The Phnom Penh Post Search

Search form

សារឿន ច័ន្ទ ផ្តួល​ជើង​ខ្លាំង​ថៃ ដើម្បី​គេច​ចេញ​ពី​ការមើល​ស្រាល

Content image - Phnom Penh Post
សារឿន ច័ន្ទ ត្រូវ​បាន​លើក​ដៃ​ឲ្យ​ឈ្នះ​ក្រោយ​វ៉ៃ​ថៃ Chhav Vallit ឲ្យ​សុំ​ចុះចាញ់​ត្រឹម​ទឹក​ទី​ ៣​។ រូប យឺន ពន្លក

សារឿន ច័ន្ទ ផ្តួល​ជើង​ខ្លាំង​ថៃ ដើម្បី​គេច​ចេញ​ពី​ការមើល​ស្រាល

ភ្នំពេញ: អ្នក​ប្រដាល់​កម្ពុជា​ចំនួន​ ២ ​នាក់​ដែល​គេ​បាន​វាយតម្លៃ​មុន​ការប្រកួត​ថា នឹង​ចាញ់​ថៃ​នោះ​បែរ​ជា​អាច​បង្កើត​រឿង​ដ៏មិន​គួរ​ឲ្យ​ចង់​ជឿ​មួយ ខណៈ​ពួកគេ​សុទ្ធតែ​ដណ្តើម​បាន​ ៣ ​ពិន្ទុ​នៅ​ក្នុង​ការប្រកួត​ជម្រុះ​សប្តាហ៍​ទី​ ៤ ដណ្តើម​ខ្សែក្រវាត់ Wurkz ទម្ងន់​ ៦០ ​គីឡូក្រាម​ដោយ​ក្នុង​នោះ សារឿន ច័ន្ទ បាន​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ Chhav Vallit ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​ ៣ ឯ​ ហេង វាសនា បាន​ឈ្នះ​ពិន្ទុ​ថៃ Yorth katanyuo​។

នៅ​មុន​ការប្រកួត​ចាប់ផ្តើម​នៅ​សង្វៀន SEATV កាលពី​ថ្ងៃ​អាទិត្យ​នោះ​គឺ​អ្នក​ទស្សនា​ភាគច្រើន​ហាក់​មើល​រំលង​ទៅលើ​សមត្ថភាព​កីឡាករ​កម្ពុជា​ទាំង​ ២ ​នាក់​នេះ ជាពិសេស សារឿន ច័ន្ទ ដែល​ឡើង​ប្រកួត​ជំនួស ចាន់ សំអាត ដែល​បាន​ដកខ្លួន​ចេញ​ពី​ការប្រកួត​ខ្សែក្រវាត់​នេះ ដោយសារ​បញ្ហា​របួស​ហើយ​ការលើក​ឡើង​នេះ​បាន​ធ្វើឲ្យ សារឿន ច័ន្ទ មាន​ការខឹង​ផង​ដែរ​។

សារឿន ច័ន្ទ បាន​និយាយ​មុន​ឡើង​ទៅ​ដល់​សង្វៀន​ប្រកួត​ថា​៖ «​ខ្ញុំ​នឹង​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព និង​រក​ល្បិចកល​យក​ឈ្នះ​ថៃ​ឲ្យ​បាន ព្រោះ​មហាជន​ហាក់​ដូចជា​មើល​ឃើញ​ថា​ខ្ញុំ​ខ្សោយ ហើយ​កីឡាករ​ថៃ​ខ្លាំង​។ ចាំ​មើល​ចុះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភ្ញាក់ផ្អើល​ដោយ​ខ្ញុំ​រំពឹង​ឈ្នះ ដើម្បី​ស្តារ​មុខមាត់​ឡើង​វិញ ហើយ​អ្វីដែល​គេ​ដាក់​តម្លៃ​ខ្ញុំ​ទាប​បែប​នេះ ដោយសារ​ខ្ញុំ​ខកខាន​ប្រកួត​យូរ ព្រម​ទាំង​មាន​វ័យចាស់ និង​មាន​កម្លាំង​ខ្សោយ​ផង​ដែរ ព្រោះ​ខ្ញុំ​មាន​ប្រពន្ធ និង​កូន​ ២ ​ហើយ​»​។

