ពីទីក្រុងហ្សាការតា: កីឡាករ​ជំនាញ​ក្បាច់​គុន​ចម្រុះ (MMA) របស់​កម្ពុជា រិន សារ័ត្ន បាន​ត្រឹម​ពោល​ពាក្យ​ថា «សោក​ស្តាយ» ចំពោះ​ការ​ក្តោប​ក្តាប់​ឱកាស​មិន​បាន​ល្អ​ក្នុង​ការ​ប្រើ​ក្បាច់​ក្លេ យក​ឈ្នះ​លើ​កីឡាករ​របស់​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី Sunoto ក្នុងការ​ប្រកួត ONE: Kings Of Courage នៅ​ទីក្រុង Jakarta កាល​ពី​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​កីឡាការិនី​របស់​ចិន Xiong Jing Nan បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រចាំ​ព្រឹត្តិការណ៍ របស់ ONE Championship លើក​នេះ។

រិន សារ័ត្ន ក្រោយពី​រូបគេ​បាន​ចាញ់ Sunoto បាន​និយាយ​ថា៖ «វា​មិន​មែន​ជា​រឿង​ស្រួល​នោះ​ទេ នៅ​ពេល​យើង​បាន​ក្លេ​ទៅ​លើ​គូ​ប្រកួត​ម្តងៗ ព្រោះ​ក្បាច់​ក្លេ​នេះ បង្កើត​ឡើង​ដោយ​គ្រូបង្វឹក​របស់​ខ្ញុំ​ផ្ទាល់ ប៉ុន្តែ​វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្តាយ​បំផុត ដែល​ខ្ញុំ​មិន​អាច​ក្តោប​ក្តាប់​ឱកាស​នេះ​បាន ព្រោះ​កម្លាំង​របស់​ខ្ញុំ​មិន​ដល់»។

សម្រាប់​ការប្រកួត ដែល​ត្រូវបាន​ធ្វើ​ឡើង នៅ​មជ្ឈមណ្ឌល Jakarta Convention Center នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ កីឡាករ Sunoto បាន​ចាប់​បោក​ឲ្យ រិន សារ័ត្ន ដួល​យ៉ាង​ងាយ និង​ព្យាយាម​រក​ឱកាស​នៅ​ពី​លើ ដើម្បី​វាយ​ប្រហារ សារ័ត្ន ទៅ​តាម​ជំនាញ​របស់​គេ ប៉ុន្តែ​ក្នុង​ដំណាក់​កាល​នេះ សារ័ត្ន បាន​ប្រើ​ក្បាច់​ក្លេ​គា​បក​ទាញ​មក​ក្រោម​វិញ នាំ​ឲ្យ Sunoto ស្ទើរ​តែ​បាត់​ស្មារតី​នៅ​ចុង​ទឹក​ទី ១ ទៅ​ហើយ។

យ៉ាងណា​ក៏ដោយ កីឡាករ​របស់​ម្ចាស់ផ្ទះ​រូបនេះ បាន​ស៊ូទ្រាំ និង​បាន​រើប​ម្រះ​រួច​ពី​ការ​ប្រើ​ក្បាច់​ក្លេ​របស់ សារ័ត្ន ព្រម​ទាំង​បាន​យក​ឈ្នះ​លើ រិន សារ័ត្ន នៅ​ពាក់​កណ្តាល​ទឹក​ទី ២ តាមរយៈ​ការ​ក្លេ​ដៃ​ឆ្វេង បង្ខំ​ឲ្យ​អ្នក​ប្រយុទ្ធ​កម្ពុជា សុំ​ចុះ​ចាញ់​តែ​ម្តង។

រិន សារ័ត្ន បាន​បញ្ជាក់​ថា៖ «អាច​មក​ពី​ខ្ញុំ​មាន​កម្លាំង​នៅ​ខ្សោយ​ជាង​គេ ហើយ​ម្យ៉ាង​ទៀត​សាច់​ស្មា និង ក​របស់​គេ​ខ្លី ពិបាក​ចាប់​ដែរ។ រឿង​សំខាន់​ទៀត​នោះ គេ​ជា​ម្ចាស់​ផ្ទះ អ៊ីចឹង​គេ​ស៊ូ​សន្លប់ មិន​ព្រម​ចាញ់​យើង​នោះ​ទេ គឺ​គេ​មាន​ភាព​ស៊ូ​ខ្លាំង​បំផុត»។

ចំណែក​លោក ហ៊ុន ចាន់​រាជ ដែល​ជា​គ្រូបង្វឹក មិន​បាន​បន្ទោស​ទៅ​លើ​ការ​ធ្វើ​ឲ្យ​បាត់​ឱកាស​ឈ្នះ​របស់ រិន សារ័ត្ន នោះ​ទេ ព្រោះ សា​រ័ត្ន មក​ប្រកួត​ជំនួស ថៃ រិទ្ធី ហើយ​ការ​ហ្វឹកហាត់​បាន​ត្រឹម ២ សប្តាហ៍ ដែល​ធ្វើ​ឲ្យ​រូបគេ​មាន​កម្លាំង​មិន​ទាន់​ពេញ​ល្អ។

