ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​អុកចត្រង្គ​កម្រិត​ជាតិ ​នៅ​សាល​ប្រជុំ​នាយកដ្ឋាន​អប់រំកាយ ​និង​កីឡា ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ ដោយ​មាន​សិក្ខាកាម​ចូលរួម ​៣២ នាក់ មក​ពី​ទាំង ​២៤ ខេត្ត និង​រាជធានី ហើយ​វគ្គ​នេះ មាន​រយៈពេល ​៥ ​ថ្ងៃ ដោយ​បាន​ផ្តើម​តាំង​​ពី​ថ្ងៃទី ​៥ ​រហូត​ដល់​​​ថ្ងៃទី ​៩ ​ខែ ​តុលា ​ឆ្នាំ ​២០២០​។​

វគ្គ​បណ្តុះបណ្តាល​នេះ ស្ថិត​ក្នុង​គម្រោង​ចំណាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ទទួល​បាន ​៦០ ​លាន​រៀល​ ​​ដើម្បី​ធ្វើ​សកម្មភាព​ហ្វឹកហាត់​បណ្តុះបណ្តាល ​និង​ទំនាក់ទំនង​រដ្ឋបាល​ដូច​សហព័ន្ធ​ចំនួន ​៤១ ​ទៀត ​ក្នុង​គោល​បំណង​ត្រៀម​ស៊ីហ្គេម​លើក​ទី​៣២ ​ឆ្នាំ ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​។​

លោក​ គុជ ​គឹមឡុង ​ប្រធាន​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​សកម្មភាព​កីឡា​នេះ​ គឺ​ជា​ការ​រួម​ចំណែក​ និង​ឆ្លៀត​ពេល​លះបង់​​ ដើម្បី​ឱ្យ​មាន​សកម្មភាព​ទៅ​តាម​ផែនការ​របស់​ក្រសួង​អប់រំ ​ក៏​ដូចជា NOCC។​ ​គ្រប់​ការងារ​នេះ​ ខ្ញុំ​បាន​ឯកភាព​ទាំង​ស្រុង ​ជាមួយ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ ដែល​ធ្វើ​សកម្មភាព​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ និង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​របស់​យើង ​ដើម្បី​ឱ្យ​ល្អ​ប្រសើរ​ក្នុង​ទិសដៅ​ផលិត​គ្រូ​បង្វឹក​ឱ្យ​បាន ​និង​បញ្ជូន​ទៅ​បង្វឹក​ និង​បង្រៀន​តាម​ប្រទេស​ក្នុង​អាស៊ាន ​ហើយ​យើង​ត្រៀម​ដាក់​បញ្ជូល​ប្រភេទ​កីឡា​យើង​នេះ ​ចូល​ក្នុង​ស៊ីហ្គេម ​២០២៣ ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​»។​

លោក ​ហូយ​ សូណា​ អតីត​ស្តេច​អុក​ដែល​បច្ចុប្បន្ន​ជា​គ្រូ​ជម្រើស​ជាតិ​ និង​ជា​គ្រូ​ឧទ្ទេស ​ជាមួយ​លោក​ ប៊ិន ​គាសេង ​ជា​គ្រូ​ជំនួយ​បាន​​ប្រាប់​ថា​៖ ​«​វគ្គ​បណ្តុះបណ្តាល​រយៈ​ពេល ​៥ ​ថ្ងៃ​​នេះ មាន​សិក្សា​អំពី​បុគ្គល​លក្ខណៈ​ជា​គ្រូ​បង្វឹក​លក្ខខណ្ឌ​នៃ​ការ​លេង​អុក​ចំនួន ​៣ ​ក្បួន ​និង​យុទ្ធសាស្រ្ត​ការ​លេង​អុក។ លើស​ពី​នេះ មាន​​បន្ថែម​នូវ​បទពិសោធ​នៃ​ការ​លេង​អុក​ ​ការ​គ្រប់គ្រង​ ព្រម​ទាំង​បច្ចេកទេស​ការ​ចល័ត​កូន​អុក ​វិន័យ​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូ គរុកោសល្យ​ ​គ្រូ​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​ ការ​លើក​ទឹកចិត្ត ​ផែនការ​បង្រៀន​ ការ​ពិនិត្យ​តាមដាន​ និង​ការ​លេង​ដោយ​ពិនិត្យ​លើ​លទ្ធផល​ផង​ដែរ»​។

ចំណែក​លោក ​ប៊ិន ​គាសេង ​និយាយ​ថា៖ ​«វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​គោល​បំណង​ឱ្យ​​គ្រូ​បង្វឹក ​មាន​ជា​ប្រចាំ​នៅ​តាម​បណ្តា​ក្លិប​កីឡា​អុកចត្រង្គ​ទូទំាង​ប្រទេស​ និង​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​អប់រំ​កាយ ​និង​កីឡា ​ហើយ​ក្លាយ​ជា​ធនធាន​ប្រកប​ដោយ​​ទេពកោសល្យ​ ស្រប​គ្នា​ជាមួយ​នឹង​គោល​នយោបាយ​កីឡា​ជាតិ​ គឺ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​អប់រំកាយ​ និង​កីឡា ​ត្រៀម​ស៊ីហ្គេម ​ឆ្នាំ ​២០២៣​»​។​

លោក​ គ្រួច ​ចន្ថារិទ្ធ ​គ្រូ​ជំនួយ​ជម្រើស​ជាតិ​បាន​ប្រាប់​ថា​ ទោះ​ជា​សហព័ន្ធ​ជាប់​រវល់​វគ្គ​បណ្តុះបណ្តាល​សម្រាប់​គ្រូ​បង្វឹក​ក្លិប ​ឬ​តំណាង​ខេត្ត​ ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​នៅ​តែ​ដំណើរ​ការ​ហ្វឹកហាត់​ជា​ធម្មតា ​ក្នុង ​១ ​ថ្ងៃ ​៦ ​ម៉ោង​ជានិច្ច។​ ​ចំពោះ​​សិក្ខាកាម​ទាំង ​៣២ នាក់​ក្នុង​វគ្គ​​នេះ ភាគ​ច្រើន​មក​ពី​បណ្តា​ក្លិប​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​តំណាង​មក​ពី​ខេត្ត​សឹង​តែ​គ្រប់​ទាំង​អស់​៕​