ចំពោះ​ស្ថានភាព​ប្រកួត​ជាក់ស្តែង វា​ពិត​ជា​ដូច​អ្វី​ដែល សារឿន ច័ន្ទ បាន​អះអាង​មុន​ការប្រកួត គឺ​គេ​បាន​ទាត់​ជើង​ក្រោម និង​ចេញ​កណ្តាប់ដៃ​វាយ​ពោះ និង​មុខ​របស់ Chhav Vallit ចូល​ចំ​គោលដៅ​បាន​ល្អ និង​ទទួល​បាន​ពិន្ទុ​ពេញៗ​តែ​ម្តង​។ ទោះបី​ជា​ត្រូវ​ទទួលរង​ស្នៀត​ទាត់​ធ្ងន់ៗ​ពី Chhav Vallit ប៉ុន្តែ សារឿន ច័ន្ទ បាន​បន្ថែម​ការវាយ​សម្រុក​កាន់តែ​ខ្លាំង​។

នៅ​ចុង​ទឹក​ទី​ ៣ ការ​វាយ​ចេញ​ដោយ​ក្បាច់​ចម្រុះ​ច្រើន​នោះ នាំ​ឲ្យ​កីឡាករ​ថៃ សុំ​ចុះចាញ់​តែ​ម្តង និង​ប្រគល់​ជ័យជម្នះ​ឲ្យ សារឿន ច័ន្ទ ហើយ​ការឈ្នះ​បាន​ ៣ ​ពិន្ទុ​នេះ​បាន​ជួយ​ឲ្យ សារឿន ច័ន្ទ ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល​កម្ពុជា ជា​បណ្តោះអាសន្ន​ដោយ​មាន​ ៤ ​ពិន្ទុ និង​មាន​ប្រៀប​ជាង​កីឡាករ​កម្ពុជា​ផ្សេង​ទៀត​ដោយសារ​បាន​វ៉ៃ​គូប្រកួត​ឲ្យ​សន្លប់​។

កីឡាករ​ថៃ Chhav Vallit បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ការចុះចាញ់​នោះ ខ្ញុំ​គ្មាន​ត្រូវ​អ្វី​ធ្ងន់​នោះ​ទេ ប៉ុន្តែ​ការទទួល​រង​ស្នៀត​ការ​ទាត់​ជើង​ក្រោម និង​កណ្តាប់ដៃ​វាយ​ចូល​ពោះ​ធ្វើឲ្យ​ខ្ញុំ​ចុកចាប់ និង​រក​ក្អួត​ច្រាល​មក​ខាង​លើ មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន​គឺ​សុំ​ចាញ់​តែ​ម្តង​»​។

ចំណែក ហេង វាសនា វាយ​បាន​ល្អ និង​មានប្រៀប​ទៅ​លើ​ថៃ Yorth katanyuo ចំនួន​ ៣ ​ទឹក​ដាច់​គឺ​ទឹក​ទី​ ៣ ទី​ ៤ និង​ទី​ ៥ ខណៈ​ ២ ​ទឹក​ដំបូង​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​។ ការប្រឹងប្រែង​ចូល​វាយ​សម្រុក​នូវ​ក្បាច់​ចម្រុះ​របស់ ហេង វាសនា ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា មាន​ពិន្ទុ​នាំ​មុខ​ស្រប​ពេល​ដែល Yorth katanyuo ព្យាយាម​ដកថយ និង​ប្រើ​ក្បាច់​ទាត់​សង​តែ​មួយ​មុខ​ប៉ុណ្ណោះ​។

ចប់​ការប្រកួត​គណៈកម្មការ​បាន​ប្រកាស​ឲ្យ ហេង វាសនា ឈ្នះ Yorth katanyuo ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ ហើយ​យោង​តាម​ការប្រកួត​ ២ ​ជុំ​នេះ ហេង វាសនា ឈ្នះ​ ១ ចាញ់​ ១ ​មាន​ ៤ ​ពិន្ទុ​ស្មើ​នឹង សារឿន ច័ន្ទ និង លន បញ្ញា ខណៈ ធឿន ធី ឈរ​នៅ​បាត​តារាង​។ ចំណែក​ពូល​ថៃ គឺ Super Man កំពុង​ឈរ​នៅ​លេខ​ ១ ដោយ​ឈ្នះ​ទាំង​ ២ ​ប្រកួត ហើយ Chhav Vallit បាន​ឈ្នះ​ ១ ចាញ់​ ១ និង​មាន​ ៤ ​ពិន្ទុ​ស្មើ Chhai Yor និង Yorth katanyuo ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