លោក​បាន​និយាយ​ថា៖ «បើ​ទោះបី​ជា​យើង​នៅ​ក្រោម​គេ ប៉ុន្តែ​យើង​មាន​ប្រៀប​ជាង ព្រោះ​គេ​បាន​ចូល​ក្លេ​របស់​យើង ស្ទើរ​ពេញ​មួយ​ទឹក ហើយ​បើ​សិន​ជា រិន សារ័ត្ន មាន​កម្លាំង​ដល់ គេ​នឹង​សន្លប់​ហើយ ប៉ុន្តែ​យើង​នៅ​ស្ទើរ​កម្លាំង ម្យ៉ាង​ទៀត​កីឡាករ​ម្ចាស់​ផ្ទះ​រូបនេះ ស៊ូ​ខ្លាំង​ណាស់»។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​ជាប់​ក្លេ​នោះ ខ្ញុំ​ឃើញ​ជើង​ទាំង ២ របស់​កីឡាករ​ឥណ្ឌូនេស៊ី រាង​កន្ត្រាក់ គឺ​មានន័យ​ថា គាត់​ជិត​សន្លប់​ហើយ ដោយសារ​តែ​ការ​ក្លេ​របស់ សា​រ័ត្ន ធ្វើ​ឲ្យ​ឈាម​បញ្ជូន​អត់​គ្រប់ ទៅ​កាន់​ខួរ​ក្បាល អ៊ឹចឹង​បើ សារ័ត្ន មាន​កម្លាំង​គ្រប់ គេ​នឹង​សន្លប់។ ប៉ុន្តែ​ខ្ញុំ​មិន​សោក​ស្តាយ​ទេ គឺ​លទ្ធផល​ហ្នឹង​វា​ល្អ​ហើយ ហើយ​យើង​មាន​តែ​ខំប្រឹង​ហាត់​បង្កើន​កម្លាំង​បន្ថែម​ទៀត ព្រោះ សារ័ត្ន នៅ​មាន​ការ​ប្រកួត​ចំនួន ៦ លើក​ទៀត ឯណោះ»។

កីឡាការិនី​របស់​ចិន Xiong Jing Nan បាន​ក្លាយ​ជា​នារី​ទី ១ ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក​ផ្នែក​នារី​របស់ ONE Championship ក្នុង​ទម្ងន់​ចន្លោះ​ពី ៥២,៣ ទៅ ៥៦,៧ គីឡូក្រាម​ក្នុង​ការ​ប្រកួត​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ONE: Kings Of Courage នេះ បន្ទាប់​ពី​រូបគេ បាន​ផ្តួល​កីឡាការិនី​របស់​សិង្ហបុរី Tiffany Teo ដោយ​ការ​ប្រើ​កណ្តាប់​ដៃ នៅ​ពាក់​កណ្តាល​ទឹក​ទី ៤ នោះ។ តាមរយៈ​ការ​ប្រកួត​នេះ Xiong Jing Nan បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់ មើល​ឃើញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន ដែល​ស័ក្តិសម​ទទួល​បាន​ខ្សែ​ក្រវាត់​ពិភពលោក ក្នុង​ប្រភេទ​ទម្ងន់​មួយ​នេះ ព្រោះ​រូប​នាង បាន​ប្រើ​កណ្តាប់​ដៃ ម៉ាត់​ទៅ​លើ​ផ្ទៃមុខ Tiffany Teo ឡើង​ហើម​ពេញ​មុខ​តែម្តង។

ចំណែក​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់​ជប៉ុន Shinya Aoki បាន​យក​ឈ្នះ​កីឡាករ​របស់​រុស្ស៊ី Marat Gafurov ក្នុងការ​ប្រកួត ដែល​តម្រូវ​ឲ្យ​ប្រើតែ​ក្បាច់​ក្លេ​សុទ្ធ​ឈ្មោះ​ថា Grappling Super-Match តាមរយៈ​ការ​ក្លេ​បំពង់​ក បង្ខំ​ឲ្យ Marat សុំ​ចុះ​ចាញ់ ដោយ​ប្រើ​រយៈពេល​ជាង ៩ នាទី។ ចំពោះ​លទ្ធផល​គូ​ប្រកួត​ផ្សេង​ទៀត កីឡាករ​របស់​ឥណ្ឌូនេស៊ី Stefer Rahardian បាន​យក​ឈ្នះ Muhammad Imran របស់​ប៉ាគីស្ថាន ដោយ​ពិន្ទុ ឯ​កីឡាករ​រុស្ស៊ី Yusup Saadulaev បាន​យក​ឈ្នះ​ជប៉ុន Makakazu ដោយ​ពិន្ទុ​ដែរ៕