ភ្នំពេញ: អ្នក​ប្រដាល់​មាឌ​ល្អិត​ចិត្តធំ ម៉ន សាម៉េត បាន​សម្រេច​ចិត្ត​វ៉ៃ​សិស្ស​ប្អូន​រួម​គ្រូ​គឺ​កីឡាករ រឿន សុខលី មកពី​ក្លិប​ការិយាល័យ​ទី​ ៥ ​កងទ័ព​ជើងគោក ដែល​ជា​ក្លិប​របស់​ឱពុក​បង្កើត​ឲ្យ​សន្លប់ ដើម្បី​ឡើង​ទៅ​ជួប យុគ យក្សផ្លែ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ TV5 Boxing KnockOut Serie (K-Cement) រដូវកាល​ទី​ ៤ ទម្ងន់​ ៥៧ ​គីឡូក្រាម​។

តាមរយៈ​ការប្រកួត​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ស្ថិត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ​គឺ​ជំនួប​រវាង ម៉ន សាម៉េត និង រឿន សុខលី ពិតជា​ជក់​អារម្មណ៍​ខ្លាំង ព្រោះ ម៉ន សាម៉េត គ្មាន​បន្ធូរដៃ​ឲ្យ​សិស្ស​ប្អូន សុខលី នោះ​ទេ ដោយ​គេ​បាន​ខំ​វាយ​សម្រុក​តាំងពី​ទឹក​ទី​ ១ ​។ សុខលី មិន​សូវ​ហ៊ាន​វាយប្រហារ​ទៅ​លើ​សិស្ស​ច្បង​នោះ​ទេ តែ​ការ​ស៊ូទ្រាំ​របស់​គេ​បាន​ត្រឹម​តែ​ ២ ​ទឹក​ក៏​ត្រូវ​បាន ម៉ន សាម៉េត ម៉ាត់ និង​ជង្គង់​បណ្តាល​ឲ្យ​សន្លប់​។

យ៉ាង​ណា​ក៏ដោយ​ក្រោយ​ផ្តួល រឿន សុខលី ដែល​ជា​សិស្ស​រួម​គ្រូ​ធ្លាប់​រស់នៅ​ហ្វឹកហាត់​ជាមួយ​គ្នា​ដូច​បងប្អូន​នោះ ម៉ន សាម៉េត បាន​និយាយ​ថា​៖ «​អាណិត​សិស្ស​ប្អូន​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​បន្ធូរដៃ​ឲ្យ​គេ​បាន​ទេ ព្រោះ​ការប្រកួត​ទាមទារ​កក់​កៅអី​នៅ​វគ្គ​ទី​ ៣ ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ថា​បើ​ចាញ់ ធ្លាក់​»​។

រឿងរ៉ាវ​អ្នក​ប្រដាល់​លើ​សង្វៀន​ពិតជា​លំបាក​ពណ៌នា​ណាស់​ពេល​ខ្លះ​មិត្តភក្តិ បងប្អូន រួម​អាជីព​ត្រូវ​វិល​មក​ប្រកួត​គ្នា​ក្នុង​លក្ខណៈ​មួយ​មិន​អាច​បន្ធូរដៃ​បាន​។ ម៉ន សាម៉េត បញ្ជាក់​ថា​៖ «​ខ្ញុំ​ត្រូវការ​ឈ្នះ​ឡើង​ទៅ​ប៉ះ​ជាមួយ យុគ យក្សផ្លែ ហើយ​បន្ត​ទៅ​វគ្គ​ផ្តាច់បព្រ័ត្រ ដើម្បី​ដណ្តើម​យក​ទឹកប្រាក់​ ៤០០០ ​ដុល្លារ​។ ប៉ុន្តែ​ខ្ញុំ​មាន​ចិត្ត​អាណិត សុខលី ណាស់ គេ​គ្រាំគ្រា​ដោយ​កណ្តាប់ដៃ​របស់​ខ្ញុំ​»​។

ម៉ន សាម៉េត បាន​បន្ត​ថា​៖ «​តាម​រូបមន្ត​ប្រកួត ខ្ញុំ​ត្រូវ​ជួប​ជាមួយ ម៉ន រដ្ឋា ជា​បងប្អូន​ដែរ ប៉ុន្តែ​ដោយសារ​គេ​ជួយ​គ្រោះថ្នាក់​ចរាចរណ៍​រងរបួស​ធ្ងន់​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​នោះ ខ្ញុំ​ត្រូវ​ប៉ះ រឿន សុខលី វិញ ដែល​ជា​សិស្ស​ប្អូន​ខ្ញុំ​ដូច​គ្នា​»​។

សម្រាប់​ការប្រកួត​ជម្រុះ​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ​អ្នក​ប្រដាល់ យុគ យក្សផ្លែ របស់​ក្លិប​បូរីរាជសីហ៍មានរិទ្ធ​បាន​យក​ឈ្នះ សេន កុសល មកពី​ក្លិប​មោងឫស្សី​មរតក​គុនខ្មែរ​ដោយ​ពិន្ទុ​ទាំង​លំបាក​លំបិន ហើយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ យក្សផ្លែ ត្រូវ​ជួប ម៉ន សាម៉េត នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

ការប្រកួត​ដែល​មាន​លក្ខណៈ​តឹងតែង​នេះ​បាន​ធ្វើឲ្យ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ​ ៥ ហាក់​ដូចជា​ងើប​មុខមាត់​មាន​ប្រជាប្រិយ​វិញ​ខ្លះ ខណៈ​អាជ្ញាកណ្ដាល​ចៅក្រម​ហាក់​ដូចជា​ធ្វើការ​ល្អ​ជាង​មុន ព្រោះ​មន្ត្រី​ចាស់​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​អាក្រក់​នោះ​គេ​ទុក​ឲ្យ​នៅ​ស្ងៀម​មិន​ធ្វើការ​ឲ្យ​ចាំ​តែ​បើក​លុយ​។ ចំណែក​គូ​អន្តរជាតិ​កំដរ​ឆាក​គឺ​កីឡាករ ម៉ន ព្រហ្មម៉ាញ បាន​ចុះចាញ់​អ្នក​ប្រដាល់​ថៃ Kong Bory នៅ​ទឹក​ទី​ ២ ​បន្ទាប់ពី​ថៃ​រូប​នេះ​ប្រើ​ជើង​ធាក់​លើ​ពោះ​ខ្លាំងៗ​បណ្តាល​ឲ្យ​ចុក​ឆ្អល់​៕