ភ្នំពេញ៖ សាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជា (BIFA Cambodia) ដែលប្រមូលផ្តុំដោយគ្រូបង្វឹកអាជីពមានទេពកោសល្យ មកពីប្រទេស ប្រេស៊ីល នោះ គ្រោងនឹងបើកដំណើរការនៅរាជធានីភ្នំពេញឆាប់ៗនេះ ហើយអតីតខ្សែបម្រើដ៏ឆ្នើមម្នាក់របស់ប្រេស៊ីលគឺ Ricardo Alves Fernandes បានចាត់ទុកវត្តមានរបស់សាលានេះថា ជាឱកាសសម្រាប់ក្មេងៗនៅកម្ពុជា ដើម្បីអភិវឌ្ឍខ្លួនទៅជាកីឡាករអាជីពដែលមានសមត្ថភាពខ្លាំង។
ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ខ្សែបម្រើ Ricardo Alves Fernandes ដែលជាស្ថាបនិកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីល (BIFA) ផងនោះ បានមើលឃើញថា វិស័យកីឡានៅក្នុងកម្ពុជា កំពុងតែមានការរីកចម្រើន ហេតុនេះការបើកឲ្យសាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជា បានក្លាយជាឱកាសដ៏ល្អសម្រាប់យុវជនវ័យក្មេងដែលចង់វិវឌ្ឍខ្លួន ទៅជាកីឡាករអាជីពដែលមានគុណភាពលេងខ្លាំង ស្របទៅតាមស្តង់ដាអន្តរជាតិ។
បន្ថែមលើនេះលោក Ricardo Alves Fernandes មិនបានចាត់ទុកថា ការបើកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជា ជាការប្រកួតប្រជែងជាមួយក្លិបផ្សេងៗដែលកំពុងបណ្តុះយុវជនថ្នាលនោះទេ។ លោកបានបញ្ជាក់ថា៖ «ការបើកសាលានេះ មិនមែនជាការប្រកួតប្រជែងនោះទេ ដោយសារ BIFA មានសមាជិកជាច្រើននៅលើពិភពលោក អ៊ីចឹងយើងមកនេះ ដើម្បីសហការ និងចូលរួមជួយអភិវឌ្ឍដល់វិស័យកីឡានៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ពិសេសដើម្បីឲ្យក្មេងៗ ដែលមានទេពកោសល្យអាចមានឱកាសបានចេញទៅលេងនៅក្រៅប្រទេស»។
ចំណែកលោក D.W Daniel អគ្គនាយក និងជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Riellionaire បានអះអាងថា BIFA Cambodia នឹងធ្វើការងារជាមួយសាលា ដែលជាដៃគូរបស់ខ្លួនក្នុងការជ្រើសរើសយកក្មេងៗមានអាយុចាប់ពី ៤ ទៅ ១៨ ឆ្នាំ ដែលមានទេពកោសល្យយកមកបណ្តុះបណ្តាល ក្រោមការបង្ហាត់របស់គ្រូបង្វឹក ដែលមានជំនាញច្បាស់លាស់ ព្រោះគ្រូបង្វឹកទាំងអស់សុទ្ធតែមាន License កម្រិតខ្ពស់។
បើតាមខ្លឹមសារដែលត្រូវបានប្រកាស នៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បានឲ្យដឹងថា BIFA Cambodia នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ៥ ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍ «ដំណើរទស្សនកិច្ចរបស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Roberto Carlos» ដែលនឹងរៀបចំឡើង ដោយក្រុមហ៊ុន Riellionaire និងដៃគូឧបត្ថម្ភផ្តាច់មុខ ភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង ព្រមទាំងដៃគូសហការមួយចំនួនទៀត ហើយវត្តមានរបស់អតីតខ្សែការពារជំនាញជើងឆ្វេងដ៏ល្បីឈ្មោះ Carlos វាបានក្លាយជាការលើកទឹកចិត្តដ៏ពិសេសមួយសម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
លោក គុយ ប៉ាន់ឆ័យ ស្ថានិក និងជា CEO របស់ក្រុមហ៊ុន រៀលលាននែរ (Riellionaire) ដែលជាក្រុមហ៊ុននាំយក BIFA មកកាន់ប្រទេស កម្ពុជា បានថ្លែងថា៖ «កម្មវិធីបង្ហាញបាល់ទាត់របស់ BIFA នេះ គឺយើងកំពុងតែរៀបចំនាំចូលស្រុកខ្មែរ ហើយនៅថ្ងៃទី ៥ ខែកុម្ភៈ យើងនឹងសម្ភោធជាផ្លូវការ ក្នុងនោះយើងក៏បានអញ្ជើញវីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Roberto Carlos មកសម្ពោធកម្មវិធីនេះផងដែរ និងមកទស្សនកិច្ចនៅស្រុកខ្មែរជាលើកដំបូង។
ចំណែកគ្រូបង្វឹករបស់ BIFA Cambodia គឺ ៩០ ភាគរយ ជាគ្រូបង្វឹក និងអតីតកីឡាករល្បីៗរបស់ប្រេស៊ីល រីឯមួយចំនួនទៀត ជាគ្រូបង្វឹកជនជាតិខ្មែរ មកពីក្លិបផ្សេងៗ គឺការបង្ហាត់របស់យើងនឹងធ្វើទៅតាមក្បូនខ្នាត និងស្តង់ដាអន្តរជាតិតែម្តង ដើម្បីឲ្យការបង្វឹកមានគុណភាពខ្ពស់»៕