ភ្នំពេញៈ កីឡាករកម្ពុជា មាស សារ៉ាក់ បានយកឈ្នះជើងខ្លាំងរបស់ថៃ Noeng Thavath ដោយពិន្ទុដាច់ ហើយការឈ្នះបាន ៣ ពិន្ទុបន្ថែមនេះ បានជួយឲ្យ សារ៉ាក់ កំពុងមានភាគរយស្មើជាមួយជនរួមជាតិឈរក្នុងពូលជាមួយគ្នា អេលីត ចំរើន និង ម៉ន សាម៉េត ក្នុងការប្រជែងយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ KIC នៅសង្វៀន Sky One មុខរដ្ឋសភាជាតិ។
សម្រាប់ការប្រកួតជម្រុះវិលជុំលើកទី២ កាលពីថ្ងៃអាទិត្យកន្លងមកនេះ មាស សារ៉ាក់ បានយកឈ្នះជើងខ្លាំង Noeng Thavath ដោយពិន្ទុជាឯកច្ឆន្ទ ៥ ទល់ ០។ ក្នុងការប្រកួត ៥ ទឹកពេញនេះ Noeng Thavath មានប្រៀបលើ មាស សារ៉ាក់ តែក្នុងទឹកទី១ ប៉ុណ្ណោះ ប៉ុន្តែការប្រកួត ៤ ទឹកចុងក្រោយ មាស សារ៉ាក់ បានឈ្នះដាច់គ្រប់ក្បាច់ និងកម្លាំង។ ទោះជាយ៉ាងណាសម្រាប់កីឡាករថៃក្នុងចំណោម ៤ នាក់ គឺមានតែ Noeng Thavath និង Khav Krachang ឈ្នះលើកីឡាករ យុគ យក្សផ្លែ ដូចគ្នា ដែលធ្វើឲ្យ ២ ប្រកួតរបស់ពួកគេ ចាញ់ ១ ឈ្នះ ១ មាន ៤ ពិន្ទុ ក្នុងពូល B ខាងកីឡាករថៃ។
យ៉ាងណាមិញ ការឈ្នះបាន ៣ ពិន្ទុលើកនេះ បានជួយឲ្យ មាស សារ៉ាក់ មាន ៦ ពិន្ទុ ស្មើជាមួយ អេលីត ចំរើន និង ម៉ន សាម៉េត ដែលបានឈ្នះដៃគូឲ្យសន្លប់ ១ លើក និងឈ្នះពិន្ទុ ១ លើកដូចគ្នា។ ប៉ុន្តែកីឡាករ យុគ យក្សផ្លែ ដែលបរាជ័យទាំង ២ លើក មាន ២ ពិន្ទុនោះ គឺអស់ឱកាសប្រកួតប្រជែងយកកៅអីពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ព្រោះតាមរូបមន្ត គេកំណត់យកតែអ្នកមានពិន្ទុខ្ពស់ជាងគេ ២ រូប ក្នុងពូលនីមួយៗប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គបន្ត។
ការមានពិន្ទុស្មើគ្នានេះ បានធ្វើឲ្យមានការប្រជែងគ្នា កាន់តែខ្លាំងរវាងកីឡាករកម្ពុជាទាំង ៣ នេះ ដើម្បីរកអ្នកមានប្រៀបចំនួន ២ នាក់ ប្រចាំពូល A នេះ ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហេតុនេះការប្រកួតជាមួយថៃ ២ លើកចុងក្រោយដូចគ្នា គឺជាពេលដែល មាស សារ៉ាក់, អេលីត ចំរើន និង ម៉ន សាម៉េត ត្រូវខំប្រឹងយកឈ្នះដើម្បីជម្រះភាពមន្ទិលនេះហើយ។
តាមការវាយតម្លៃជាទូទៅពីមជ្ឈដ្ឋានជាច្រើន តាំងពីមុនពេលប្រកួត គឺក្នុងចំណោមកីឡាករទាំង ៣ នាក់នេះ ម៉ន សាម៉េត ជាកីឡាករចាស់វស្សាជាងគេ មានប្រជាប្រិយភាពល្អ និងមានទំនុកចិត្តច្រើនជាងគេ ប៉ុន្តែបន្ទាប់ពីការប្រកួតរួចមកលទ្ធផលក្បាច់គុនរបស់ មាស សារ៉ាន់និង អេលីត ចំរើន ដែលខ្ចីវស្សាជាងនោះ មានសមត្ថភាពបច្ចេកទេស និងកម្លាំងទំនងជាមានប្រៀបជាង ម៉ន សាម៉េត ទៅវិញ។
លោក ភួង ពុទ្ធិ នាយកគ្រប់គ្រងពាណិជ្ជកម្មនៃទូរទស្សន៍ ONE TV បានឲ្យដឹងថា៖ «កីឡាករកម្ពុជាទាំង ៣ នាក់នេះ នៅសល់ ២ ប្រកួតម្នាក់ទៀត ទើបយើងឃើញលទ្ធផលច្បាស់ថា កីឡាករ ២ រូបណាបានឡើងទៅវគ្គបន្ត តំណាងឲ្យពូល A របស់កម្ពុជា»។
លោកបានវាយតម្លៃថា៖ «តាមការវិភាគ ម៉ន សាម៉េត និង អេលីត ចំរើន មានឧបសគ្គធំដូចគ្នា ព្រោះ ២ ប្រកួតចុងក្រោយ ពួកគេត្រូវជួប Khavkrachang និង Noeng Thavath ដូចគ្នា ប៉ុន្តែ មាស សារ៉ាក់ បានយកឈ្នះជើងខ្លាំងរបស់ថៃទាំង ២ នេះហើយ ឯថៃ ២ នាក់ទៀត ដែលគេត្រូវជួបបន្ត មិនជាឧបសគ្គឡើយ ហេតុនេះ សារ៉ាក់ អាចនឹងមានឱកាសច្រើនជាងគេ»៕