ភ្នំពេញៈ កីឡាករ​កម្ពុជា សុខ សាវិន នឹង​ត្រូវ​ប្រកួត​ដណ្តើម​ ៣ ពិន្ទុ​លើក​ចុងក្រោយ​ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ Phat Ngam នៅលើ​សង្វៀន SEATV នៅ​ថ្ងៃ​សៅរ៍​មុន​ពេល​រូបគេ​ឆ្លង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ខ្សែក្រវាត់​ខារ៉ាបាវ ទម្ងន់​ ៦០ ​គីឡូក្រាម ចំណែក​ជំនួប​បង្គ្រប់កិច្ច​របស់​កីឡាករ វៀត ប៊ុនឌឿន និង​ថៃ Den Sayam អាច​នឹង​អត់​ប្រាក់​តម្លៃ​ខ្លួន បើសិន​ជា​ពួកគេ​វ៉ៃ​គ្នា​ធ្វើ​លំៗ​យក​តែ​រួចខ្លួន​នោះ​។

សម្រាប់​ការប្រកួត​ជម្រុះ​ ៣ ​លើក​កន្លង​មក​នេះ វៀត ប៊ុនឌឿន និង Den Sayam ឈ្នះ​ថៃ​ ១ ​លើក និង​ចាញ់​ ២ ​លើក​យ៉ាង​ផុយស្រួយ​។ តាម​ការសង្កេត​ពី​សមត្ថភាព​របស់ ប៊ុន ឌឿន នៅក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កម្រិត​វិជ្ជាគុន​វ៉ៃ​អន់​មែនទែន គឺ​ធ្លាក់​ចុះ​ជាង​មុន​ឆ្ងាយ​ណាស់​។ ចំណែក Den Sayam ឈ្នះ​ ១ និង​ចាញ់​ ២ ​ដង មាន​ ៥ ​ពិន្ទុ​ដូចគ្នា​។ ហេតុនេះ​ទោះ​លទ្ធផល​ប្រកួត​លើក​នេះ​បែប​ណា​ក៏​ពួកគេ​ត្រូវ​ធ្លាក់​ចេញ​ពី​ការប្រកួត​ខ្សែក្រវាត់​នេះ​ដូច​គ្នា​។

ជាមួយ​លក្ខខណ្ឌ​ប្រកួត​ត្រឹម​បង្គ្រប់កិច្ច​នេះ​នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​នៅ​សង្វៀន​ SEATV លោក ញាន សុធី បាន​និយាយ​បង្ការ​ទុក​មុន​ថា​៖ «​ទោះ​គូ​នេះ​ប្រកួត​បង្គ្រប់កិច្ច​តាម​រូបមន្ត ប៉ុន្តែ​បើ​កីឡាករ​ណា​វ៉ៃ​មិន​អស់​ពី​សមត្ថភាព ឬ​ប្រកួត​លំៗ យើង​មិន​ផ្តល់​តម្លៃ​ខ្លួន​ឲ្យ​ទេ គឺ​ប្រឈម​ទៅ​នឹង​បណ្តេញចេញ មិន​ប្រកាស​លទ្ធផល​»​។

ចំណែក​ការវិល​មក​ជួប​គ្នា​របស់ សុខ សាវិន និង Phat Ngam បាន​ក្លាយ​ជា​ការប្រកួត​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​ពួកគេ​ឈរ​នៅ​លើ​កំពូល​តារាង​តាម​ពូល​រៀងៗ​ខ្លួន​នោះ ដោយ​ក្នុង​នោះ សុខ សាវិន ឈ្នះ​ទាំង​ ៣ ​ប្រកួត​មាន​ ៩ ​ពិន្ទុ ចំណែក Phat Ngam ៣​ប្រកួត​អវត្តមាន​ ១ ​ដង ឈ្នះ​ ២ ​ដង​មាន​ ៦ ​ពិន្ទុ ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល​ B​។

ប៉ុន្តែ សាវិន នឹង​ប្រកួត​ដោយ​គ្មាន​ការបារម្ភ ព្រោះ​គេ​មាន​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ ចំណែក Phat Ngam ប្រសិនបើ​ចាញ់​ក៏​ទំនង​ជា​គ្មាន​បញ្ហា​អ្វី​ដែរ ព្រោះ​ក្នុង​ចំណោម​ថៃ​ដូច​គ្នា​មាន​ពិន្ទុ​តិចជាង ហើយ​រូបមន្ត​ត្រូវ​ជ្រើស​យក​ឈរ​នៅ​លេខ​ ១ និង​លេខ​ ២ ក្នុង​ពូល​នីមួយៗ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

លោក ស៊ន អេលីត ជា​គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​សុខ សាវិន ហ្វឹកហាត់​ត្រៀម​ប្រកួត​បាន​ល្អ ដោយ​សង្ឃឹម​ឈ្នះ​ ៩០ ​ភាគរយ ហើយ​លើក​នេះ បើ សាវិន មិន​ឈ្នះ​បាន​ខ្សែក្រវាត់​ទៀត​គឺ​អស់​ឱកាស​ហើយ​»​។ ​តាមរយៈ​ការបូក​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ​នេះ​ជា​បណ្តោះអាសន្ន​ឃើញ​ថា សុខ សាវិន និង​ ចាន់ សំអាត បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តំណាង​ឲ្យ​ពូល​ A​។

ទោះ​ជា​យ៉ាងណា​លោក ថាញ់ វ៉ាឡេក ជា​គ្រូបង្វឹក​ថៃ​បាន​ប្រាប់​ថា​៖ «​កីឡាករ Phat Ngam មិន​ងាយ​នឹង​ចុះចាញ់​ងាយៗ​ទេ​។ ការប្រកួត​នេះ​សុទ្ធតែ​រំពឹង​ឈ្នះ​ដូចគ្នា ព្រោះ​ខាង Phat Ngam មិន​ទាន់​ច្បាស់​ថា ទទួល​បាន​កក់​កៅអី​នៅឡើយ ព្រោះ​រង់ចាំ​លទ្ធផល​បូកសរុប​ជាមួយ​កីឡាករ​ក្នុង​ពូល​ជាមួយ​គ្នា​សិន អ៊ីចឹង​គឺ​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដូច​គ្នា​»៕