ភ្នំពេញ៖ កីឡាករ​កម្ពុជា រិន សារដ្ឋ របស់​ក្លិប​កងទ័ព​ជើង​ទឹក នឹង​​វិល​ទៅ​ជួប​គូ​សត្រូវ​ចាស់​មក​ពី​ប្រទេស​ ថៃ Loom Leng នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី ​១០ ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម នៅ​លើ​សង្វៀន SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ហើយ​វា​ក៏​ជា​ពេល​ដែល រិន សារដ្ឋ ត្រូវ​ជម្រះ​បញ្ជី​ចាស់​ជាមួយ Loom Leng សម្រាប់​ការ​បរាជ័យ ​២ ​លើក​កន្លង​មក​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ការ​វិល​មក​ជួប​គ្នា​លើក​នេះ គេ​សង្កេត​ឃើញ​ថា រិន សារដ្ឋ ​លំបាក​ក្នុង​ការ​យក​ឈ្នះ Loom Leng ណាស់​​ ​ព្រោះ ​សារដ្ឋ​ ធ្លាប់​វាយ​ចាញ់​​ពិន្ទុ​ចំនួន ​២ ​ដង​រួច​ទៅ​ហើយ​នោះ​ គឺ​​គ្មាន​ស្នៀត​អ្វី​ធ្វើ​ឲ្យ​ ​Loom Leng ​ខ្លាច ​ឬ​ស្រុត​កម្លាំង​នោះ​​ទេ​។ ​​​Loom Leng ជា​បេក្ខភាព​ដែល​​ធ្លាប់​ឈ្នះ​ម្ចាស់​ខ្សែ​ក្រវាត់​ខារ៉ាបាវ ​ទម្ងន់ ​៦៣,៥ ​គីឡូ​ក្រាម​នេះ កាល​ពី​រដូវកាល​ចាស់​ ហើយ​គេ​ល្អ​លើ​ការ​ទាត់ ​និង​ជង្គង់។

បន្ថែម​លើ​នេះ Loom Leng​ ​ជា​អ្នក​ប្រដាល់​ជើង​ចាស់ ដែល​​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​​​ជាង​ ​២០ ​ដង ហើយ​ទទួល​បាន​លទ្ធផល​​ឈ្នះ​ច្រើន​ជាង​ប្រកួត​ចាញ់។​ Loom Leng មាន​​កំណត់ត្រា​​ប្រកួត​បាន ​៨៣ ​ដង ឈ្នះ ​៦៨​ ​ចាញ់ ​១៣​ និង​ស្មើ ​២ ​ដង គឺ​ច្រើន​ជាង​កីឡាករ​ រិន សារដ្ឋ​ ដែល​ធ្លាប់​​ប្រកួត​បាន​ ​៥២ ​ដង ​​ឈ្នះ ​៣៦ ​លើក ​ចាញ់ ​១១ ​លើក ​និង​ស្មើ ​៥ ​ដង។

លោក ​ថាញ់ ​វ៉ាឡេក ​គ្រូ​បង្វឹក​ថៃ ប្រាប់​ថា​៖ «​​Loom Leng ​ធានា​ឈ្នះ ​រិន ​សារដ្ឋ ​១០០ ​ភាគរយ​ គឺ​ខ្លាច​​ចូល​តែ​ស្នៀត​កែង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​»។​ ចំណែក​អ្នក​គ្រប់គ្រង​កីឡាករ ​រិន ​សារដ្ឋ​ គឺ​លោកស្រី​ ឆានុន បាន​​អះអាង​ថា​៖ «​សារដ្ឋ ​ហាត់​ត្រៀម​បាន​ល្អ និង​​សង្ឃឹម​​ឈ្នះ ​៨០ ​ភាគរយ​ ហើយ​​ការ​ចាញ់​ ​២ ​លើក​កន្លង​មក ​គឺ​ត្រឹម​ពិន្ទុ​ប្រផិត​ប្រផើយ​ប៉ុណ្ណោះ​»។

