ភ្នំពេញៈ វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡាប្រដាល់​គុន​ខ្មែរ កម្រិត​បឋម​ដែល​ផ្តោតទៅលើ​ការថ្វាយ​បង្គំ​គ្រូ​គរុកោសល្យ​នៃ​ការបង្វឹក​ព្រមទាំង​ច្បាប់ និង​លក្ខខ័ណ្ឌ​មួយចំនួន​ទាក់ទង​ទៅនឹង​ពេល​កំពុង​ប្រកួត និង​ស្វែងយល់​ពី​វិទ្យាសាស្ត្រ​កីឡា សុខភាព និង​សង្គ្រោះ​បឋម​នោះ​បាន​បញ្ចប់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ម៉ក់ សំអុល ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ប្រធាន​សមាគម​ប្រដាល់​ក្រសួងមហាផ្ទៃ និង​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​មន្ត្រី​ជំនាញ​កីឡា​ជាច្រើន​ទៀត សុទ្ធតែ​បាន​ចូលរួម​នៅក្នុង​ពិធី​បិទ​វគ្គ​នេះ ខណៈ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ហើយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន ២៦ ដែល​បង្ហាត់បង្ហាញ​ដោយ​គ្រូឧទ្ទេស​ចំនួន​ ១០ ​នាក់​។

លោក រាជ្យ សុផែន អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ និង​ជា​គ្រូឧទ្ទេស​ម្នាក់​ក្នុង​វគ្គ​នេះ​បាន​ប្រាប់​ថា​៖ «​វគ្គ​បឋម​នេះ​បាន​រៀបចំ​ឡើង​រយៈពេល​ ៤ ​ថ្ងៃ​មកហើយ គឺជា​វគ្គ​បណ្តុះបណ្តាល​ដែល​ជ្រើសរើស​សិក្ខាកាម​មកពី​ក្លិប សមាគម ហើយ​អ្នក​ទាំងនោះ​ភាគច្រើន​ជា​កីឡាករ​ឆ្នើមៗ​មាន​វ័យ​ចំណាស់​បន្តិច និង​អតីត​អ្នក​ប្រដាល់​ឆ្នើម​ដែល​បច្ចុប្បន្ន​កំពុង​ជា​អ្នក​បង្វឹក​ក្មេងៗ​ជំនាន់​ក្រោយ​នៅក្នុង​រាជធានី​ភ្នំពេញ​»​។

លោក​បន្ថែមថា​៖ «​តាម​ការវាយតម្លៃ​សិក្ខាកាម​រយៈពេល​ ៤ ​ថ្ងៃ​ពី​លោក និន ភារម្យ អគ្គលេខាធិការ និង​ជា​ប្រធាន​គ្រប់គ្រង​វគ្គ​នេះ​គឺ​សិក្ខាកាម​ចំនួន​ ១០ ​នាក់​បាន​ទទួល​និទ្ទេស​ល្អ ១១ ​នាក់ និទ្ទេស​ល្អ​បង្គួរ និង​ ៥ ​នាក់​បាន​និទ្ទេស​មធ្យម ហើយ​លទ្ធផល​នេះ គឺ​សមស្រប ដោយសារ​តែ​សិក្ខាម​ភាគច្រើន​មាន​បទពិសោធ​ជា​កីឡាករ និង​មាន​បទពិសោធ​ជា​គ្រូ​ជំនួយ ដែល​ធ្លាប់​បង្វឹក​សិស្ស​កន្លងមក រីឯ​ការសិក្សា​នេះ​ជា​ការបំពេញបន្ថែម​ប៉ុណ្ណោះ​»​។

ចំណែក​លោក តែម ម៉ឺន បាន​ថ្លែងថា​៖ «​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡាប្រដាល់​គុន​ខ្មែរ កម្រិត​បឋម​នេះ​មាន​តែ​ ១ ​លើក​គត់​ក្នុង​ឆ្នាំ​ ២០២០ ​នេះ អ៊ីចឹង​វា​សំខាន់​ណាស់ ដែល​ផ្តល់​ឱកាស​ឲ្យ​ប្អូនៗ ទទួល​បាន​ជំនាញ​ពី​គ្រូឧទ្ទេស​ចំនួន​ដល់​ទៅ​ ១០ ​នាក់ ហេតុនេះ​យើង​គប្បី​ខិតខំ​យក​ចំណេះដឹង ដែល​ទទួល​បាន​ពី​វគ្គ​នេះ​ទៅ​អនុវត្ត​ឲ្យ​ចំ​គោលដៅ និង​ជា​គំរូ​ល្អ ដើម្បី​បង្វឹក​ទៅតាម​បច្ចេកទេស​ត្រឹមត្រូវ​ដូចជា​ការថ្វាយ​បង្គំ​គ្រូ តាមរបៀប​ខ្មែរ​បុរាណ​ជាដើម​»​។

លោក​បន្ថែមថា​៖ «​អ្វី​ដែល​ខ្ញុំ ចង់​លើកឡើង​នៅពេលនេះ​គឺ​ផ្តើមចេញពី​ការគោរពវិន័យ​ជា​បញ្ហា​ចម្បង បន្ទាប់មក​ហ្វឹកហាត់​បច្ចេកទេស គឺជា​ភារកិច្ច ជា​កាតព្វកិច្ច ហើយ​គុណភាព​កម្លាំង និង​បច្ចេកទេស​ត្រូវ​ប្រឹង ដើម្បី​យើង​ក្លាយជា​កីឡាករ​ល្អ ជា​គ្រូ​ល្អ មាន​វិន័យ​ល្អ ឆ្ពោះ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ដ៏ធំ​គឺ​ស៊ីហ្គេម ឆ្នាំ​ ២០២៣​។ ចំណែក​សិក្ខាកាម​ទាំង​ ២៦ ​នាក់​នេះ​ត្រូវ​ទទួលបាន​នូវ​លិខិតបញ្ជាក់​ពី​ការសិក្សា​រយៈពេល​ ៤ ​ថ្ងៃ ដើម្បី​ជា​ប្រយោជន៍​ទៅ​បំពេញភារកិច្ច តាម​ក្លិប​សមាគម​រៀងៗ​ខ្លួន​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ ស្របតាម​ក្បួនខ្នាត​ប្រពៃណី ដែល​ជា​មរតក​ពី​ដូនតា ជាពិសេស​របៀប​ថ្វាយបង្គំ​គ្រូ កុំ​ឲ្យ​វា​ក្លាយ​»៕