ភ្នំពេញ៖ ​ការ​ទទួល​បាន​សិទ្ធផល​ល្អ របស់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា សាំង សីហា និង ហួត លយរស្មី ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​កង់​ភ្នំ Cambodia MTB Series 2019 ជាមួយ​ស្ថាន​ភាព​ផ្លូវ​លំបាក ដែល​ពោរពេញ​ដោយ​ឧបសគ្គ​នៅ​លើ​ភ្នំប្រសិទ្ធិ៍​កាល​ពី​ថ្ងៃ​អាទិត្យ បាន​​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន កើត​មាន​នូវ​ក្តី​រំពឹង​ចំពោះ​​អ្នក​ទាំង ​២ ​នេះ សម្រាប់​ការ​ចេញ​​ទៅ​​ប្រកួត​កង់​ភ្នំ ក្នុង​ស៊ីហ្គេម​លើក​ទី ​៣០ នៅ​​ហ្វីលីពីន ពី​ថ្ងៃទី ​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃទី ​១១ ខែ ធ្នូ ឆ្នាំ ​២០១៩ ខាង​មុខ។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ប្រកួត​នោះ ដោយ​ផ្ទាល់​បាន​និយាយ​ថា៖ ​«ឆ្លង​កាត់​ការ​ហ្វឹកហាត់​ជម្រើសជាតិ និង​ការ​​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ខេត្ត​កន្លង​មក​នេះ គឺ​បាន​ជួយ​​ឲ្យ​កីឡាករ​កង់​ភ្នំ សាំង សីហា និង ហួត លយរស្មី ធ្វើ​បាន​កាន់​តែ​ល្អ​ក្នុង​ជុំ​ទី ​៤ ​នេះ ហើយ​ការ​​ប្រកួត​នេះ វា​ក៏​ជា​ឱកាស​ដែល​ពួក​គេ បាន​បញ្ចេញ​សមត្ថភាព ដើម្បី​ត្រៀម​ទៅ​ស៊ីហ្គេម នៅ​ហ្វីលីពីន ផង​ដែរ»។

លោក​បាន​បន្ថែម​ថា៖ ​«សិទ្ធផល ដែល​ពួក​គាត់​ធ្វើ​បាន​ក្នុង​ការ​ប្រកួត​ជុំ​ទី ​៤ ​នេះ គឺ​ល្អ។ មាន​ន័យ​ថា​ ថិរវេលា ដែល​គាត់​ធ្វើ​បាន គឺ​មាន​រយៈពេល​ខ្លី​ជាង​ការ​ប្រកួត​​កន្លង​មក បើ​ទោះបី​ជា​ការ​ប្រកួត​ជុំ​ទី ​៤ ​នេះ វា​មាន​ស្ថានភាព​ផ្លូវ​បត់បែន ឡើង​ចំណោត ចុះចំណោត និង​មាន​ឧបសគ្គ​ច្រើន​ជាង​ការ​ប្រកួត ​៣ ជុំ​កន្លង​មក​ក៏​ដោយ ហើយ​ការ​​ប្រកួត​នៅ​លើ​ស្ថាន​ផ្លូវ​លំបាក​បែប​នេះ បាន​ធ្វើ​ឲ្យ​កីឡាករ​យើង ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ពួក​គាត់ មាន​​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ត្រៀម​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ»។

តាមរយៈ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ​១៥០ ​នាក់ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ សាំង សីហា និង ហួត លយរស្មី បាន​បង្ហាញ​ភាព​លេច​ធ្លោ​ខ្លាំង​ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​ ក្រុម​ជំនាញ​ខ្លាំង​បំផុត (A1) ដើម្បី​បន្ត​រក្សា​តំណែង​ជើងឯក និង​ជើង​រង ​ប្រចាំ​ការ​ប្រកួត​ជុំ​ទី ​៤ ​នេះ។

នៅ​ក្នុង​ការ​ប្រកួត​នេះ សាំង សីហា ​បាន​​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ជិះ​កង់​ឆ្លង​កាត់​ឧបសគ្គ ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត ដើម្បី​ទទួល​បាន​​លេខ ​១ ជាមួយ​ថិរវេលា ៥៨:១៦.៨ នាទី ខណៈ ហួត លយរស្មី ដែល​ជា​មិត្ត​រួម​នៅ​​ក្លិប​កង់​ហោះ (Flying Bikes) ជាមួយ​គ្នា​នោះ បាន​ប្រើ​ថិរវេលា ៥៩:១៦.៨ ​នាទី ដើម្បី​ទទួល​បាន​លេខ ​២។

យោង​តាម​លទ្ធផល​​ការ​ប្រកួត​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ហួត លយរស្មី នៅ​តែ​មិន​ទាន់​អាច​ប្រជែង​យក​លេខ ​១ ពី​រៀម​ច្បង សាំង សីហា ព្រោះ​​ទាំង​ការ​ប្រកួត​ជុំ​ទី ​១ នៅ​ព្រែក​លៀប ជុំ​ទី ​២ នៅ​ខេត្ត​កែប និងជុំ​ទី ​៣ នៅ​ភ្នំជាល ខេត្ត​កំពង់ស្ពឺ កន្លង​មក​នេះ គឺ សាំង សីហា ទទួល​បាន​លេខ ​១ ​រហូត ខណៈ ហួត លយរស្មី បាន​ត្រឹម​លេខ ​២ ​រហូត​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​អ្នក​ជំនាញ​ខាង​ការ​ប្រណាំង​កង់ លោក Pierre Yves Catry ដែល​ជា​អគ្គលេខាធិការ​រង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ផង​នោះ នៅ​តែ​មើល​ឃើញ​ថា សាំង សីហា និង ហួត លយរស្មី ហាក់​មាន​សមត្ថភាព នៅ​ទាប​ជាង​អត្តពលិក​​របស់​ប្រទេស​មួយ​ចំនួន​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ខាង​មុខ​នេះ។

លោក Pierre Yves Catry បាន​និយាយ​ថា៖​ «យើង​បាន​ធ្វើ​ការ​ហ្វឹកហាត់​ខ្លាំង សម្រាប់​ការ​ត្រៀម​ប្រកួត​ស៊ីហ្គេម​លើក​នេះ ហើយ​តាមរយៈ​ការ​ប្រកួត​ថ្ងៃ​​នេះ ខ្ញុំ​អាច​វាយ​តម្លៃ​បាន​ថា កីឡាករ​យើង​ទាំង ​២ នាក់ ធ្វើ​បាន​ល្អ។ ទោះ​យ៉ាងណា ​បើ​ប្រៀបធៀប​សមត្ថភាព​របស់​ពួក​គេ ​ទៅ​នឹង​កម្រិត​អាស៊ាន គឺ​យើង​ហាក់​នៅ​ក្រោម​គេ​បន្តិច ដោយ​​ក្នុង​នោះ ថៃ ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ជា​ក្រុមខ្លាំង ដែល​យើង​ពិបាក​នឹង​ប្រជែង ប៉ុន្តែ​​យើង​អាច​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម ជា​ដើម»៕