វគ្គជម្រុះប្រដាល់គុនខ្មែររបស់ KIC នៃទូរទស្សន៍ OneTV បានឈានដល់សប្តាហ៍ទី ៤ ក្នុងជុំទី ២ ដែលកីឡាករ មាស សារ៉ាក់ មកពីក្លិបអាណាចក្រគុនខ្មែរប្រកួតជាមួយកីឡាករថៃ Neong Thavat ខណៈ យុគ យក្សផ្លែ មកពីក្លិបបុរីរាជសីហ៍ប៉ះជាមួយកីឡាករថៃ Khav Krachang ដើម្បីបាន ៣ ពិន្ទុនាថ្ងៃអាទិត្យទី ១៨ ខែសីហា ឆ្នាំ ២០១៩ នៅសង្វៀន Sky One មុខរដ្ឋសភា។
កីឡាករ សារ៉ាក់ មាន ៣ ពិន្ទុរួចហើយក្រោយពីបានឈ្នះ Krachang ក្នុងជុំទី ១ ដោយផ្តួលឲ្យសន្លប់ត្រឹមទឹកទី ៤ តាមរយៈការប្រើស្នៀតវាយកែងចូលគោលដៅល្អបណ្តាលឲ្យឈ្នះថៃគួរឲ្យភ្ញាក់ផ្អើល ចំណែកយក្សផ្លែកាលពីជុំទី ១ បានចាញ់កីឡាករថៃ Thavat ដោយពិន្ទុទាំងប្រផិតប្រផើយដែលធ្វើឲ្យអ្នកទស្សនាមួយចំនួនរិះគន់ថា មិនគួរចាញ់។
ការប្រកួតរវាង យក្សផ្លែ និង Krachang លើកនេះត្រូវបានគេទស្សន៍ទាយមុនប្រកួតថា សុទ្ធតែលំបាកយកឈ្នះដៃគូដូចគ្នាស្របពេលកីឡាករថៃទាំង ២ សុទ្ធតែល្អជើង និងក្បាច់ជង្គង់។
លោក ធី ណារិទ្ធ គ្រូបង្វឹករបស់កីឡាករ សារ៉ាក បាននិយាយថា៖ «សារ៉ាក់ មានកណ្តាប់ដៃល្អ ប៉ុន្តែកម្លាំងធានាបានល្អបំផុតគឺចំនួន ៣ ទឹកដំបូងប៉ុណ្ណោះ។ ក្នុងអំឡុងពេល ៣ ទឹកដំបូងនេះ ប្រសិនបើកីឡាករថៃអាចទប់ទល់បាននោះ គឺ សារ៉ាក់ អាចនឹងចាញ់ផ្នែកកម្លាំងចំនួន ២ ទឹកចុងក្រោយ ប៉ុន្តែខ្ញុំសង្ឃឹមថា សារ៉ាក់ មានឱកាសឈ្នះ ៦០ ភាគរយទៅតាមស្ថានភាពជាក់ស្តែង»។
លោក ថាញ់ វាឡែក គ្រូបង្វឹកថៃបាននិយាយថា៖ «ខ្ញុំមានជំនឿថា Thavat មានឱកាសឈ្នះ ៨០ ភាគរយពីព្រោះស្នៀតទាត់ និងជង្គង់ព្រមទាំងកម្លាំងគឺត្រៀមល្អសម្រាប់ទាំង ៥ ទឹកតែម្ដង»។
លោក វាឡែក បន្ថែមថាចំណុចខ្សោយរបស់ Thavat គឺការភ្លាត់ដោយចៃដន្យអាចនឹងចាញ់កែង ឬកណ្តាប់ដៃប៉ុណ្ណោះ ប៉ុន្តែបើអូសបន្លាយបានចំនួន ៥ ទឹកគឺធានាឈ្នះតែម្តងពីព្រោះរូបគេវ៉ៃក្បាច់តាមបច្ចេកទេស មិនវ៉ៃសម្រុកដោយអាងកម្លាំងនោះឡើយ។
ចំណែកយក្សផ្លែ និង Krachang វិញ អ្នកតាមដានស្គាល់សមត្ថភាពភាគច្រើនអះអាងថា Krachang មានប្រៀបឈ្នះច្រើនជាងព្រោះស្នៀតទាត់ និងជង្គង់របស់កីឡាករថៃរូបនេះល្អជាងដាច់តែម្តង ប៉ុន្តែមិនអាចមើលរំលងស្នៀតកណ្តាប់ដៃរបស់ យក្សផ្លែ បានឡើយ ព្រោះគេអាចនឹងផ្តួលថៃឲ្យសន្លប់បាន។
លោក ឡុង ស៊ីលីន គ្រូបង្វឹករបស់យក្សផ្លែបាននិយាយថា៖ «យើងត្រៀមបានល្អ ប៉ុន្តែស្នៀតជង្គង់របស់កីឡាករថៃនោះល្អណាស់ ហើយយើងក៍មិនហ៊ាននិយាយមុនប្រកួតបានដែរ ពីព្រោះនៅលើសង្វៀនមិនទាន់អាចកំណត់ជ័យជម្នះមុនបានទេ ប៉ុន្តែខ្ញុំធានាថា យក្សផ្លែ វ៉ៃអស់ពីសមត្ថភាព តែរឿងចាញ់ឈ្នះមិនហ៊ានធានានោះឡើយ»។
លោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតបាននិយាយថា៖ «ខ្ញុំមានជំនឿថា Krachang មានលទ្ធភាពឈ្នះ ៩០ ភាគរយ ហើយការប្រកួតចាញ់ មាស សារ៉ាក់ លើកមុនដោយភ្លាត់ស្នៀតចូលកែងសន្លប់នោះគឺនឹកស្មានមិនដល់នោះឡើយពីព្រោះគេធ្វេសប្រហែសបិទលើ»៕