ភ្នំពេញៈ អ្នកប្រដាល់ឆ្នើម ម៉ន សាម៉េត របស់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃបានត្រៀមខ្លួនរួចហើយ ដើម្បីឡើងប្រកួតជាថ្មី បន្ទាប់ពីរងរបួសសម្រាកអស់រយៈពេល ២ ខែ ហើយការវិលមកវិញនេះ ម៉ន សាម៉េត ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Kao Thap ជាលក្ខណៈមិត្តភាពអន្តរជាតិក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមនៅលើសង្វៀនព្រែកកំពឹសរបស់សង្វៀន TV5 នាយប់ថ្ងៃសៅរ៍ខាងមុខនេះ។
ម៉ន សាម៉េត ត្រូវបានគេស្គាល់ថា ជាកីឡាករលំដាប់ខ្លាំងមួយរូប ព្រោះរូបគេធ្លាប់ឈ្នះបានខ្សែក្រវាត់ចំនួន ២ និងពានជាច្រើនទៀត។ ចំណែកកីឡាករថៃ Kao Thap ក៏ជាលំដាប់ខ្លាំង ១ រូបនៅប្រទេសថៃផងដែរ ហេតុនេះការជួបគ្នារបស់អ្នកទាំង ២ នេះនឹងមានភាពស្វិតស្វាញខ្លាំង។
កីឡាករ ម៉ន សាម៉េត បាននិយាយថា៖ «ការសម្រាកសម្រួលសុខភាពរយៈពេល ២ ខែនេះចង់ដាច់បាយទៅហើយ ព្រោះមិនបានរកប្រាក់ចំណូល ដោយសារឈឺទាំងប្រពន្ធ និងកូនបន្ថែមទៀតអ៊ីចឹងភាគច្រើនពួកខ្ញុំទៅហូបបាយជាមួយម្តាយ»។
សាម៉េត បានបន្តថា៖ «ការវិលមកឡើងសង្វៀនវិញនេះ បញ្ហាចម្បងគឺជីវភាពលំបាកហើយការហ្វឹកហាត់ក៏មិនទាន់បានពេញលេញដែរ។ ទោះជាយ៉ាងណា ការប្រកួតរបស់ខ្ញុំគឺធានាវ៉ៃអស់ពីសមត្ថភាពមិនឲ្យបងប្អូនគាំទ្រអស់សង្ឃឹមនោះឡើយ»។
លោក ម៉ាង ម៉ន ជាគ្រូបង្វឹកបាននិយាយថា៖ «អាម៉េត ចាប់ផ្តើមមានបញ្ហាឈឺជើង បន្ទាប់ពីប្រកួតឈ្នះកីឡាករ សៀវ ង៉ុយ កាលពីខែមេសានៅខេត្តព្រៃវែង ហើយទៅប្រកួតនៅក្រៅប្រទេសត្រឡប់មកវិញឈឺកាន់តែខ្លាំង ទើបសម្រាក។ សាម៉េត មិនដែលចេះវ៉ៃបន្ធូរដៃឲ្យគូប្រកួតទេ ប៉ុន្តែការឈ្នះ ឬចាញ់សម្រាប់ការវិលមកប្រកួតជាថ្មីនេះ ខ្ញុំមិនទាន់ហ៊ាននិយាយទុកមុននោះទេ គឺសង្ឃឹម ៥០ ភាគរយសិនបានហើយ»។
ចំណែកលោក ថៃ អ៊ូ ប្រតិភូដឹកនាំកីឡាករថៃមកប្រកួតបានបង្ហើបថា Kao Thap មានសមត្ថភាពបច្ចេកទេសប្រដាល់ មិនអន់ជាង ម៉ន សាម៉េត នោះឡើយ។ លោកបន្តថា៖ «កីឡាករថៃរូបនេះពិបាករកដៃគូប្រកួតណាស់ ហេតុនេះការផ្គូផ្គងឲ្យមកជួប សាម៉េត គឺស័ក្ដិសមគ្នាណាស់ ហើយខ្ញុំសង្ឃឹមឈ្នះ ៧០ ភាគរយ»។
សម្រាប់ការប្រកួតនេះ ម៉ន សាម៉េត មិនអាចមើលស្រាល ឬធ្វេសប្រហែសបានទេ ព្រោះ Kao Thap វាយខ្លាំង និងមានក្បាច់គុនល្អផងដែរគឺគេវ៉ៃបានគ្រប់ក្បាច់ ហើយអ្វីដែលមានការកត់សម្គាល់នោះគឺការប្រកួតលើកចុងក្រោយរបស់គេកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៩ Kao Thap បានឈ្នះជើងខ្លាំង វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុដែលជាកំណត់ត្រាល្អបំផុត៕