The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សារឿន ច័ន្ទ ឈ្នះ​ជើង​ខ្លាំង​ថៃ Yort Savich ទាំង​ការ​សង្ស័យ




សារឿន ច័ន្ទ ឈ្នះ​ជើង​ខ្លាំង​ថៃ Yort Savich ទាំង​ការ​សង្ស័យ

Content image - Phnom Penh Post
សារឿន ច័ន្ទ (ឆ្វេង) និង​កីឡាករ​ថៃ Yort Savich។ យឺន ពន្លក

សារឿន ច័ន្ទ ឈ្នះ​ជើង​ខ្លាំង​ថៃ Yort Savich ទាំង​ការ​សង្ស័យ

ភ្នំពេញ:ជើងចាស់​សារឿន ច័ន្ទ មក​​ក្លិប ប្រដាល់​តាព្រហ្ម​មានជ័យ បាន​ប្រកួត​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ​វ័យ​ក្មេង Yort Savich ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។ ជាមួយ​គ្នា​នោះ​ដែរ កីឡាករ​ចាន់ សំអាត មក​ពី​ក្លិប​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ បាន​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Phat Senchhai និង​ទទួល​បាន​លទ្ធផល​ស្មើ ក្រោយ​ពី​ប្រកួត​គ្នា​ចំនួន ៥ ទឹក​ពេញ ដែល​មិន​សូវ​ទាក់​ទាញ។

អ្នក​ប្រដាល់​ជើងចាស់​សារឿន ច័ន្ទ បច្ចុប្បន្ន ហាក់​មាន​កម្លាំង និង​ការប្រកួត​ធ្លាក់​ចុះ​ជាង​ពេល​មុន​ឆ្ងាយ ប៉ុន្តែ បាន​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ជាមួយ​ថៃ Yort Savich។

យ៉ាងណាក៏ដោយ អ្នក​ទស្សនា​មួយចំនួន​តូច​ដែល​ដឹង​រឿង​ក្រៅ​ឆាក បាន​និយាយ​ថា វា​ទំនង​ហាក់​ដូច​កីឡាករ​ថៃ Yort Savich នោះ​បន្ធូរ​ដៃ​ឲ្យ ទើប​គេ​ទទួល​បាន​ជ័យ​ជម្នះ។

បើ​និយាយ​ពី​សមត្ថភាព​របស់ Yort Savich រូបគេ​នៅ​ក្មេង កម្លាំង និង​ក្បាច់គុន​ល្អ ហើយ​ធ្លាប់​ឈ្នះ​ទាំង​កីឡាករ​កម្ពុជា​មួយ​ចំនួន​ទៀត​ដូចជា​ម៉ន សាម៉េត ជាដើម ហើយ​បើ​រូបគេ​វាយ​អស់​ពី​សមត្ថភាព​នោះ សារឿន ច័ន្ទ ពិត​ជា​លំបាក​ស៊ូ​ជាមួយ​ដល់ ៥ ទឹក​ណាស់។

ក្នុងស្ថានភាព​ប្រកួត​ជាក់ស្តែង សារឿន ច័ន្ទ បាន​ចាញ់​ប្រៀប​ទាំង​ផ្នែក​កម្លាំង ស្នៀត​ជង្គង់ និង​ស្នៀត​ទាត់​តាំង​ពី​ទឹក​ទី ១ និង​ទឹក​ទី ២ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី ៣ កីឡាករ Yort Savich បាន​ចាប់​ផ្តើម​ទប់​ទល់ និង​ដក​ថយ​ព្រមទាំង​មិន​សូវ​វាយ​ចេញ ដែល​មើល​ទៅ​ហាក់​បី​ដូច​ទុក​ឱកាស​ឲ្យ​សារឿន ច័ន្ទ ត្រួតត្រា​សភាព​ការណ៍​បាន​ល្អ​ឡើង​វិញ។

ការប្រកួត​បន្តទៅ​ដល់​ទឹក​ទី ៤ កីឡាករ Yort Savich បានចាប់ផ្តើម​ផ្អាក​វាយ​ចេញ ហើយ​គេ​ឃើញ​ថា សារឿន ច័ន្ទ បាន​វាយ​ចេញ​ដោយ​ស្នៀត​ចម្រុះ ប៉ុន្តែ ថៃ​រូប​នេះ​វាយ​ចេញ​តែៗ​វិញ ដោយ​គ្រាន់​តែ​ទប់​ទល់​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ពេល​ឱកាស​មាស​មក​ដល់ សារឿន ច័ន្ទ បាន​បញ្ជូន​កណ្តាប់​ដៃ​ចូល​ផ្ទៃ​មុខ​ផ្ទួនៗ​ដែល​ធ្វើ​ឲ្យ Yort Savich វង្វេង​វង្វាន់ ឈរ​លែង​ចង់​នឹង ហើយ​អាជ្ញា​កណ្តាល​បាន​រាប់​កីឡាករ​ថៃ​ក្នុង​ទឹក​ទី ៤ ចំនួន ៨ ដល់​ទៅ ២ លើក ហើយ​បន្ត​សកម្មភាព​ប្រកួត​ដូច​លក្ខណៈ​សម្តែង​យ៉ាង​សម​ភ្នែក​រហូត ទឹក​ទី ៥ ដោយ សារឿន ច័ន្ទ បាន​ប្រើ​ស្នៀត​ទាត់​បន្ថែម​នាំ​ឲ្យ​កីឡាករ​ថៃ​រូប​នេះ​​សុំ​ចុះ​ចាញ់​តែ​ម្តង។ លទ្ធផល​ប្រកួត​នេះ​អាច​និយាយ​បាន​ថា ជា​ការ​ប្រកួត​បែប​សម្តែង​បាន​សម។

លោក​ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​បកស្រាយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការ​ប្រកួត​វា​មិន​ទៀង​ឡើយ ដោយ​កីឡាករ​ខ្លះ​មាន​បញ្ហា​សុខភាព​តិច​តួច ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ងាយ ឬ​ហូប​អាហារ​ទៅ​មិន​ស្រួល​ខ្លួន អាច​ប្រកួត​មិន​បាន​ល្អ​ដូច​មុន»។

លោក​ថៃ អ៊ូ បាន​បន្ថែមថា៖ «សកម្មភាព​ប្រកួត​ដែល​ឈានដល់​អាជ្ញាកណ្តាល​រាប់​នោះ​ដោយ​សារ​តែ​ទទួល​រង​នូវ​កណ្តាប់​ដៃ​ច្រើន​ពេក​ពី​សារឿន ច័ន្ទ ដែល​មិន​អាច​គេច​ផុត។ យើង​គ្មាន​ភ័ស្តុតាង​ដាក់​កំហុស​គេ​ទេ ពីព្រោះ​យើង​មិន​មែន​នៅ​ក្នុង​ចិត្ត​កីឡាករ​ទេ»។

ចំពោះ​គូ​មិត្តភាព​អន្តរជាតិ ១ គូ​ទៀត ចាន់ សំអាត មកពី​ក្លិប​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរ​មានជ័យ បាន​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Phat Senchhai បាន​បញ្ចប់​ក្នុង លទ្ធផល​ស្មើ។ ការ​ប្រកួត​របស់ ១ គូ​នេះ​ហាក់បី​ដូច​មិន​សូវ​ជក់​ចិត្ត​ហើយ​ក្បាច់​គុន និង​ស្នៀត​ប្រកួត​វ៉ៃ​មិន​ទាក់​ទាញ​មហាជន​ទាល់​តែ​សោះ មុន​នឹង​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ៕

អត្ថបទគួរចាប់អារម្មណ៍