ជាមួយ​គ្នា​នេះ​ អ្នក​ប្រដាល់​កម្ពុជា ​យ៉េន ​ឌីណា​ ​របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​កសិកម្ម​ ​ក៏​ត្រូវ​ប្រកួត​ដណ្តើម​យក ​៣ ពិន្ទុ​ ​ជាមួយ​​ថៃ​ Chhang Soek នៅ​រសៀល​ថ្ងៃ​សៅរ៍​នោះ​ផង​ដែរ ខណៈ​អ្នក​ទាំង ​២ មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ​ទេ។

យ៉េន ឌីណា រំពឹងឈ្នះបាន​ ៣ ពិន្ទុពី​ថៃ Chhang Soek។ រូប សហ​ការី

យ៉េន ​ឌីណា​ មួយ​រយៈ​នេះ​ ទទួល​បាន​លទ្ធផល​ល្អ និង​អាច​​ស្តារ​មុខ​មាត់​ឡើង​វិញ ​តាមរយៈ​ការ​ប្រកួត​ទទួល​បាន​ជ័យជម្នះ ​ពិសេស​ធ្លាប់​បាន​ឈ្នះ ​Loom Leng ចំនួន ​២ ​លើក​មក​ហើយ។​ ចំណែក Chhang Soek​ នេះ ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា ​២ ​លើក​ដែរ តែ​ទទួល​បាន​បរាជ័យ​ ខណៈ​ការ​ប៉ះ ​យ៉េន ឌីណា​ ក្នុង​ជុំ​ទី ​២ ​ត្រូវ​បាន​​គេ​ទស្សន៍ទាយ​ថា​ មិន​អាច​ឈ្នះ ​​ឌីណា បាន​ឡើយ​ហើយ​ការ​ប្រកួត​របស់​គូ​នេះ ក៏​​គ្មាន​រំពឹង​ទាក់ទាញ​នោះ​ដែរ​។​

កីឡាករ Chhang Soek​ ធ្លាប់​ប្រកួត​ ​៧០ ​ដង ​​ឈ្នះ ​៦១​ ​​ចាញ់ ​៨ ​លើក ​និង​ស្មើ ១ ​ដង​ ហើយ​កាល​ប្រកួត​ជម្រុះ​ជុំទី ១​ គេ​បាន​​ចាញ់ ​រិន សារដ្ឋ ​ស្វ័យប្រវត្តិ ​ដោយសារ​លើស​ទម្ងន់​។​ ដូច្នេះ គេ​មាន​ពិន្ទុ​សូន្យ​​នៅ​ឡើយ ខណៈ​ដែល ​យ៉េន ​ឌីណា​ ​បាន ​៣ ​ពិន្ទុ​ ក្នុង​ដៃ​ ដោយ​វាយ​ឈ្នះ​​Loom Leng​ ទាំង​វេទនា​ភ្នែក​។​

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ ​ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម ​រដូវកាល​ទី ​១០ ​នេះ ​មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន​ ៨ រូប​ ក្នុង​នោះ​មាន​កម្ពុជា ​៤ នាក់ ​គឺ រិន​ សារដ្ឋ, យ៉េន​ ឌីណា, ពុយ វណ្ណៈ ​ និង ​សេង​ ស្រឿន​ ព្រម​ទាំង​អ្នក​ប្រដាល់​​ថៃ ៤ នាក់​ មាន Chhang Soek, Loom Leng, Kolap Dam) និង​ Far Nemith ​ហើយ​ពូល​កម្ពុជា និង​ថៃ ត្រូវ​ប្រកួត​ជម្រុះ​វិល​ជុំ រួច​យក​ចំណាត់​ថ្នាក់​លេខ ​១​ តាម​ពូល​​ទាំង ២ ​ឡើង​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ខ្សែ​ក្រ​វាត់​តែ​ម្តង​៕​​​