ភ្នំពេញ៖ ​វគ្គ​បណ្តុះបណ្តាល​សាមគ្គី​អូឡាំពិក ស្តីពី​គ្រូ​បង្វឹក​បច្ចេកទេស​កីឡា​ទូក​រ៉ូអ៊ីង​ ត្រូវ​បាន​ផ្តល់​ជូន​ជា​លើក​ដំបូង ​ដល់​សិក្ខាកាម​ចំនួន ​២៥ ​នាក់ ​មក​ពី​ស្ថាប័ន​ចំនួន ​៥​ ក្នុង​សហព័ន្ធ​កីឡាជាតិ ហើយ​វគ្គ​នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ​សហការ​ជាមួយ​អង្គការ​សាមគ្គី​អូឡាំពិក ​(OS) ​ដែល​ជា​ស្ថាប័ន​ជំនាញ​ផ្នែក​បណ្តុះ​បណ្តាល​កីឡា​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ​(IOC)​ ក្នុង​ការ​រៀបចំ​ឡើង​រយៈ​ពេល ​១ សប្តាហ៍​ពេញ​ នៅ​ទីលាន​ព្រែក​កំពត ​លើ​ផ្ទៃ​សមុទ្រ​របស់​មណ្ឌល​កីឡា​លើ​ទឹក​កម្ពុជា​ក្រុង​កំពត ​ខេត្ត​កំពត​។​

លោក​ តុប​ បញ្ញា​ មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​ប្រធាន​គ្រប់គ្រង​វគ្គ​បណ្តុះ​បណ្តាល​នេះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នេះ​ជា​វគ្គ​លើក​ដំបូង​នៃ​ប្រភេទ​កីឡា​លើ​ទឹក ​គឺ​ទូក​រ៉ូ​អ៊ីង​របស់​កម្ពុជា ​ដែល​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​បែប​នេះ ​ប៉ុន្តែ​សម្រាប់​គម្រោង​របស់​អង្គការ​សាម​គ្គី​អូឡាំពិក​ ក្នុង​ឆ្នាំ ​២០១៩​ មាន​ចំនួន ​៣ ​លើក​នេះ​ បាន​ផ្តល់​ជូន​ប្រភេទ​កីឡា​បាល់​ទះ​ ១ ​លើក​ និង​កីឡា​យូដូ​ ១ លើក​រួច​ហើយ ​ខណៈ​កីឡា​ទូក​រ៉ូ​អ៊ីង​នេះ ​ជា​គម្រោង​ទី ​៣ ​ចុង​ក្រោយ​ប្រចាំ​ឆ្នាំ ​២០១៩​»។

លោក ​តុប ​បញ្ញា​ បាន​បន្ថែម​ថា​ គម្រោង​របស់​អង្គការ​សាមគ្គី​អូឡាំពិក ​ដែល​ជា​ស្ថាប័ន​ជំនាញ​ផ្នែក​បណ្តុះបណ្តាល​កីឡា​ក្នុង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​​ ដោយ​​សហការ​ជាមួយ ​NOCC នេះ ​ក្នុង ​១ ​ឆ្នាំ​មាន​​ត្រឹម​ខ្ទង់ ​៣ ​លើក​ប៉ុណ្ណោះ​ ខណៈ​ដែល​គ្រូ​ឧទ្ទេស​ ​និង​អ្នក​ជំនាញ​ ព្រម​ទាំង​ជំនួយ​ការ ​ដែល​បញ្ជូន​មក​ ត្រូវ​បាន​ទទួល​ស្គាល់​លំដាប់​កម្រិត​គ្រូ​អូឡាំពិក​អន្តរជាតិ​​។​

លោក​ ស៊្រុន ​លាង ​គ្រូ​បង្វឹក​កីឡា​ទូក​ជម្រើស​ជាតិ​កម្ពុជា ​ដែល​ដឹក​នាំ​សិក្ខា​កាម​ចំនួន ​២៥ ​នាក់​នោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​សិក្ខាកាម​មាន​មក​ពី​សមាគម​កីឡា​ទូក​​រ៉ូ​អ៊ីង​ក្រសួង​មហាផ្ទៃ​ មាន​មក​ពី​កងទ័ព​ជើង​ទឹក​នៃ​ក្រសួង​ការពារ​ជាតិ​ មក​ពី​រាជធានី​ភ្នំពេញ ​មក​ពី​ខេត្ត​កណ្តាល​ និង​ម្ចាស់​ផ្ទះ​ខេត្ត​កំពត ​ដែល​សិក្សា​រយៈពេល​ពេញ ​១ សប្តាហ៍​ គឺ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ ​១៨​ ហើយ​នឹង​ត្រូវ​​បញ្ចប់​នៅ​ថ្ងៃ​ទី ​២៤​ ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៩​។​

លោក​ ស៊្រុន​ លាង​ ​បាន​បន្ថែម​ថា៖ ​«​​ខ្លឹមសារ​នៃ​ការ-​បង្វឹក​នេះ​ គឺ​មាន​គោល​បំណង​បង្ហាត់​ឲ្យ​សិក្ខាកាម​ចេះ​អុំទូក​រ៉ូអ៊ីង ទៅ​​តាម​បច្ចេកទេស​ជា​បឋម ​និង​បង្វឹក​ពី​ទេពកោសល្យ​នៃ​ការ​អុំ​ ដើម្បី​ទទួល​បាន​ជំនាញ​នេះ ​ទៅ​បង្វឹក​ដល់​អត្តពលិក ​ព្រោះ​​វគ្គ​នេះ​គេ​ឲ្យ​ឈ្មោះ​ថា​ កម្រិត​មូលដ្ឋាន​ប៉ុណ្ណោះ​»។​

ទោះ​ជា​យ៉ាង​ណា​ លោក ​ស្រ៊ុន ​លាង​ បាន​​ចាត់​ទុក​វគ្គ​សាមគ្គី​អូឡាំពិក ស្តីពី​គ្រូ​បង្វឹក​បច្ចេកទេស​កីឡា​ទូក​រ៉ូ​អ៊ីង​នេះ​ថា ជា​វគ្គ​សំខាន់​ដែល​មាន​គ្រូ​ឧទ្ទេស ​គឺ​លោក ​WONG SAM ជា​គ្រូ​ជំនាញ​មក​ពី​ក្រុង​ហុងកុង ​និង​សហការី ​២ ​នាក់​ទៀត​។ ​

លោក​បញ្ជាក់​ថា៖ ​«​សិក្ខាកាម​ទាំង​អស់ គឺ​ភាគ​ច្រើន​ត្រូវ​​អនុវត្ត​ជាក់​ស្តែង​ ក្នុង​ទីលាន​ផ្ទាល់​ ព្រោះ​​លោក​ឧត្តមសេនីយ៍​ឯក ​ជា ​ប៊ុន​ហេង ​ជំនួយ​ការ​របស់​សម្តេច​ក្រឡាហោម ​ស ​ខេង​ និង​​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កម្ពុជា​ បាន​ទិញ​ទូក​ចំនួន ​៤ ​គ្រឿង ​មក​ពី​ក្រៅ​ប្រទេស​សម្រាប់​បង្វឹក​ក្នុង​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ នៅ​ក្នុង​វគ្គ​នេះ​ផង​ដែរ»​៕​