ្យ​សន្លប់​ធំ ហេតុនេះ​ខ្ញុំ​នៅមាន​សង្ឃឹម​ថា ១ ​ចាន​ទឹក​ ១ ​ចាន​គោក​ទេ​»​។

ចំណែក រឿម វណ្ណៈ ដែល​មាន​កម្រិត​បច្ចេកទេស​មិនទាន់​ល្អ​ដូច​គេ និយាយ​ថា​៖ «​ខ្ញុំ​ហាត់​បានល្អ និង​ធានា​វ៉ៃ​អស់ពី​សមត្ថភាព ប៉ុន្តែ​មិន​ហ៊ាន​ថា ឈ្នះ​ប៉ុន្មាន​ភាគរយ​នោះ​ទេ ព្រោះ​គេ​សុទ្ធតែ​ខ្លាំងៗ​។ ទោះជា​យ៉ាងនេះ ខ្ញុំ​នៅ​តែ​សង្ឃឹម​ឈ្នះ ព្រោះ​ប្រកួត​ ៣ ​ទឹក​កម្លាំង​នៅ​ល្អ ហើយ​យើង​មានឱកាស​ប្រើ​កែង ជង្គង់ ចូល​គោលដៅ​ក៏​អាច​ផ្តួល​ដៃគូ​បាន​ដូចគ្នា​»៕