ភ្នំពេញ៖ ​ព្រឹត្តិការណ៍ ​«រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ»​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី ​៦ ខែ តុលា ឆ្នាំ ​២០២០ ​នោះ គឺ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ​១០ ​ខែ​មករា ​បាន​បន្ត​រត់​​ពី​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​ មក​ដល់​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​វិញ​ហើយ​ ហើយ​តាមរយៈ​ការ​រត់​ចំនួន ៩៧ ​ថ្ងៃ មាន​​ចម្ងាយ​ផ្លូវ​​សរុប​ ​២​ ៤០៨ ​គីឡូ​ម៉ែត្រ​នេះ សាយ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន ​៤៧ ​ម៉ឺន​ដុល្លារ​ហើយ សម្រាប់​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​​កុមារ​អង្គរ។

យុវវ័យ​​ជា​តារា​ចម្រៀង​ និង​សម្ដែង ​អ៊ួន ​បឋម ​ហៅ ​សាយ​ (Sai) ដែល​ជា​អ្នក​​​បង្កើត​​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង​បាន​ប្រាប់​​ថា៖ ​«កម្ម​វិធី​រត់​នេះ​ មាន​ឧបសគ្គ​ធំ​ជា​ច្រើន ​ដោយ​បញ្ហា​កូវីដ ​១៩ ​ប៉ុន្តែ​​ខ្ញុំ​សម្រេច​បាន​ល្អ ​ដោយ​មាន​យុវជន និង​​មហាជន​ចូលរួម​គាំទ្រ​ច្រើន ព្រោះ​នេះ​ជា​កម្មវិធី​​​មនុស្ស​ធម៌​សម្រាប់​កុមារ​ ហើយ​កត្តា​សំខាន់ ជំរុញ​ឱ្យ​ខ្ញុំ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ក្រោយ​ពី​បាន​ឃើញ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​បញ្ហា​ប្រឈម​ផ្នែក​ថវិកា​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដោយសារ​​ខ្ញុំ​ធ្លាប់​បាន​នាំ​សាច់ញាតិ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ដោយ​ឥត​គិត​ថ្លៃ​​នា​ពេល​កន្លង​មក​»​។

លោក សាយ បន្ត​ថា​៖ «​ក្មេងៗ​រស់នៅ​ភូមិ​ជាមួយ​ខ្ញុំ​ជា​ច្រើន​ បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ ដោយ​មុន​ដំបូង​ ពេល​ខ្ញុំ​យក​ក្មេង​ទៅ​ព្យាបាល​ ខ្ញុំ​គិត​ថា​ នឹង​ត្រូវ​ចំណាយ​ថវិកា​ ប៉ុន្ដែ​ក្រោយ​ព្យាបាល​ជា​សះស្បើយ មន្ទីរពេទ្យ​មិន​បាន​យក​កម្រៃ​ឡើយ​ ហើយ​​​ក្នុង​ពេល​ព្យាបាល​មន្ទីរពេទ្យ​មិន​មាន​ការ​រើសអើង​ចំពោះ​ប្រជាពលរដ្ឋ​អ្នក​មាន ​ឬ​ក្រ​ទេ»​។

ជាមួយ​នឹង​​ការ​តាំង​ចិត្ត​រក​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា​នេះ លោក សាយ បាន​ដាក់​ផែនការ​រត់​តែ​ម្នាក់​ឯង ​តាម​បណ្តោយ​ផ្លូវ​​ជុំវិញ​ព្រំដែន​ប្រទេស​កម្ពុជា ​រយៈ​ពេល ​៩៩ ​ថ្ងៃ ​ហើយ​​ត្រឹម​ថ្ងៃ​ទី ​១០ ខែ ​មករា ​ឆ្នាំ ​២០២១​ ​បាន ​៩៧ ​ថ្ងៃ​ហើយ ​ដោយ​ចាប់​ពី​រាជធានីភ្នំពេញ​ទៅ​កាន់​ខេត្ត​ចំនួន​ ​២០ ​ដើម្បី​រៃ​អង្គាស​ថវិកា​ឧបត្ថម្ភ ​ដល់​មន្ទីរពេទ្យ​​កុមារ​អង្គរ​។

លោក ​សាយ បាន​បញ្ជាក់​ថា៖​ «យុទ្ធនាការ​នេះ ​មាន​គោល​បំណង​​ជំរុញ​ និង​បំផុស​ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ​ឱ្យ​ចូលរួម​ទាំង​អស់​គ្នា ​ក្នុង​ចំនួន​ទឹក​ប្រាក់​ ​១ ​​ដុល្លារ បរិច្ចាគ​មក​កាន់​មន្ទីរពេទ្យ​អង្គរ ដើម្បី​បន្ត​ដំណើរ​​ការ​ប្រតិបត្តិ​ក្នុង​ការ​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា​តទៅ​មុខទៀត ខណៈ​ពេល​ដែល​មន្ទីរពេទ្យ​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​​មូលនិធិ​ពី​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​»​។

លោកស្រី ស៊ិនកេត អរុន ប្រធាន​​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​​ថ្លែង​ថា៖​ «មន្ទីរពេទ្យ​កុមារ​អង្គរ ​ព្រម​ទាំង​មាតាបិតា​អាណាព្យាបាល​កុមារ​ទាំង​អស់​នៅ​មន្ទីរពេទ្យ​នេះ ពិត​ជា​មាន​កិត្តិយស និង​សោមនស្ស​រីករាយ​ណាស់ ចំពោះ​ទឹក​ចិត្ត​ដ៏​សប្បុរស​របស់​បងប្អូន​ប្រជាជន​ខ្មែរ ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ មក​កាន់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ តាមរយៈ​គណនី​ធនាគារ​របស់​មន្ទីរ​ពេទ្យ​ផ្ទាល់»​។

យោងតាម​លិខិត​ថ្លែង​អំណរគុណ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ «​តោះ​លេង​ហ្គេម ​១ ​​ដុល្លារ ​សម្រាប់​កុមារ​កម្ពុជា​» បាន​បង្កើត​​ឡើង​​ក្នុង​ពេល​ធ្វើ​​ព្រឹត្តិការណ៍​រត់ ​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ​ដោយ​​យុទ្ធនាការ​នេះ​ បាន​ក្លាយ​ទៅ​ជា​ចលនា​យ៉ាង​ផុសផុល​ និង​ទទួល​ការ​​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​​នៅ​ក្នុង​បណ្តាញ​​សង្គម​ហ្វេសប៊ុក​។

លោកស្រី អរុន បញ្ជាក់​​ថា មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៩៩ ហើយ​បច្ចុប្បន្ន​​មន្ទីរពេទ្យ​នេះ​មាន​គ្រូពេទ្យ និង​បុគ្គលិក​ជិត ​៥០០ ​​នាក់​។ មន្ទីរពេទ្យ​បាន​ទទួល​ពិនិត្យ​ និង​ព្យាបាល​កុមារ​នៅ​ខេត្ដ​សៀមរាប​ និង​​កុមារ​មក​ពី​បណ្ដា​ខេត្ដ​ផ្សេងៗ​ក្នុង​ ​១ ​​ឆ្នាំ ​មាន​ជាង ​១៨ ​​ម៉ឺន​ករណី​ ដោយ​មន្ទីរពេទ្យ​ទទួល​ព្យាបាល​កុមារ​ជំងឺ​ទូទៅ​សម្រាប់​កុមារ​មាន​អាយុ​ក្រោម​ ​១៦ ​​​ឆ្នាំ ​ដោយ​ឥត​គិត​កម្រៃ​៕